ក្រុមហ៊ុនថែទាំសុខភាពចល័ត ម៉ាច់ និងសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ចុះ MoU បណ្តុះបណ្តាលបន្តជំនាញគិលានុបដ្ឋាក!

//s4.kh1.co/67/67e7e716e94194c461d58891e189d7e65e1befe2.jpg
សង្គម

 ០៧-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រុមហ៊ុនថែទាំសុខភាពចល័ត ម៉ាច់ (MUCH Mobile Health Care) ហៅកាត់ថា MUCH បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ស្តីពី៖ «កម្មវិធីបណ្តុះបណ្តាលជំនាញគិលានុបដ្ឋាកការគ្រប់គ្រងថែទាំអ្នកជំងឺ» ដល់បុគ្គលិកជំនាញគិលានុបដ្ឋាកនៅតាមស្ថាប័នរដ្ឋ និងឯកជន និងនិស្សិតដែលទើបបានបញ្ចប់ការសិក្សាជំនាញគិលានុបដ្ឋាកនៅតាមសាកលវិទ្យាល័យនៅកម្ពុជា។ វគ្គបណ្តុះបណ្តាលបន្តនេះនឹងផ្តល់នូវជំនាញគិលានុបដ្ឋាកស្តង់ដារមួយ ដើម្បីឲ្យសិក្ខាកាមមានជំនាញច្បាស់លាស់ដែលអាចទៅធ្វើការនៅស្ថាប័ននានា ទាំងក្នុងស្រុក និងក្រៅប្រទេសប្រកបដោយទំនុកចិត្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ប៉ិច សុភា ប្រធានចាត់ការទូទៅនៃក្រុមហ៊ុនថែទាំសុខភាពចល័ត ហៅកាត់ថា (MUCH) បានថ្លែងថា អនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុនថែទាំសុខភាពចល័ត ម៉ាច់ និងសាកលវិទ្យាល័យពុទ្ធិសាស្រ្តនេះ ត្រូវបានបង្កើតឡើងដើម្បីផ្តល់ចំណេះដឹង និងជំនាញពិតប្រាកដដល់សិក្ខាកាម ដើម្បីឆ្លើយតបតាមតម្រូវការបច្ចុប្បន្ន និង​ពេលអនាគត។ វគ្គបណ្តុះបណ្តាលបន្តនេះ ក៏មានគោដៅធ្វើបច្ចុប្បន្នភាព ចំណេះដឹង ជំនាញថ្មីៗដល់គិលានុបដ្ឋាក ស្របទៅតាមលក្ខខណ្ឌតម្រូវនៃច្បាប់របស់ប្រទេសយើង ក៏ដូចជាក្នុងតំបន់។

លោកបញ្ជាក់យ៉ាងដូច្នេះថា៖

«ប្រទេសយើងមានច្បាប់៖ ព្រះរាជក្រមស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាលដែលរដ្ឋសភាបានបានអនុម័តកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ នាសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៥ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នាសម័យប្រជុំពេញអង្គលើកទី៩ និតីកាលទី៣ (ច្បាប់នេះមាន៩ជំពូក និង៣៥មាត្រា)»។

លោក ប៉ិច សុភា ប្រធានចាត់ការទូទៅ
លោក ប៉ិច សុភា ប្រធានចាត់ការទូទៅ

អនុលោមតាមច្បាប់ស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល គណៈគិលានុបដ្ឋាក មានតួនាទី ជានិយតករក្នុងការបង្កើតលក្ខខណ្ឌតម្រូវនានា សម្រាប់អ្នកវិជ្ជាជីវៈ និងអ្នកប្រកបវិជ្ជាជីវៈ សុខាភិបាលក្នុងការផ្តល់សេវាប្រកបដោយសុវត្ថិភាព ។​

