មិនចង់ឲ្យសុខភាពធ្លាក់ចុះ ប្រញាប់បោះទម្លាប់ទាំងនេះចោលឲ្យអស់!

//s6.kh1.co/e3/e3347cc6585069f183e3331e7c5ee69414cf31d7.jpg
នារី

 ០៧-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ទម្លាប់ល្អ​ប្រចាំថ្ងៃ​របស់​មនុស្ស​ម្នាក់​ៗ​អាច​ធ្វើឲ្យ​សុខភាព​រឹងមាំ មិន​សូវ​មាន​ជំងឺ​ឈឺថ្កាត់ ផ្ទុយទៅ​វិញ បើ​គ្នាយើង​​មាន​ទម្លាប់​ដូច​ខាងក្រោម សុខភាព​មិន​សូវ​ល្អ​នោះ​ទេ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឬទ្ធី​គុណ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- ញ៉ាំ​អាហារ​ផ្ដេសផ្ដាស

អ្នក​ចូលចិត្ត​ញ៉ាំ​អាហារ​ដែល​គ្មាន​អនាម័យ ឬ​អាហារ​លក់​តាម​ផ្លូវ​មាន​ដី​ហុយ ​រុយរោម អាច​នាំឲ្យ​មាន​បញ្ហា​ពោះវៀន-ក្រពះ ព្រោះ​អាហារ​ទាំង​នោះ​អាច​ធ្វើឲ្យ​រាករូស។ ក្រៅ​ពី​នោះ​អាហារ​ដែល​ដាក់​លក់​ស្រាប់ និង​មាន​តម្លៃ​ថោក ហើយ​ប្រើ​គ្រឿងផ្សំ​គ្មាន​គុណភាព ក៏​ជា​មូលហេតុ​សំខាន់​នាំឲ្យ​សុខភាព​ធ្លាក់​ចុះ​ផង​ដែរ។

២- ស្រូប​ជាតិ​ពុល​ច្រើន

ទាំង​អ្នក​ជក់ ទាំង​អ្នក​នៅ​ជិត​អ្នក​ជក់​បារី តិច​ឬ​ច្រើន​នឹង​ស្រូបផ្សែបារី​ចូល​ទៅ​ក្នុង​សួត ដូចនេះ​ហើយ​ពួកគេ​អាច​មាន​ជំងឺ​រលាក​សួត និង​ជំងឺ​បេះដូង។ ជាតិ​នីកូទីន និង​កាបូនម៉ូណូអុកសុីត ធ្វើ​ឲ្យ​សង្វាក់​បេះដូង និង​សម្ពាធ​ឈាម​កើន​ឡើង ជាហេតុ​ធ្វើ​ឲ្យ​បេះដូង និង​សរសៃ​ឈាម​ប្រឹង​ធ្វើការ​ហួស​កម្រិត។ នៅ​ពេល​ដែល​បេះដូង និង​សរសៃ​ឈាមបេះដូង​ប្រឹង​ធ្វើការ​ហួស​កម្រិត​ដូច្នេះ វា​ជា​មូលហេតុ​អាច​ធ្វើ​ឲ្យ​គាំង​បេះដូង និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។ ក្រៅពី​នោះ​អ្នក​ចូលចិត្ត​ផឹក​ស្រា និង​អ្នក​​រស់នៅ​កន្លែង​មាន​ជាតិ​គីមី និង​ផ្សែង​ពុល​ច្រើន ក៏​មិន​សូវ​ខុស​គ្នា​ដែរ។

៣- មិន​ដែល​បញ្ចេញ​ជាតិ​ពុល​ពី​ខ្លួន

អ្នក​ដែល​គ្មាន​ទម្លាប់​ហាត់​ប្រាណ ឬ​ធ្វើ​ការងារ​បញ្ចេញ​ញើស-ជាតិ​ពុល​ពី​ក្នុង​ខ្លួន​ ធ្វើឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ទន់​ខ្សោយ ដែល​នេះ​ជា​សញ្ញា​ដំបូង​បង្ហាញ​ពី​ការ​មាន​ជាតិ​ពុល​កើន​ឡើង​នៅ​ក្នុង​រាងកាយ​លើស​លប់។

៤- ញ៉ាំអាហារ​ផ្អាប់ ជូរ ហឹរ

ពពួក​អាហារ​ផ្អាប់​មិន​សូវ​ល្អ​ចំពោះ​សុខភាព​ឡើយ វា​អាច​បណ្ដាល​មាន​ជំងឺ​រលាក​ក្រពះ-ពោះវៀន ព្រោះ​វា​ច្រើនតែ​មាន​មេរោគ​ផ្សិត​ជា​ដើមហេតុ​បង្ក​ការ​រាករូស និង​ក្អួត​ចង្អោរ។ ចំណែក​អាហារ​ដែល​ជូរ និង​ហឹរ​ពេក​ធ្វើឲ្យ​រលាក​ក្រពះ ហើយ​ពេល​ខ្លះ​ឈាន​ដល់​ដំណាក់កាល​ដំបៅ​ថែម​ទៀត​ផង។

៥- មិន​សូវ​ផឹក​ទឹក

បញ្ហា​ដែល​ឃើញ​ផ្ទាល់​ភ្នែក​នោះ គឺ​ស្បែក និង​បបូរមាត់​ស្ងួត ហើយ​បញ្ហា​សំខាន់​គឺ​ឈឺ​សន្លាក់ ព្រោះ​ឆ្អឹងខ្ចី និង​ឆ្អឹងខ្នង​ត្រូវការ​ជាតិ​ទឹក​ប្រមាណ ៦០-៨០ ភាគរយ។ ទឹក​ចាំបាច់​ណាស់​កុំឲ្យ​ឆ្អឹង​សង្កៀត​គ្នា​នៅ​ពេល​ធ្វើ​ចលនា ។ ដូច្នេះ​ប្រសិនបើ​យើងញ៉ាំទឹក​មិន​បាន​គ្រប់គ្រាន់​ទេ​នោះ ​នឹង​ជួប​ប្រទះ​បញ្ហា​ឈឺ​សន្លាក់ ក្រោយ​ពេល​បញ្ចេញ​កាយវិការ​ដើរ រត់ ឬ​លោត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T