ក្រ​ដោយ​មិន​ដឹងខ្លួន ប្រសិនជា​អ្នក​មាន​ទម្លាប់ទាំងនេះ!

//s4.kh1.co/37/376685e4efb5ebda2b061ff8bd0e7a4ab8c055aa.jpg
យល់ដឹង

 ០៦-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

តើអ្នក​តែងតែ​ដាច់​លុយ​ចុងខែ ឬជំពាក់​គេ​មិនចេះ​ចប់ដែរឬទេ? មួយ​ក្នុង​ចំណោម​ ៦ ចំណុច​ខាង​ក្រោមនេះ គឺ​ល្មម​គ្រប់​គ្រាន់​បណ្ដាល​ឲ្យ​អ្នក​ធ្លាក់​ខ្លួន​ក្រ​ដោយ​មិន​បាន​ដឹង​ខ្លួន។ ប្រសិន​ជា​អ្នកមាន​វា​ណាមួយ អ្នក​គួរ​តែពិចារណាឡើងវិញ​មុន​ពេល​ដែល​យឺត​ពេល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នក​គិត​ថា​វា​មិន​ទាន់​ដល់​ពេល​ដែល​ត្រូវ​សន្សំ​ប្រាក់

បើ​សិន​ជា​អ្នក​យល់​បែប​នេះ វា​ពិត​ជា​កំហុស​មួយ​ធ្ងន់​ណាស់។ ពាក្យ​ស្លោកអង់គ្លេស​មួយ​បាន​ពោលថា៖ «សន្សំ​មួយ​សេនស្មើ​នឹង​រក​បាន​មួយ​សេន»។ ពាក្យ​ថា «សន្សំ» ពុំ​មែន​ជា​គូនឹង​ពាក្យ​ថា «​លឿនពេក» នោះ​ឡើយ​តែ​វា​នៅ​ជាប់​កៀក​ជាមួយ​នឹង​ពាក្យថា «យឺតជ្រុល»។ ចូល​ចាប់​ផ្តើម​សន្សំ​នៅ​ថ្ងៃ​នេះ សម្រាប់​ភាព​ជោគ​ជ័យ​នៅ​ថ្ងៃ​ស្អែក មុន​នឹង​ពេល​វេលាធ្វើ​ឲ្យ​អ្នក​ស្តាយ​ក្រោយ។

ចំណូល​កាន់​តែ​ច្រើន ចាយ​កាន់​តែ​ច្រើន

ការ​បង្កើន​ចំណាយ​ស្រប​ពេល​ដែល​អ្នក​មាន​ចំណូល​កើន​ឡើង​គឺ​ជា​រឿង​ធម្មតា​ទេ។ ក៏​ប៉ុន្តែ​ ប្រសិន​ជា​អ្នក​ចេះ​តែ​អង្គុយ​នឹក​រករឿង​សប្បាយទាមទារឲ្យ​អ្នកត្រូវ​​ចំណាយរាល់ពេល​ដែល​ប្រាក់​ចំណូល​របស់​អ្នក​មាន​ការ​កើន​ឡើង មិន​យូរ​មិន​ឆាប់​អ្នក​គង់​តែ​នឹង​ជួប​បញ្ហា​ជា​មិន​ខាន។ អ្នក​ត្រូវ​រៀន​ទប់​អារម្មណ៍ និង​រក្សា​ការ​ចំណាយ​ឲ្យ​នៅ​កម្រិត​សមរម្យ បើ​មិន​ដូច្នោះទេ​ ទោះ​បី​ជា​អ្នកខិត​ខំ​ធ្វើ​ការ​មួយ​ជីវិត​ហើយ​មាន​ចំណូល​កើន​ឡើង​យ៉ាងណា ក៏ពុំ​អាច​មាន​ប្រាក់​សន្សំ​ពិត​ប្រាកដ​បាន​ដែរ។

គិតតែ​ពី​បច្ចុប្បន្ន​កាល ភ្លេច​ពី​អនាគតកាល

ជីវិត​របស់​មនុស្ស​យើង​ពុំ​មែន​រស់​សម្រាប់​តែ​ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក​នោះទេ។ យ៉ាងណា​មិញ ការ​ចំណាយ​ខ្ជះ​ខ្ជាយ​ទៅ​លើ​ការ​សប្បាយ​នៅ​ក្នុង​ជីវិត​រស់​នៅ​បច្ចុប្បន្ន គឺ​ជា​​កត្តា​ចម្បង​ដែល​ជំរុញ​​ឲ្យ​អ្នក​ឈាន​ទៅ​រក​ភាព​ក្រី​ក្រ​ក្នុង​ពេល​អនាគត។ អ្នកពុំ​អាច​​ទាយ​ទុក​មុន​ថា ​នឹង​មាន​រឿង​អ្វី​ដែល​នឹង​កើត​ឡើង​ក្នុង​ថ្ងៃអនាគត​បាន​ឡើយ​ ដូច្នេះអ្នក​គួរ​តែ​មាន​ប្រាក់​សន្សំ​សម្រាប់​បម្រុង​​ទុក​នា​គ្រា​អាសន្ន។ ជាការ​ពិត​ណាស់​ អ្នក​នឹង​ពុំ​អាច​មាន​ប្រាក់​សន្សំ​នេះ​បាន​ឡើយ​ប្រសិន​ជា​អ្នក​ចំណាយ​ច្រើ​នពេក​ទៅ​លើ​ជីវិត​ហ៊ឺហា​របស់​អ្នក​នៅ​ពេល​ឥលូវ​នេះ។