តួនាទីទាំងនេះរួមមាន៖

• ចុះបញ្ជិកាអ្នកវិជ្ជាជីវៈសុខាភិបាលទាំងអស់
• ចេញអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈរយៈពេល៣ឆ្នាំ ចំពោះអ្នកវិជ្ជាជីវៈសុខាភិបាលទាំងឡាយណា ដែលបានចុះបញ្ជិការួចហើយ
• ធានាថាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលដែលបានចុះបញ្ជិកា និងមានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈទាំងអស់ បំពេញតាមលក្ខខណ្ឌតម្រូវអប្បបរមា ដើម្បីបន្តអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈរបស់ខ្លួនយ៉ាងទៀងទាត់តម្រូវឱ្យមានការអភិវឌ្ឍវិជ្ជាជីវៈបន្ត (បណ្តុះបណ្តាលជំនាញបន្ត)។
• គ្រប់គ្រងការប្រកបវិជ្ជាជីវៈរបស់អ្នកវិជ្ជាជីវៈសុខាភិបាល និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលតាមរយៈ ការបង្កើតក្រម សេចក្តីសម្រេច និយាម គោលការណ៍ណែនាំ និងបទដ្ឋាននានា របស់ គណៈគិលានុបដ្ឋាកសម្រាប់ការប្រកបវិជ្ជាជីវៈសុខាភិបាល។

លោក ប៉ិច សុភា បានអះអាងថា បច្ចុប្បន្ននិស្សិតចុះឈ្មោះចូលរៀនជំនាញគិលានុបដ្ឋាកនៅកម្ពុជាមានចំនួនតិច ខណៈតម្រូវការនៃវិជ្ជាជីវៈនេះ កំពុងមានតម្រូវការច្រើន។ បើតាមអ្នកជំនាញរូបនេះ បន្ទាប់ពីក្រុមហ៊ុនថែទាំសុខភាពចល័ត ម៉ាច់​ ដំណើរការមានអតិថិជនគាំទ្រច្រើន ប៉ុន្តែខ្វះគិលានុបដ្ឋាកដែលមានជំនាញច្បាស់លាស់ ដែលអាចធ្វើការជាមួយអតិថិជនបាន។ លោកបានរៀបរាប់ថា ការងារជាគិលានុបដ្ឋាកជាការងារដ៏មានសារៈសំខាន់ ព្រោះគាត់នៅថែទាំអ្នកជំងឺច្រើនជាងវេជ្ជបណ្ឌិតទៅទៀត។ ហេតុនេះទើបក្រុមហ៊ុនបានសហការជាមួយសាកលវិទ្យាល័យពុទ្ធិសាស្រ្ត បង្កើតវគ្គបណ្តុះបណ្តាលនេះ ដើម្បីបំផុសឲ្យនិស្សិតស្រឡាញ់ការងារនេះ និងចាប់អារម្មណ៍ចូលរៀនជំនាញនេះឲ្យបានកាន់តែច្រើន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារដែលកំពុងខ្វះខាត។

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ ​

«យើងជាក្រុមហ៊ុនឯកជន យើងធ្វើទៅគឺមានការគាំទ្រពីអតិថិជន។ អតិថិជនហ្នឹង លំដាប់ខ្ពស់ មានទាំងក្នុងស្រុក និងក្រៅស្រុក។ ពេលយើងផ្តល់សេវា គឺគុណភាពរបស់យើងត្រូវបានគេទទួលស្គាល់។ ដូច្នេះ យើងបានជជែកជាមួយសាកលវិទ្យាល័យពុទ្ធិសាស្រ្តយកបទពិសោធន៍នៃការអនុវត្តន៍ល្អៗហ្នឹង បញ្ចូលទៅក្នុងកម្មវិធីសិក្សា ដើម្បីឲ្យការអប់រំរបស់យើង ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង»។

