ពិធីសម្ពោធដាក់ឲ្យដំណើរការ​ជាផ្លូវការរោងចក្រផលិត «មីជាតិ»

//s5.kh1.co/d8/d80357319f562e63781085b0ec7955dbac307f4f.jpg
សង្គម

 ០៤-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖​ កាលពីព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមហ៊ុន One More Manufacturing​ Co. Ltd បាន​សម្ពោធដាក់ឲ្យ​ដំណើរ​​ការ​ជា​ផ្លូវ​ការ​រោង​ចក្រ​ផលិតមីដ៏​ទំនើប និង​ដំបូង​គេ រួម​ផ្សំ​នឹង​គុណ​ភាព​ខ្ពស់​ក្នុង​ប្រទេស​កម្ពុជា ក្រោម​ស្លាក​សញ្ញា «មីជាតិ» ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់ ឯកឧត្តម​អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាង​ដ៏​ខ្ពង់​ខ្ពស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​រោង​ចក្រ​ផលិត​ «មី​ជាតិ» ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​រូប​ភាព​ដើម្បី​សាទរ និង​បង្ហាញ​ទៅ​ដល់​សាធារណ​ជន​អំពី​សមិទ្ធផល​ថ្មី មានគុណភាព​របស់​កម្ពុជា​លើ​ផ្នែក​ផលិត​ចំណី​អាហារ ក្រោម​ស្លាក​សញ្ញា​ «មី​ជាតិ»។ មីជាតិ ត្រូវបានផលិតដោយស្នាដៃ​ខ្មែរ រក្សានូវបែបផែនរសជាតិខ្មែរ ជាមួយនឹងគុណភាពខ្ពស់​ប្រើប្រាស់ម៉ាស៊ីនជប៉ុន បច្ចេកវិទ្យាជប៉ុន  និងរួមជាមួយគ្រឿងផ្សំក្នុងស្រុក និងបរទេសដែលមានគុណភាព ដូចជាប្រទេសអូស្រ្តាលី សឹងហ្គាពួរ និងម៉ាឡេស៊ី។

ឯកឧត្តម​អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធ​មុនី​រ័ត្ន ​និងលោក ជំទាវ
ឯកឧត្តម​អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធ​មុនី​រ័ត្ន ​និងលោក ជំទាវ
ពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផលិត «មីជាតិ»
ពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផលិត «មីជាតិ»

នៅក្នុងពិធីនេះ​ លោកជំទាវ ជឹង សុគន្ធាវី នាយិកាក្រុមហ៊ុន One More Manufacturing​ Co. Ltd បាន​​​​គូស​បញ្ជាក់​ថា នេះ​ជាក្តីរីករាយជាខ្លាំង ដែលរាជរដ្ឋាភិបាលកម្ពុជាបានទុកចិត្ត និងគាំទ្រលើ​ដំណើរការនៃរោងចក្រផលិត «មីជាតិ» នេះឡើង ហើយនេះបានផ្តល់ក្តីសង្ឃឹមមួយដ៏មុតមាំចំពោះលោកជំទាវ ជាអ្នកវិនិ​យោគ​ទុក​ម្នាក់ជា​មួយ​នឹង​ក្រុម​ការងារ​ក្នុង​ការ​ប្រឹងប្រែងធ្វើឲ្យដំណើរការនៃរោងចក្រនេះឆ្ពោះទៅមុខឥតឈប់ឈរ។

មីជាតិ ត្រូវបានបង្កើតឡើងសម្រាប់តម្រូវការ និងការពេញនិយមរបស់ប្រជាជនខ្មែរក្រោមការស្រាវជ្រាវយ៉ាង​ហ្មត់​ចត់ ផ្ចិតផ្ចង់ និងសម្រិតសម្រាំងបំផុត ដើម្បីផ្តល់នូវផលិត​ផល​​មានគុណភាព​ខ្ពស់ អត្ថប្រយោជន៍ និងរសជាតិបែបខ្មែរ។ វត្តមាននៃសមិទ្ធផលថ្មីនេះលើទីផ្សារ គឺជាមោទនភាពថ្មីរបស់កម្ពុជាក៏ដូចជាប្រជាជនខ្មែរ។ យើង​ជឿជាក់ថា ក្នុងទឹក​ចិត្ត​ខ្មែរ​តែ​មួយ ខ្មែរជួយខ្មែរ និងខ្មែរស្រលាញ់ខ្មែរ ប្រជាជនខ្មែរទូទាំងប្រទេសនឹងទទួលស្គាល់ ហើយ​គាំទ្រ​នូវ​សមិទ្ធផល​​ថ្មី​នេះ ដែល​មានស្លាកសញ្ញា​ «មីជាតិ» តំណាងឲ្យផលិតផលជាតិ និងប្រជាជនខ្មែរ។  

នៅក្នុងឱកាសនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្តែងការគាំទ្រទៅលើការបង្កើត និងសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផលិត «មីជាតិ» នេះ​ឡើង។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖

