ម៉ាឡេស៊ី៖ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ បុរសជនជាតិម៉ាឡេស៊ីពីរនាក់ បានបោះឆ្មាញីពោះធំមួយក្បាល ចូលទៅក្នុងម៉ាស៊ីនបោកខោអាវ បណ្ដាលឲ្យងាប់យ៉ាងអណោចអាធ័ម ហើយថ្មីៗនេះទើបតែចេញលទ្ធផលនៃការកាត់ក្ដី។

យោងតាមវីដេអូដែលថតដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា បុរសម្នាក់បានបើកគំរបម៉ាស៊ីនបោកខោអាវ ចំណែកបុរសម្នាក់ទៀត បានដើរទៅចាប់ឆ្មាញីពោះធំមួយក្បាល ដែលកំពុងដេកនៅក្រោមតុ រួចបោះចូលទៅក្នុងម៉ាស៊ីនបោកខោអាវនោះ។ បន្ទាប់មកក៏ចុចប៊ូតុងដំណើរការម៉ាស៊ីន ហើយក៏ដើរទៅជជែកគ្នាលេងយ៉ាងព្រងើយ។

ប្រភពបានឲ្យដឹងថា វេលាម៉ោង១០:៣០នាទីព្រឹកក្នុងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ម្ចាស់ហាងបានទូរស័ព្ទទៅប្ដឹងប៉ូលិស ក្រោយពីភ្ញៀវដែលចូលទៅបោកខោអាវ ប្រទះឃើញសាកសពឆ្មានៅក្នុងម៉ាស៊ីន។

លោក Arie Swi Andika ជាប្រធានសមាគមសត្វបានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុមានបុរសចំនួនបីនាក់ចូលទៅបោកខោអាវក្នុងហាង ប៉ុន្ដែបុរសពីរនាក់ប៉ុណ្ណោះដែលប្រព្រឹត្តសកម្មភាពព្រៃផ្សៃទៅលើឆ្មា ចំណែកបុរសម្នាក់ទៀតបែរជាឈរមើល។

ប្រភពបានបន្ដថា លុះមកដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ បុរសពីរនាក់នោះត្រូវបានប៉ូលិសចាប់ខ្លួន ចំណែកបុរសម្នាក់ទៀតបានរត់គេចខ្លួនបាត់។

បើយោងតាមច្បាប់របស់ប្រទេសម៉ាឡេស៊ីដែលបានចែងក្នុងដើមខែកក្កដា ឆ្នាំ២០១៧ ចំពោះបុគ្គលណាបំពានទៅសត្វ នោះនឹងប្រឈមជាប់ពន្ធនាគារលើសពី៣ឆ្នាំ ឬត្រូវពិន័យជាទឹកប្រាក់ចំនួន១០០,០០០រីងហ្គីត (ប្រមាណ២៤,១២០ដុល្លារអាមេរិក)។

យ៉ាងណាមិញ កាលពីថ្ងៃទី៥ ខែវិឆ្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ​ ក្រោយពីជំនុំជម្រះនៅតុលាការរួចមក បុរសពីរនាក់ដែលជាជនល្មើសសម្លាប់ឆ្មាត្រូវបានកាត់ទោសជាប់ពន្ធនាគារចំនួន៣៤ខែ និងពិន័យជាទឹកប្រាក់ចំនួន៤០,០០០រីងហ្គីត (ប្រមាណ៩,៦៤៨ដុល្លារអាមេរិក)។ ចំណែកបុរសម្នាក់ទៀត ត្រូវបានខាងតុលាការលើកលែងទោសឲ្យមានសេរីភាព៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សកម្មភាពចាប់ឆ្មា
សកម្មភាពចាប់ឆ្មា
បុរសទាំងបី
សាកសពឆ្មា
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]