រាជធានីភ្នំពេញ ៖ មានការជជីកសួរដេញដោលគ្នាជុំវិញតារាចម្រៀង ករុណា ពេជ្រស្រាប់តែទិញដីធ្វើម៉ុងជូនលោកឪពុក បង្កឲ្យមានការដេញដោលសួរនាំ។ នេះប្រហែលជាមានមូលហេតុជាច្រើនហើយ បានជាលោករៀបចំរំលេចគម្រោងបែបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈហ្វេសប៊ុករបស់តារាចម្រៀង ករុណា ពេជ្រ ដែលកំពុងតែជួបព្យុះភ្លៀង រឿងលក់ផ្ទះមិនសមប្រកប រហូតដាច់ចិត្តទម្លាយតាមប្រព័ន្ធទំនាក់ទំនងសង្គម ជាច្រើនរឿងនោះ។ ស្រាប់តែថ្មីៗនេះ ករុណា ពេជ្រ បានធ្វើរឿងមួយដែលគ្រប់គ្នាដឹងហើយពិតជាហួសចិត្ត ដោយមិននឹកស្មានដល់ ប្រសិនបើមិនទាន់ដឹងការពិត។
ដោយកាលពីព្រឹកថ្ងៃអង្គារ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ស្រាប់តែឃើញតារាចម្រៀង ករុណា ពេជ្រ ទៅមើលប្លង់ដីមួយកន្លែងដែលលោកត្រៀមធ្វើម៉ុងសម្រាប់ពេលដែលលោកឱពុករបស់លោកចែកឋានទៅ។
ករុណា ពេជ្រ បានប្រាប់ថា ការធ្វើបែបនេះ មិនមែនជាការប្រមាថណាមួយសម្រាប់ជីវិតប៉ារបស់លោកឡើយ ពោលគឺលោកធ្វើឡើងសម្រាប់បណ្តាំចុងក្រោយ មុនពេលដែលប៉ារបស់ ករុណា ពេជ្រ ធ្លាក់ខ្លួនឈឺដាច់សរសៃឈាមខួរក្បាល រហូតពិការបែបនេះ។
ករុណា ពេជ្រ ប្រាប់បន្តថា នេះជាមូលហេតុដែលធ្វើឱ្យលោកដាច់ចិត្តធ្វើម៉ុង បើទោះជាពេលេនេះ ជំងឺរបស់ប៉ាលោកមិនបានធូរស្រាល ឬធ្ងន់ធ្ងរទៅមុខទៀត តែលោកថា ធ្វើបែបនេះ ទាន់ប៉ាលោកនៅបើកភ្នែកមើលឃើញ ទោះបីគាត់មិនបានដឹងឮក្តី។
ហើយហ្វេសប៊ុករបស់ ករុណា ពេជ្រ បានសរសេររៀបរាប់ថា «បន្ទាប់ពីការព្យាបាលដោយគ្រូពេទ្យ ថ្នាំពេទ្យ ការព្យាបាលបែបចលនា រៀបចំតាមព្រះពុទ្ធសាសនា អស់រយៈពេលជិតពីរឆ្នាំហើយ គឺកូនមិនអស់សង្ឃឹមឡើយ… ។ នៅពេលនេះ កូនឆ្លៀតពេលសំរេចបំណងតាមបណ្តាំចុងក្រោយរបស់ប៉ាមួយ ក្នុងចំណោម៣ទៀតដែលប៉ាចង់បាន និងផ្តាំកូនមុនពេលប៉ាដាច់សរសៃឈាមខួរក្បាល…។ ពេលនេះ កូនព្យាយាមធ្វើអ្វីដែលអាចធ្វើទៅបានតាមអ្វីដែលប៉ាចង់បាន គឺថ្ងៃចុងក្រោយរបស់ប៉ា ប៉ាប្រាប់ថា ចង់មកនៅជិតយាយ នៅភូមិខ្សាច់ស ខេត្តព្រៃវែង….។
ពេលនេះកូនរកកន្លែងដែលល្អសំរាប់ប៉ាបានហើយ…. ហើយកូននឹងព្យាយាមរៀបចំកន្លែងមួយនេះឱ្យបានស្អាតសាកសមជូនប៉ា… ហើយកូនធ្វើនេះមិនមែនមានបំណងប្រមាថអាយុជីវិតប៉ាទេ ប៉ុន្តែចង់ឱ្យប៉ាឃើញនៅនឹងភ្នែក ព្រោះទាន់ប៉ានៅបើកភ្នែក ទោះបីប៉ាមិនទាន់ដឹងអ្វីទាំងអស់ក៏ដោយ ហើយកូនសង្ឃឹមថា ពេលរៀបចំជូនប៉ារួចហើយ អ្វីៗនឹងចំលងគ្រោះប៉ាឱ្យអស់ ហើយប៉ាបាននៅក្បែរកូនបានយូរបន្តទៀត… ទោះបីពេលនេះប៉ាមិនស្គាល់កូន និយាយមិនកើត ក៏កូននៅតែភាពកក់ក្តៅដដែល ព្រោះប៉ានៅជិតកូន កូននៅឃើញមុខប៉ាដដែល ណាប៉ាណា…។
ទោះបីទង្វើមួយនេះ កូនសឹងតែទទួលយកមិនបាន ប៉ុន្តែកូននៅតែត្រៀមចិត្តទទួលយកគ្រប់ហេតុការណ៍ដែលត្រៀមនឹងកើតឡើងចំពោះកូននាពេលខាងមុខ… ហើយបើខ្ញុំពិតជារើសដីកន្លែងនេះល្អ ហុងស៊ុយល្អជូនប៉ាខ្ញុំ សូមឱ្យមានអភិនិហា គុណនៃ ទឹក ដី ភ្លើង ខ្យល់ កន្លែងដីជួយដល់ប៉ាខ្ញុំផង …»។
សូមរំលឹកថា គិតមកដល់ពេលនេះ ប៉ារបស់តារាចម្រៀង ករុណា ពេជ្រ បានធ្លាក់ខ្លួនពិការ ក្រោយពេលដែលមានជំងឺដាច់សរសៃឈាមខួរក្បាល កាលពី២ប៉ុន្មានឆ្នាំមុន។ ហើយមហាជនជាច្រើនបានសម្តែងការអាណិតលោក ករុណា ពេជ្រ ដែលត្រូវជួបរឿងបែបនេះហើយខ្លះថា កូនល្អដឹងគុណឪពុកម្តាយ ពិតជាទេវតាតាមថែឱ្យជួបតែរឿងល្អៗក្នុងជីវិត។
ប្រភព៖ កោះសន្តិភាព