«កិច្ចដំណើរការនៃរោងចក្រមីក្នុងស្រុកដ៏ធំ និង​ទំនើប​​នេះ ក៏បានបង្ហាញពីការរួមចំណែកមួយថ្មីទៀតពីវិស័យឯកជនកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេស​ការ​ធ្វើ​ពិធីកម្មមូលដ្ឋានសេដ្ឋកិច្ច ក៏ដូចជាការបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាជនកម្ពុជា ដែលនេះ បាន​ចូល​រួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើង។»

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទាក់ទង់នឹងគោលបំណងនៃការបង្កើតរោងចក្រមីនេះឡើង លោកជំទាវនាយិកា ជឹង សុគន្ធាវី នាយិកាក្រុមហ៊ុន One More Manufacturing​ Co. Ltd បានបន្ថែមថា៖

«ការបង្កើតរោងចក្រ ផលិត​មីនេះឡើង បានភ្ជាប់នូវគោលបំណងចម្បង៣ គឺទី១ ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍន៍វិស័យ​​ផលិតចំណីអាហារក្នុងស្រុក​អោយមានភាពជឿនលឿន មិនចាញ់ប្រទេសជិតខាង។  ពោលគឺ សំដៅកាត់បន្ថយការពឹងផ្អែកទៅលើការនាំចូលផលិត​ផលពីបរទេស។ ទី២ គឺដើម្បីផ្គត់ផ្គង់បំពេញតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ តាម​រយៈ​ការផលិតចំណីអាហារនៅក្នុង​ស្រុក  ដែលប្រកបដោយអនាម័យ​ សុវត្ថិភាព និងស្តង់ដា​រសមស្រប។ និងទី៣ គឺ ដើម្បីចូលរួមបង្កើតឱកាសការងារថ្មីៗបន្ថែម​ទៀត ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្របតាមគោលការណ៍អភិវឌ្ឍន៍​វិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។»

 លោកជំទាវនាយិកា ជឹង សុគន្ធាវី នាយិកាក្រុមហ៊ុន One More Manufacturing​ Co. Ltd 
 លោកជំទាវនាយិកា ជឹង សុគន្ធាវី នាយិកាក្រុមហ៊ុន One More Manufacturing​ Co. Ltd 

ក្រោមពាក្យ​ស្លោក​ថា «មីជាតិ ស្នាដៃ​ខ្មែរ រស​ជាតិខ្មែរ» «មីជាតិ» ត្រូវបានផលិតដោយមានរសជាតិបីជម្រើស គឺរសជាតិខគោ រសជាតិសាច់ជ្រូកចិញ្រ្ចាំ និងរសជាតិស៊ុបមាន់ ដែលរសជាតិទាំងបីនេះ​ ត្រូវបាន​ឆ្លង​កាត់​ការ​ពិសោធ​ន៍ស្រាវ​ជ្រាវ​​យ៉ាង​ហ្មត់​ចត់​​បំផុត​ ដើម្បីឲ្យសមស្របទៅតាមបែបបទរសជាតិខ្មែរ និងការពេញនិយមរបស់ប្រជាជនខ្មែរ។

ការ​រួមផ្សំ​ជាមួយ​ម៉ាស៊ីន​​​ជប៉ុន បច្ចេកវិទ្យាជប៉ុន ម្សៅពីបរទេស និងគ្រឿងផ្សំបែបផែនខ្មែរ គឺជាគុណតម្លៃ ដែលក្រុមហ៊ុនផលិតមីជាតិ បានប្តេជ្ញា​ចិត្តយ៉ាងហ្មត់ចត់ដើម្បីធានានូវគុណភាព​ អត្ថប្រយោជន៍ និងរសជាតិដើម្បីខ្មែរ។​   

ចំពោះផលិតផលមី គេអាចនិយាយថា ជា​អាហារ​ប្រចាំ​ថ្ងៃមាន​ប្រជា​ប្រិយបន្ទាប់ពីការបរិភោគបាយ​ និង​ចំណាយ​វេលា​តិច​ក្នុង​ការ​ចំអិន ដែលសម​ស្រប​ចំពោះ​អ្នក​ដែល​មាន​ពេល​វេលា​តិច និងមិន​មាន​ពេល​គ្រប់​គ្រាន់​ក្នុង​ការ​​ចំអិន។ ​ផលិត​ផល​មួយ​នេះ ពិតជា​សម​ស្រប​ចំពោះ​ប្រជា​ជន​ទូទៅ​គ្រប់​កម្រិត​ ទាំងជីវភាពទាប មធ្យម និង​ខ្ពស់ ដែលអាច​បរិភោគ​​សឹង​គ្រប់​ពេលវេលា មិនថា​ព្រឹក ថ្ងៃ ល្ងាច ឬយប់។

ពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផលិត «មីជាតិ»
ពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផលិត «មីជាតិ»

