ខេត្តសៀមរាប ៖ ស្ត្រីម្នាក់បានយកម៉ូតូមួយគ្រឿងទៅផ្ញើនៅកន្លែងទទួលផ្ញើម៉ូតូមួយកន្លែង លុះពេលទៅយកវិញ ស្រាប់តែបាត់ទាំងម៉ូតូ បាត់ទាំងអ្នកទទួលបញ្ញើហើយបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោងជាង១១យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅម្តុំផាប់ស្ទ្រីត មុខមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ស្ថិតនៅក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្ត្រីម្នាក់ជាម្ចាស់ម៉ូតូមួយគ្រឿងខាលើឈ្មោះ ស្រ៊ុន ទេវី ហៅស្រីនីត អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ បច្ចុប្បន្នរស់នៅក្រុងសៀមរាប ខេត្តសៀមរាប។ ចំណែកម៉ូតូមួយគ្រឿងដែលបានបាត់ម៉ាកស៊ុយហ្ស៊ុយគីឡែត ស៊េរី២០១៨ ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ១GW-១៨៨៥។
បើតាមប្រភពពីស្ត្រីជាម្ចាស់ម៉ូតូខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ ប្រហែលវេលាម៉ោង១០ជាងយប់ថ្ងៃទី៣១ តុលា ឆ្នាំ២០១៩ គាត់និងមិត្តភក្តិចំនួន២នាក់ទៀតបានជិះឌុបគ្នាទៅដើរលេងនៅតំបន់ផាប់ស្ទ្រីត ហើយបានយកម៉ូតូទៅផ្ញើនៅចំណុចកើតហេតុខាងលើ ដោយមានសំបុត្រផ្ញើ ហើយក្នុងនោះកន្លែងទទួលផ្ញើម៉ូតូនោះក៏ឃើញមានម៉ូតូជិត១០គ្រឿងផងដែរ។
តាមប្រភពដដែលបានបន្តថា លុះដល់វេលាម៉ោងវេលាម៉ោងកើតហេតុ ពេលគាត់និងមិត្តភ័ក្កមកយកម៉ូតូវិញ ស្រាប់តែមិនឃើញទាំងម៉ូតូ និងមិនឃើញទាំងអ្នកទទួល ទើបបង្កការភ្ញាក់ផ្អើលតែម្តងបន្ទាប់មកគាត់បានទៅប្រាប់សមត្ថកិច្ចដែលនៅជិតកន្លែងកើតហេតុ ដើម្បីឱ្យជួយអន្តរាគមន៍ស្រាវជ្រាវរកម៉ូតូ ប៉ុន្តែរកមិនឃើញឡើយ ។ លុះមកដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ គាត់បានទៅប្ដឹងនៅប៉ុស្ដិ៍នគរបាលសង្កាត់ស្វាយដង្គំ ដើម្បីឱ្យជួយរក។
ស្ត្រីម្ចាស់ម៉ូតូខាងលើក៏បានសំណូមពរដល់អាជ្ញាធរនិងសមត្ថកិច្ចឱ្យជួយស្រាវជ្រាវរកម៉ូតូ គាត់វិញផង ព្រមទាំងសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចមេត្តារឹតបន្តឹងកន្លែងទទួលផ្ញើម៉ូតូផង ចៀសវាងកើតមានដូចករណីខាងលើ ។
ពាក់ព័ន្ធករណីខាងលើនេះ លោកអនុសេនីយ៍ឯក ស៊ូ វ៉ាន់ដេត នាយប៉ុស្ដិ៍នគរបាលសង្កាត់ស្វាយដង្គំ បានប្រាប់នៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា ករណីមានប្រជាពលរដ្ឋបាត់ម៉ូតូដែលយកទៅផ្ញើនៅកន្លែងម្តុំផាប់ស្ទ្រីត មុខមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនោះ គឺមិនមែនជាកន្លែងទទួលផ្ញើម៉ូតូត្រឹមត្រូវនោះទេ ហើយកន្លែងផ្ញើម៉ូតូនៅខាងក្នុងមន្ទីរពេទ្យ និងកន្លែងបរិវេណជាប់មុខរបងមន្ទីរពេទ្យ គឺមានប្រជាការពារ និងសន្តិសុខតាមត្រឹមត្រូវ ។
លោកបានបញ្ជាក់ទៀតថា បើចង់ដឹងច្បាស់សូមរង់ចាំនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយម្ចាស់ម៉ូតូបានមកដាក់ពាក្យនៅប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ស្វាយដង្គំ រួចរាល់ហើយ៕ (កែសម្រួលដោយ ៖ ធីតា)
ប្រភព៖ កោះសន្តិភាព