សិង្ហបុរី៖ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧កន្លងទៅនេះ នៅឯសិង្ហបុរី មានករណីវេជ្ជបណ្ឌិតម្នាក់ ខឹងមិត្តស្រីមិនព្រមរួមភេទជាមួយ វាយនាងរហូតដល់ជាំហើមពេញផ្ទៃមុខ ហើយថ្មីៗនេះ ទើបតែខាងតុលាការបើកការជំនុំជម្រះក្ដី។

ប្រភពបានឲ្យដឹងថា វេជ្ជបណ្ឌិតរូបនោះមានឈ្មោះថា Teo Shun Jie អាយុ៣៥ឆ្នាំ និងមិត្តស្រីរបស់គាត់ឈ្មោះថា Rachel Lim អាយុ២៧ឆ្នាំ។ ពួកគេទាំងពីរបានស្គាល់គ្នាតាម​រយៈ​កម្មវិធីមួយនៅលើទូរស័ព្ទ និងចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយគ្នានៅក្នុងខែកុម្ភៈ ឆ្នាំ២០១៧។ នាង Lim មិនបានដឹងទេថា លោក Teo ជាមនុស្សចូលចិត្តផឹកស្រា និងញៀនគ្រឿងស្រវឹង។

ប្រភពបានបន្ដថា នៅក្នុងរបាយការណ៍របស់ប៉ូលិស ដែលនាង Lim ដាក់ពាក្យបណ្ដឹងបានឲ្យដឹងថា លោក Teo បានដាល់ទៅលើរាងកាយរបស់នាងជាច្រើនដៃនៅក្នុងថ្ងៃទី១២ ខែមីនា ២០១៧ ព្រោះតែខឹងអំពីទំនាក់ទំនងស្នេហាចាស់របស់នាង។ លោក Teo បានសុំទោស ហើយនាងក៏បានលើកលែងទោសឲ្យ ប៉ុន្ដែការប្រើហិង្សានៅតែកើតមានម្ដងទៀតនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ នៅក្នុងរថយន្ដ ដោយលោក Teo ចាក់ទឹកផ្លែឈើទៅលើខ្លួននាង និងបើកម៉ាស៊ីនត្រជាក់ធ្វើឲ្យនាងរងារ។

នាង Lim បានឲ្យដឹងដែរថា នៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ពួកគេទាំងពីរបានចេញទៅក្រៅផឹកស្រាចំនួនបីកន្លែងជាមួយគ្នា និងបានត្រលប់ទៅផ្ទះលោក Teo វិញពេលរំលងអាធ្រាត្រ។ លុះដល់វេលាម៉ោង២:០០ទាបភ្លឺក្នុងថ្ងៃទី២៧ លោក Teo មានចិត្តប្រចណ្ឌ និងប្រែជាឆេវឆាវនៅពេលនាងបង្ហាញភាពស្ទាក់ស្ទើរក្នុងការមិនព្រមរួមភេទជាមួយគាត់។ នៅពេលដែលនាងព្យាយាមរត់គេចចេញពីបន្ទប់ លោក Teo បានដេញតាមនាង ដោយចាប់អូសឲ្យចូលបន្ទប់វិញ និងចាក់សោរ។ បន្ទាប់មក លោក Teo បានដាល់ផ្ទៃមុខរបស់នាងជាច្រើនដៃ និងចាប់ក្បាលអុកទៅនឹងជញ្ជាំង បណ្ដាលឲ្យមុខរបស់នាងជាំហើមយ៉ាងខ្លាំង។ លុះវេលាម៉ោង៤:០០ទាបភ្លឺក្នុងថ្ងៃដដែល ទើបឪពុករបស់លោក Teo បានទូរស័ព្ទរាយការណ៍ទៅកាន់ប៉ូលិស។

ក្រោយពីប៉ូលិសចុះទៅដល់ទីតាំងកើតហេតុរួចមក លោក Teo ត្រូវបានចាប់ឃាត់ខ្លួន ចំណែកនាង Lim ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យព្យាបាលរបួស​​ និងចំណាយអស់​រយៈ​ពេល២១ថ្ងៃទើបជាសះស្បាយឡើងវិញ។

យ៉ាងណាមិញ កាលពីថ្ងៃទី៤ ខែវិឆ្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ បន្ទាប់ពីការជំនុំជម្រះក្ដីរបស់តុលារការរួចមក លោក Teo នឹងត្រូវប្រឈមជាប់ពន្ធនាគារលើសពី​១០ឆ្នាំ​ និងត្រូវវាយដោយរំពាក់ទៀតផង៕

តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ?

សូមទស្សនារូបភាពខាងក្រោម៖

នាង LIm
នាង LIm
នាង LIm
លោក Teo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]