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ ជឹង សុគន្ធាវី បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់ទាំងអស់ ចូលរួមគាំទ្រផលិតផលស្នាដៃខ្មែរ ដើម្បីចូលរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក៏ដូចជាគាំទ្រផលិតផលក្នុងស្រុក។ លោកជំទាវនាយិកាបានផ្តាំផ្ញើថា គ្មានអ្នកណា គាំទ្រផលិតផលខ្មែរក្រៅពី​ខ្មែរ​នោះទេ។ ដូច្នេះ ដើម្បីការរីកចម្រើនរបស់ខ្មែរ ដើម្បីកូនចៅជំនាន់ក្រោយរបស់ខ្មែរ និងដើម្បី​មោទនភាពកិត្តិយសរបស់ខ្មែរ យើង​ជា​កូន​ខ្មែរត្រូវគាំទ្រ​ និងរួមគ្នា​ជួយ​លើក​កម្ពស់​ផលិត​​​ផល​ខ្មែរនៅលើទីផ្សារ។  យើងរួមគ្នាដើម្បីវឌ្ឍនភាពរបស់កម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានជឿជាក់ថា ផលិតផល​ «មីជាតិ» ​ថ្មីនេះ ​ពិត​ជាទទួលបាន​ការគាំទ្រពី​ប្រជាជន​កម្ពុជា ពីព្រោះដូចអ្វីដែលលោកជំទាវអគ្គនាយិការក្រុមហ៊ុនបានគូសបញ្ចាក់ស្រាប់ថា មីជាតិ​ត្រូវបាន​ផលិត​ឡើង​​ប្រកប​ដោយស្តង់ដាអន្តរជាតិខ្ពស់ ពោលគឺគុណភាពត្រូវបានឆ្លងកាត់ការសិក្សាស្រាវជ្រាវយ៉ាងល្អិត​ល្អិន ហើយរោង​ចក្រ​បំពាក់ដោយម៉ាស៊ីន និងបច្ចេកវិទ្យា​ទំនើប​របស់​ជប៉ុន។

ចំណែកឯរសជាតិទៀតសោត ក៏ធ្វើឡើង​ដើម្បីតម្រូវ​ចំណង់​ចំណូល​ចិត្ត​របស់​ប្រជាជនកម្ពុជា​ ដូចទៅនឹងពាក្យស្លោករបស់មីជាតិ ដែលថា «ស្នាដៃខ្មែរ រសជាតិខ្មែរ»ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ​ បង្កើន​ការគាំទ្រ​ផលិត​ផល​ក្នុងស្រុកឲ្យបាន​ខ្លាំងក្លា ដើម្បីលើកកម្ពស់សហគ្រាសក្នុងស្រុករបស់យើង។      

ពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផលិត «មីជាតិ»
ពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផលិត «មីជាតិ»
ពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផលិត «មីជាតិ»
ពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផលិត «មីជាតិ»

ជាចុងបញ្ចប់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសំណូមពរដល់ក្រុមហ៊ុនឯកជនទាំងអស់ សូមកុំផ្តោតតែលើប្រាក់ចំណេញមួយមុខ ប៉ុន្តែត្រូវខិតខំធ្វើការងារ សម្ដៅធានាឲ្យក្រុមហ៊ុនមានអនុលោមភាពជាមួយក្រឹត្យ​ក្រម​ និងស្តង់ដាបរិស្ថាន ការបង់ពន្ធជូនរដ្ឋ និងការទទួលខុសត្រូវផ្នែកសង្គមឲ្យបានជាអតិបរិមាផងដែរ។

បន្ទាប់ពីពិធីកាត់ខ្សែបូ និង ពិធីចុះហត្ថលេខាលើក្រាំងមាស គណៈអធិបតី និង​ថ្នាក់​ដឹកនាំ​បាន​ចូល​ទស្សនា​ក្នុង​រោង​ចក្រ​ផលិត​មី ដើម្បី​យល់​ដឹង​ច្បាស់​ពី​សង្វាក់​ផលិត​កម្ម​នៅ​ក្នុង​រោង​ចក្រ និង​ទទួល​ស្គាល់​ពី​ដំណើរ​ការ​ផលិត​មី​នៅ​ក្នុង​រោង​ចក្រ​កម្ពុជា។

គួរ​បញ្ចាក់​ដែរ​ថា ពិធី​សម្ភោធ​នេះ មាន​ការ​ចូល​រួម​ពី​សំណាក់សម្តេច​ព្រះ​សង្ឃ​នាយក​រង​ទី២ ព្រះ​សង្ឃ ថ្នាក់​ដឹក​នាំ មន្ត្រី​រាជ​ការ ភ្ញៀវ​កិត្តិយស សាស្រ្តាចារ្យ សិស្ស និសិ្សត អាជ្ញាធរ និង​ប្រជាពល​រដ្ឋ​មូល​ដ្ឋាន​សរុប​ប្រមាណ១៣០០នាក់ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​រោង​ចក្រ​ផលិត «មីជាតិ» ​ក្នុង​ភូមិ​ត្រពាំង​ពោធិ សង្កាត់​គោករការ ខណ្ឌ​ពោធិសែន​ជ័យ រាជ​ធានី​ភ្នំពេញ៕

ពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផលិត «មីជាតិ»
ពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផលិត «មីជាតិ»
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T