រាជធានីភ្នំពេញ ៖ បើតាមនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបង្ហាញមុខក្រុមជនសង្ស័យចំនួន៣នាក់ដែលបានឆក់កាបូបប្រជាពលរដ្ឋ ដោយក្នុងនោះមានជនរងគ្រោះជាលោកស្រីក្រឡាបញ្ជីសាលាដំបូងផង មុននឹងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជនសង្ស័យទាំង៣នាក់ខាងលើនោះ ១-ឈ្មោះ លីន រស្មី ហៅ ស្មីតូច ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅផ្ទះលេខ១៦ ផ្លូវលេខ២៥៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ២-ឈ្មោះ ជា ម៉េងគៀង ហៅ ប៊ី ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរ ជាសិស្ស ស្នាក់នៅផ្ទះលេខ៣អឺ ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
និង៣-ឈ្មោះ សុខ ឧត្តម ហៅ ប៉ែត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលេខ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ពួកគេទាំង៣នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ តាំងពីថ្ងៃទី២៩ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ។
បើតាមលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ខាងលើនេះបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារប្រើអំពើហិង្សា (ឆក់កាបូបស្ពាយ មិនបានសម្រេច បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស) ប្រព្រឹត្តនៅចំណុចមុខមុខយានដ្ឋាន T.C AUTO CAR ផ្លូវលេខ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ម៉ោងប្រហែល២ និង៣៥ នាទីរសៀល ។
ប្រភពដដែលបន្តថា ក្នុងនោះមានជនរងគ្រោះឈ្មោះ សាន សាក់នី ភេទស្រី មុខរបរជាក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ មានទីលំនៅផ្ទះលេខ២ដេ ផ្លូវលេខ១៩៥៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ផងដែរ ។
ក្រោយពេលកើតមានអំពើឆក់កាបូបលោកស្រីក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញនោះ សមត្ថកិច្ចនគរបាលជំនាញបានធ្វើការស្រាវជ្រាវ តាមកាមេរ៉ាសាធារណៈដែលបំពាក់តាមដងផ្លូវ ក៏ឈានដល់ការឃាត់ជនសង្ស័យជាបន្តបន្ទាប់នេះ ។
ដូច្នោះហើយជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕ (កែសម្រួលដោយ ៖ បុប្ផា)
ប្រភព៖ កោះសន្តិភាព