ស្ងាត់ៗ! ក្រុមហ៊ុន OPPO និង Ericsson បើកដំណើរការបន្ទប់ពិសោធន៍ 5G រួមគ្នា!

//s5.kh1.co/15/15276aa0e1ee8ae021e53c02056ae98632c238ba.jpg
បច្ចេកវិទ្យា

 ០៧-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រុមហ៊ុន OPPO បានប្រកាសបើកដំណើរការមន្ទីរពិសោធន៍រួមគ្នា ជាមួយក្រុមហ៊ុន Ericsson ដែលជាក្រុមហ៊ុនព័ត៌មានវិទ្យា និងទូរគមនាគមន៍ឈានមុខគេ កាលពីថ្ងៃទី៥ វិច្ឆិកា ២០១៩ នៅទីក្រុង Shenzhen ប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មន្ទីរពិសោធន៍ថ្មីនេះនឹងជួយរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាសកលរវាងក្រុមហ៊ុន OPPO និង Ericsson ឲ្យកាន់តែជិតស្និទ្ធ តាមរយៈការចែករំលែកគ្នាទៅវិញទៅមកនៃបច្ចេកវិទ្យាចុងក្រោយ 5G ហើយនឹងជួយបង្កើនប្រសិទ្ធភាពផលិតផល 5G និងពន្លឿនដំណើរការបណ្តាញ network ទ្រង់ទ្រាយធំនៃ 5G នៅទូទាំងពិភពលោក។

លោក Andy Wu អគ្គនាយករង និងប្រធានផ្នែកវិស្វកម្ម Software ប្រចាំក្រុមហ៊ុន OPPO បានឲ្យដឹងថា៖​

«ពួកយើងពិតជារំភើបរីករាយក្រៃលែង ក្នុងការបើកដំណើរការ មន្ទីរពិសោធន៍ 5G រួមគ្នាជាមួយក្រុមហ៊ុន Ericsson។ គំនិតផ្តួចផ្តើមនេះ គឺជាកម្លាំងចលករនៃការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាប្រព័ន្ធ 5G និងបណ្តាញប្រតិបត្តិករ (Operator) ទូទាំងពិភពលោក របស់ក្រុមហ៊ុន Ericsson ជាមួយនឹងក្រុមហ៊ុន OPPO ដែលមានជំនាញ និងបទពិសោធន៍ស្តង់ដារផ្នែកបច្ចេកវិទ្យា 5G  និងគម្រោងការនៃកម្មវិធីបច្ចេកវិទ្យាផ្សេងៗ។ យើងនឹងធ្វើការងាររួមគ្នា ដើម្បីពុះពាររាល់ឩបសគ្គ ដើម្បីក្លាយជាក្រុមហ៊ុននាំមុខក្នុងយុគសម័យបច្ចេកវិទ្យា 5G ក្នុងការផ្គត់ផ្គង់ផលិតផលបច្ចេកវិទ្យា 5G កាន់តែល្អ និងបទពិសោធន៍ថ្មីសន្លាងសម្រាប់អ្នកប្រើប្រាស់ជុំវិញពិភពលោក»។

ទន្ទឹមនឹងនេះ លោក Luca Orsini អគ្គនាយករង និងជាប្រធានផ្នែកទីផ្សារ Network អាស៊ីភាគីឦសាននៃក្រុមហ៊ុន Ericsson បាននិយាយថា៖

«ភាពជាដៃគូនេះ គឺជាយុទ្ធសាស្ត្រដ៏មានសារៈសំខាន់បំផុតសម្រាប់ក្រុមហ៊ុន Ericsson និង OPPO។ វាគឺជាការឆ្លុះបញ្ចាំងនូវភាពចម្រុះនៃប្រព័ន្ធអេកូឡូស៊ី 5G និងការច្នៃប្រឌិតផលិតនូវផលិតផលបច្ចេកវិទ្យាថ្មី និងមានតម្លៃសម្រាប់ទីផ្សារ»។

ក្រុមហ៊ុន OPPO និង Ericsson បើកដំណើរការបន្ទប់ពិសោធន៍ 5G រួមគ្នា
ក្រុមហ៊ុន OPPO និង Ericsson បើកដំណើរការបន្ទប់ពិសោធន៍ 5G រួមគ្នា

សូមរំលឹកថា ក្រុមហ៊ុនទាំងពីរនេះបានកំពុងធ្វើការយ៉ាងជិតស្និទ្ធ តាមរយៈការចុះហត្ថលេខា លើកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណប៉ាតង់ជាសកលក្នុងការអភិវឌ្ឍន៍ និងសាកល្បងបច្ចេកវិទ្យា 5G កាលត្រីមាសទី៣ ឆ្នាំ២០១៨។ កាលពីដើមឆ្នាំ២០១៩ នៅក្នុងកម្មវិធី MWC OPPO និង Ericsson បានចាប់ដៃគ្នា ដាក់បង្ហាញផលិតផលថ្មីស្មាតហ្វូន 5G

នៅក្នុងយុគសម័យ 5G ក្រុមហ៊ុន OPPO នឹងបន្តវិនិយោគលើការអភិវឌ្ឍផលិតផល ការស្រាវជ្រាវបច្ចេកវិទ្យាស្តង់ដារ និងកម្មវិធីសម្រាប់ 5G តាមរយៈភាពជាដៃគូដូចជាក្រុមហ៊ុន Ericsson ដើម្បីស្វែងរកសក្តានុពលដ៏អស្ចារ្យនៃ 5G និងនាំមកនូវតម្លៃច្នៃប្រឌិតរបស់ខ្លួន ដល់អតិថិជននៅជុំវិញពិភពលោក។ យើងកំពុងតែរងចាំអ៊ុតមើលថា តើក្រុមហ៊ុន OPPO នឹងបង្ហាញនូវបច្ចេកវិទ្យា 5G លើស្មាតហ្វូនត្រកូលអ្វីខ្លះ ហើយនឹងបង្ហាញវត្តមានជាផ្លូវការនៅកម្ពុជាពេលណាដែរ៕ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T