ថ្លើមធំម៉្លេះ! ហ៊ាន​យកទូរស័ព្ទអស់ជាង​៣០គ្រឿង​នៅមុខប៉ុស្តិ៍នគរបាល

//s6.kh1.co/ba/ba1dc829d07159dfa54ce985a293719edede062c.jpg
សង្គម

 ០៧-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

​ខេត្តកណ្ដាល ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឲ្យដឹងថា មាន​ករណី​ជនសង្ស័យ​កាត់ជញ្ជាំងតូប​លួចយកទូរស័ព្ទដៃ​អស់​ចំនួន​​​៣៥គ្រឿង ស្មើ​នឹង​ទឹកប្រាក់​ចំនួន​២​០០០ដុល្លារ បង្កការ​​ភ្ញាក់ផ្អើល​កើតឡើង​កាលពីវេលាម៉ោង៨​និ​ង៣០នាទីព្រឹកថ្ងៃទី៥ វិច្ឆិ​កា ឆ្នាំ២០១៩ នៅចំណុច​តូបលក់ទូរស័ព្ទយីហោ «ឈុនលាង​១៦៨» មានទីតាំង​មុខប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យធំ ស្ថិត​​ក្នុង​ភូមិជ័យតូច ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជនរងគ្រោះជាម្ចាស់តូប​ខាងលើ​ឈ្មោះ អាត ឈុនលាង ភេទ​ប្រុស អាយុ​២៦ឆ្នាំ មុខរបរ លក់ និងជួសជុលទូរស័ព្ទ មានទីលំនៅភូមិឈូក ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។ ចំណែក​សំភារ:ដែល​បាត់បង់​រួម​មាន ទូរស័ព្ទម៉ាក Oppo ចំនួន២០​គ្រឿង, ទូរស័ព្ទម៉ាក Vivo ចំនួន៣គ្រឿង និង​ទូរស័ព្ទម៉ាកណូគាអិនចុចពិល​ចំនួន​១២​គ្រឿង សរុបជា​ទឹកប្រាក់​ប្រមាណ​២.០០០​ដុល្លារ ។

​តាម​សេចក្តីរាយការណ៍​​បាន​បន្តថា ជនរងគ្រោះបានទៅជួលតូបលក់ទូរស័ព្ទនៅមុខប៉ុស្តិ៍នគរបាលជ័យធំអស់​រយៈពេលជាង១ឆ្នាំហើយ ។ ជារៀងរាល់ថ្ងៃក្រោយពី​លក់ទូរស័ព្ទហើយ ជនរងគ្រោះបានទុកទូរស័ព្ទក្នុងតូបចាក់សោ​ពីក្រៅ រួចទៅដេកផ្ទះនៅឯឃុំសន្លុង ។

តាមសេចក្តីរាយការណ៍​បាន​បន្ត​ថា លុះដល់​វេលាម៉ោង​៨​និង​៣០នាទី​​ព្រឹក​ថ្ងៃទី៥ ខែវិច្ឆិកា ជនរងគ្រោះបានទៅបើកតូបដើម្បីលក់ទូរស័ព្ទដូចសព្វដង ស្រាប់តែបាត់ទូរស័ព្ទអស់​​​៣៥គ្រឿង​ពីក្នុងទូតាំងលក់​តែម្តង ដោយជនសង្ស័យ​បាន​កាត់ជញ្ជាំងតូបលួចយក​ទូរស័ព្ទ បន្ទាប់​មក​​ជនរង​គ្រោះបានដើរចូលទៅប៉ុស្តិ៍​នគរ​ ដើម្បី​រាយការណ៍​​ឱ្យសមត្ថកិច្ច​មកពិនិត្យ​កន្លែងកើតហេតុ​។

ក្រោយពេល​ទទួលបានសេចក្តីរាយការណ៍​ខាងលើ​ភ្លាម សមត្ថ​កិច្ចបានចុះមកពិនិត្យ​កន្លែងកើតហេតុ ដោយ​ឃើញជញ្ជាំងដែលធ្វើពីស័ង្ក​សីចំហៀងខាងកើត​មានស្នាមកាត់មួយប្រឡោះទំហំ៣គុណ៥​តឹក​ ដែល​ជនសង្ស័យ​កាត់ចូលលួច​ទូរស័ព្ទទាំង​នោះ​ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យធំ ដើម្បីឲ្យសមត្ថ​កិច្ច​​តាមវែកមុខ​ជនសង្ស័យដើម្បី​​យកមកចាត់ការ​តាមច្បាប់​ ។ ​បន្ទាប់ពី​ទទួល​បាន​ពាក្យបណ្តឹងពីជនរងគ្រោះ​រួចមក សមត្ថ​កិច្ច​​កំពុងធ្វើការស្រាវជ្រាវ​លើករណីនេះ​ហើយ​៕

https://s4.kh1.co/__image/w=650,h=379,q=100/36/36890352b187a31ce6a52f67b66b7ed1903550a6.jpg
https://s5.kh1.co/__image/w=650,h=379,q=100/75/75832462cab7fa5fe85be0d6ccfb4db0a221ea7b.jpg
https://s5.kh1.co/__image/w=650,h=379,q=100/dc/dc01f45ac53643a0728979c2cb4e6d4327ea9d91.jpg
https://s6.kh1.co/__image/w=650,h=379,q=100/ef/ef279450a1be9d547a1df5e5a1d3f60c19368b27.jpg
https://s5.kh1.co/__image/w=650,h=379,q=100/dc/dc01f45ac53643a0728979c2cb4e6d4327ea9d91.jpg
https://s4.kh1.co/__image/w=650,h=379,q=100/c1/c14a5741bcfeec8c23b258b7d70682e473b9063b.jpg

ប្រភពកោះសន្តិភាព

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T