បើតាមលោក ប៉ិច សុភា MoU នេះ នឹងបង្កើតឲ្យមានវគ្គបណ្តុះបណ្តាលជាច្រើនវគ្គ ដោយក្នុងមួយវគ្គមានរយៈពេល៦ខែ ដោយធ្វើនៅចុងសប្តាហ៍។ នៅពេលសិក្ខាកាមបញ្ចប់ការសិក្សា ពួកគេនឹងមានសមត្ថភាពពេញលេញ ដែលអាចចូលមកធ្វើការជាមួយក្រុមហ៊ុនថែទាំសុខភាពចល័ត ម៉ាច់ ឬដៃគូរបស់ក្រុមហ៊ុនទាំងក្នុងស្រុក និងក្រៅប្រទេស ឬក៏អាចទៅធ្វើការនៅស្ថាប័នផ្សេងៗទៀត។

លោក អ៊ុន សាន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជាបានថ្លែងថា អនុស្សរណៈយោគយល់គ្នារវាងសាកលវិទ្យាល័យពុទ្ធិសាស្រ្ត និងក្រុមហ៊ុនថែទាំចល័ត ម៉ាច់ (MUCHs)នៅថ្ងៃនេះ បានបង្ហាញនូវឆន្ទៈនិងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់គិលានុបដ្ឋាកក្នុងការចូលរួមចំណែកអភិវឌ្ឍជំនាញវិជ្ជាជីវៈសំដៅធ្វើឲ្យមានការរីកចម្រើននៅក្នុងសង្គមជាតិ តាមរយៈការចូលរួមដោះស្រាយបញ្ហាសុខភាពចម្បងៗដែលកំពុងប្រឈមមុខ ដូចជា៖ កំណើននៃជំងឺមិនឆ្លង ការបង្ករោគ  ជំងឺមនុស្សចាស់ជរា និងជាពិសេសបញ្ហាកង្វះកម្លាំងពលកម្មគិលានុបដ្ឋាកនៅពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត នៅក្នុងប្រទេស តំបន់ និងទូទាំងពិភពលោក។

បើតាមលោក អ៊ុន សាន គិលានុបដ្ឋាក គឺជាកម្លាំងពលកម្មធំជាងគេ ដែលមានចំនួន ៦០% នៅក្នុងប្រព័ន្ធសុខាភិបាលនៃប្រទេសកម្ពុជាទាំងមូល។ គិលានុបដ្ឋាកក៏ជាកម្លាំងចលកររបស់ក្រសួងសុខាភិបាលដែលជាអ្នកជំរុញឲ្យមានប្រសិទ្ធភាព ប្រសិទ្ធផល ក្នុងការផ្តល់សេវាថែទាំប្រកបដោយគុណភាព និងលើកកម្ពស់សុខភាពអ្នកជំងឺ និងប្រជាពលរដ្ឋ។

លោកបញ្ជាក់យ៉ាងដូច្នេះថា៖

«ខ្ញុំសូមសម្តែងការកោតសរសើរដោយស្មោះ និងថ្លែងអំណរគុណចំពោះរាល់ការប្រឹងប្រែងនៃសហភាតរៈដែលខំប្រឹងបំពេញការងារដ៍សែនលំបាក ជាពិសេសខ្ញុំសូមថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យពុទ្ធិសាស្រ្ត និងក្រុមហ៊ុនថែទាំសុខភាពចល័ត ម៉ាច់ផងដែរដែលបានរៀបចំកម្មវិធីបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ដោយបានផ្សារភ្ជាប់តម្រូវការវិជ្ជាជីវៈជាមួយនឹងកម្មវិធីបណ្តុះបណ្តាលបន្តនេះ សំដៅបង្កើនកម្រិតនៃជំនាញវិជ្ជាជីវៈថែទាំរបស់គិលានុបដ្ឋាកដើម្បីឆ្លើយតបឲ្យស្របតាមតម្រូវការជាក់ស្តែង ជាពិសេសដោះស្រាយបញ្ហាកង្វះធនធានគិលានុបដ្ឋាក»។

លោក អ៊ុន សាន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា
លោក អ៊ុន សាន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា

