វីង ឈ្នះពានរង្វាន់ ធុរកិច្ចអាស៊ាន រយៈពេលបីឆ្នាំជាប់គ្នា!

//s5.kh1.co/72/727d445389d86e1cd0f92de25b9110a4c0ba9e93.jpg
សង្គម

 ០៤-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ថៃ៖ ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត​ ដែលជាធនាគារឈានមុខគេ ក្នុងការផ្តល់សេវាធនាគារចល័តនៅកម្ពុជា ​​​ត្រូវ​បានផ្តល់កិត្តិយសជាមួយពានរង្វាន់ធុរកិច្ចអាស៊ាន (ABA) ប្រចាំឆ្នាំ ២០១៩ ក្នុងប្រភេទ «សហគ្រាស​សង្គម​ដែល​មាន​និរន្តភាព» នាថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ។​ នេះជាឆ្នាំទីបីហើយ ដែលក្រុមហ៊ុនដ៏ឆ្នើមមួយនេះ បានទទួលពានរង្វាន់ធុរកិច្ចអាស៊ាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិធីប្រគល់ពានរង្វាន់នេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ឯ.ឧ. Anutin Charnvirakul ដោយមានចូលរួមពីប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍រួមគ្នាស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB) លោក Kalin Sarasin ប្រធានសហព័ន្ធឧស្សាហកម្មថៃ លោក Supant Mongkolsuthree ក៏ដូចជាប្រធានសមាគមធនាគារិកថៃ លោក Predee Daochai

ពិធីប្រគល់ពានរង្វាន់ ធុរកិច្ចអាស៊ាន
ពិធីប្រគល់ពានរង្វាន់ ធុរកិច្ចអាស៊ាន

លោកជំទាវ ម៉ៅ​ ចំណាន អគ្គនាយិកាប្រតិបត្តការ  នៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានចូលរួមទទួលពានរង្វាន់នៅក្នុងកម្មវិធីនេះ។ លោកជំទាវបានមានប្រសាសន៍ថា៖

«យើងខ្ញុំ ពិតសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះអតិថិជនទាំងអស់ និយោជិក និងដៃគូអាជីវកម្មជាច្រើនទៀត។ បើគ្មានការចូលរួមគាំទ្រដ៏ធំធេង របស់អ្នកទាំងអស់គ្នានោះទេ ចក្ខុវិស័យរបស់វីងនឹងមិនត្រូវបានទទួលស្គាល់ ព្រមទាំងមានការរីកចម្រើនមកដល់ពេលនេះទេ។»

អ្នកឧកញ្ញ៉ា គិត ម៉េង ប្រធានកុ្រមបឹ្រក្សាភិបាលនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត  បានមានប្រសាសន៍ថា៖

«សមិទ្ធិផលថ្ងៃនេះ ពិតជាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការខិតខំរបស់យើងនៅក្នុងប្រទេស​កម្ពុជាក៏ដូចជានៅក្នុងតំបន់ទាំងមូល។ ការទទួលស្គាល់មួយនេះ គឺជាការជំរុញទឹកចិត្តយើងឱ្យខិតខំដើរទៅមុខទៀត និងបន្តនាំមកនូវដំណោះស្រាយ ប្រកបដោយភាពច្នៃប្រឌិតតាមរយៈផលិតផលថ្មី ដែលបំពេញតំរូវការអតិថិជនរបស់យើង។»

ពិធីប្រគល់ពានរង្វាន់ ធុរកិច្ចអាស៊ាន
ពិធីប្រគល់ពានរង្វាន់ ធុរកិច្ចអាស៊ាន

ពានរង្វាន់ធុរកិច្ចអាស៊ាន ត្រូវបានផ្តួចផ្តើមដោយ ASEAN-BAC ក្នុងឆ្នាំ ២០០៧ ហើយជារៀងរាល់ឆ្នាំ​ ពួកគេទទួលស្គាល់សហគ្រាសសង្គមឆ្នើម ដែលមានលក្ខណៈច្នៃប្រឌិត និងបានចូលរួមវិភាគទានយ៉ាងសំខាន់ ដល់អ្នកខ្សត់ខ្សោយនៅក្នុងសហគមន៍ នានារបស់ពួកគេ។

លោក Manu Rajan អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត  បានថ្លែងដោយមោទនភាព​ថា៖

«ខ្ញុំពិតជាមាននូវត្រេកអរ និងសប្បាយរីករាយឥតឧបមា ដែលអាចគាំទ្របេសកកម្មរបស់ក្រុមហ៊ុនយើងប្រកបដោយប្រសិទ្ធភាព ដែលការធ្វើបែបនេះជះឥទ្ធិពលជាវិជ្ជមាន ដល់ការទទួលបានសេវាហិរញ្ញវត្ថុ តាមទូរស័ព្ទចល័តសម្រាប់ប្រជាជនកម្ពុជា នៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។»

ពិធីប្រគល់ពានរង្វាន់ ធុរកិច្ចអាស៊ាន
ពិធីប្រគល់ពានរង្វាន់ ធុរកិច្ចអាស៊ាន

កាលពី ១០ ឆ្នាំមុន វីង បានចាប់ផ្តើមផ្ដល់សេវាផ្ទេរប្រាក់ ហើយក៏បានបន្តអភិវឌ្ឍន៍ខ្លួនរហូតមកដើម្បី​ផ្តល់ជូននូវផលិតផល រួមទាំងសេវាកម្មជាច្រើន​ ដែលកំពុងជំរុញកំណើននៃសង្គមនៃការទូទាត់ ដោយមិនប្រើប្រាស់ក្រដាសប្រាក់នៅក្នុងប្រទេសកម្ពុជា។ វីងនៅតែឈរនៅជួរមុខគេ នៃទីផ្សារសេវាផ្ទេរប្រាក់តាមទូរស័ព្ ទនិងអេឡិចត្រូនិចនៅក្នុងប្រទេស ដែលមានសេវាគ្របដណ្តប់តាមស្រុក ១០០ ភាគរយជាមួយភ្នាក់ងារវីងជាង ៧០០០ កន្លែងទូទាំងប្រទេស។

អតិថិជនវីង អាចបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទរបស់ពួកគេ ទូទាត់វិក័យប័ត្រ ផ្ទេរប្រាក់ ទិញទំនិញពីហាងតាមអ៊ីនធឺណេតនៅក្រៅប្រទេស កក់សំបុត្រយន្តហោះ ទូទាត់ថ្លៃអាហារតាមរយៈសេវាកម្ម WingPay ដែលជាសេវាកម្មទូទាត់ប្រាក់ដោយស្កេន QR កូដ ហើយក៏អាចទទួលបានការផ្ញើប្រាក់ពីប្រទេសជាង ២០០ នៅទូទាំងពិភពលោក៕

ពិធីប្រគល់ពានរង្វាន់ ធុរកិច្ចអាស៊ាន
ពិធីប្រគល់ពានរង្វាន់ ធុរកិច្ចអាស៊ាន
ពិធីប្រគល់ពានរង្វាន់ ធុរកិច្ចអាស៊ាន
ពិធីប្រគល់ពានរង្វាន់ ធុរកិច្ចអាស៊ាន
ពិធីប្រគល់ពានរង្វាន់ ធុរកិច្ចអាស៊ាន
ពិធីប្រគល់ពានរង្វាន់ ធុរកិច្ចអាស៊ាន
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T