មិនបារម្ភ​ពី​បំណុល

បំណុល​ គឺ​ជា​ឧបសគ្គ​ដ៏​ធំ និង​គួរ​ឲ្យ​រំខានជាង​គេក្នុង​ការ​កសាង​ជីវភាព​ដ៏​ល្អ​ប្រសើរ។ ជាពិសេស បំណុល​ដែល​មាន​ការ​ប្រាក់​អាច​នឹង​លេប​ត្របាក់​ប្រាក់​ចំណូល​របស់​អ្នក​ដោយ​មិន​ដឹង​ខ្លួន ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ឈាន​ទៅ​រក​ការភាព​ក្រីក្រ។ ដូច្នេះ​ហើយ អ្នក​ត្រូវ​ទុក​បំណុល​ឲ្យ​នៅ​លើ​កំពូល​នៅតារាង​ចំណាយ មាន​ន័យ​ថា អ្នក​គួរ​តែ​គិត​គូរ​សង​ប្រាក់​ដែល​ជំពាក់​គេ​ឲ្យ​ស្រេច​បាច់​ ឬ មួយប្រើ​ប្រាស់​ប្រាក់​បំណុលនោះ​ក្នុង​ការវិនិយោគ​ឲ្យ​បាន​ត្រឹម​ត្រូវ មុន​ពេល​ចំណាយ​លើ​អ្វី​ដែល​មិន​ចាំ​បាច់​ផ្សេងទៀត។

https://s5.kh1.co/__image/w=650,h=325,q=100/73/73d833096c539370fab650959781bcce246b700a.jpg

ប្រើ​ជីវិត​រស់​នៅ​ទាន់​សម័យ​ជ្រុល

ទូរស័ព្ទទំនើប ថេបប្លេត យាន​ជំនិះថ្លៃៗ និងខោអាវ​ទាន់​​សម័យ​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ ​ហ៊ឺហា និង​ទាក់ទាញ​ ក៏​ប៉ុន្តែ​វា​ក៏​បាន​ស្រូប​ទាញ​យក​ប្រាក់​របស់​អ្នក​មិន​តិចដែរ ។ អ្នក​ត្រូវ​ដឹង​ថា ក្រុម​ហ៊ុននិមួយៗ មាន​រយៈ​ពេលចន្លោះ ពីការ​ចេញ​ផលិតផល​មួយ និង​ផលិតផល​មួយ​ទៀត​មិន​ជា​យូរ​ណាស់ណា​ទេ។ ដូច្នេះ​ហើយ ប្រសិន​ជា​អ្នក​ដេញ​តាមផលិតផល​ទាំង​នោះ ភាព​ក្រី​ក្រ​នឹង​រត់​មក​រក​អ្នក​យ៉ាង​លឿន​។ ចូរ​ចង់​ចាំ​ថា អ្នកគួរតែ​ប្រើ​ប្រាស់​របស់​ចាស់ៗ​ដែល​អាច​ជំនួស​របស់​ទាំង​នោះ​បាន ហើយ​គួរ​ទិញ​របស់​ទំនើប​នៅ​ពេល​ដែល​ចាំ​បាច់​តែ​ប៉ុណ្ណោះ​។ សំខាន់​បំផុត អ្នក​មិន​ត្រូវ​អើ​ពើ​នឹង​ការ​អួត​អាង ឬ ពាក្យ​បញ្ចើចបញ្ចើ​របស់​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​នោះទេ។

មិន​បាន​កត់​ត្រា​ពី​ចំណូល​ចំណាយ​ប្រចាំថ្ងៃ

ការ​មិន​កត់​ត្រា​ពីចំណូល​ប្រចាំថ្ងៃក៏​អាច​រួម​ចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នក​ក្រ​កាន់​តែ​លឿន។ អ្នក​គួរ​តែ​កត់​ត្រា​នៅ​លើ​បញ្ជី​មួយ​អំពី​ទិន្នន័យ​នៃ​ចំណូល​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​អ្នក ដើម្បី​រំលឹក​​តុល្យភាព​នូវ​ការ​ចំណាយ​របស់​ខ្លួន​ឯង។ នៅ​ពេល​ខ្លះ អ្នក​មិន​មាន​បំណង​ចង់​ចាយ​វាយ​ច្រើន​នោះទេ​ ក៏​ប៉ុន្តែ​ការ​មិន​បាន​កត់​ត្រា អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ចាយភ្លេច​ខ្លួន។ ជាង​នេះ​ទៅ​ទៀត​នោះ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​អ្នករៀប​ចំ​ផែន​ការ​ថវិការ ដែល​កំណត់​ពី​ចំនួន​ទឹក​ប្រាក់​ដែល​អ្នក​គួរ​ចំណាយ និង​គួរ​សន្សំ​ទុកក្នុង​រយៈ​ពេល​ណាមួយ។

Taing Rinith
និចគី តាង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T