លោកបន្តថា ប្រព័ន្ធសុខាភិបាលពិភពលោកមិនអាចទទួលជោគជ័យបានឡើយ បើគ្មានគិលានុបដ្ឋាក និងបើគ្មានការចូលរួមយ៉ាងសកម្មរបស់ពួកគេក្នុងគ្រប់កម្រិតនៃប្រព័ន្ធសុខាភិបាល។ គិលានុបដ្ឋាកគឺជាអ្នកដែលបាននៅជាប់ជាមួយអតិថិជនក្នុងគ្រប់កំរិតនៃ គ្រឹះស្ថានថែទាំសុខភាព គ្រប់ស្រទាប់សង្គម។ គិលានុបដ្ឋាកពិតជាអ្នកដែលធ្វើឲ្យការកាត់បន្ថយតម្លៃសេវា និងលើកកម្ពស់គុណភាព នៃការថែទាំយ៉ាងពិតប្រាកដ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនថែទាំសុខភាពចល័ត ហៅកាត់ថា MUCH បានបង្កើតឡើងបានជាង៣ឆ្នាំមកហើយ និងទទួលបានគាំទ្រពីអតិថិជនជាច្រើនទាំងជនជាតិខ្មែរ និងបរទេស។ លើសពីនេះអ្នកស្រី ឌី ផនភិរម្យ សហស្ថាបនិក MUCH ក៏បានក្លាយជាសហគ្រិន Startup មួយក្នុងចំណោមក្រុមហ៊ុន៣ ដែលទទួលបានជ័យលាភីសហគ្រិនវ័យក្មេងប្រចាំឆ្នាំ២០១៧ ផងដែរ។

អ្នកស្រី ឌី ផនភិរម្យ សហស្ថាបនិក ក្រុមហ៊ុនថែទាំសុខភាពចល័ត
អ្នកស្រី ឌី ផនភិរម្យ សហស្ថាបនិក ក្រុមហ៊ុនថែទាំសុខភាពចល័ត

ក្រុមហ៊ុនថែទាំសុខភាពចល័ត ម៉ាច់ (MUCH) ប្រជុំដោយគិលានុបដ្ឋាកប្រកបដោយជំនាញវិជ្ជាជីវៈច្បាស់លាស់ និងមានក្រមសីលធម៌ៈវិជ្ជាជីវៈខ្ពស់ មានផ្តល់ជូននូវសេវាកម្មដូចជា៖ ថែទាំចាស់ជរា អ្នកជំងឺរ៉ាំរ៉ៃ ថែទាំសម្រន់បំបាត់កាឈឺចាប់ ថែទាំអ្នកជំងឺដែលសម្រាកនៅមន្ទីរពេទ្យ ថែទាំក្រោយចេញពីមន្ទីរពេទ្យ ថែទាំមាតុភាពដល់គេហដ្ឋាន និងពិគ្រោះព្យាបាលជំងឺដោយវេជ្ជបណ្ឌិតជំនាញដល់គេហដ្ឋាន និងស្តារលទ្ធភាពពលកម្ម កាយសម្បទា និង ព្យាបាលដោយចលនា៕   

ពិធីចុះ MoU បណ្តុះបណ្តាលបន្តជំនាញគិលានុបដ្ឋាក
ពិធីចុះ MoU បណ្តុះបណ្តាលបន្តជំនាញគិលានុបដ្ឋាក
ពិធីចុះ MoU បណ្តុះបណ្តាលបន្តជំនាញគិលានុបដ្ឋាក
ពិធីចុះ MoU បណ្តុះបណ្តាលបន្តជំនាញគិលានុបដ្ឋាក
ពិធីចុះ MoU បណ្តុះបណ្តាលបន្តជំនាញគិលានុបដ្ឋាក
ពិធីចុះ MoU បណ្តុះបណ្តាលបន្តជំនាញគិលានុបដ្ឋាក
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T