គ្នាយើងមួយចំនួន ប្រហែលជាចូលចិត្តហែលទឹក ព្រោះវាជួយឲ្យត្រជាក់ខ្លួន បេះដូងដំណើរការល្អ បង្កើនសាច់ដុំ និងដុតកាឡូរីក្នុងរាងកាយយើងទៀត។ ប៉ុន្ដែទៅហែលទឹក ក្នុងអាងធំរួមគ្នា ក៏អាចប្រឈមនឹងការឆ្លងបាក់តេរី និងមេរោគបង្កជំងឺផងដែរ។ ខាងក្រោមនេះ ជាជំងឺ ៤ប្រភេទ ដែលងាយឆ្លងនៅក្នុងអាងហែលទឹក៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ជំងឺរាក
ជំងឺរាក មិនគ្រាន់តែជាបញ្ហាក្រពះ ដែលកើតឡើង ពេលយើងញ៉ាំអាហារមិនល្អនោះទេ។ ពេលយើងច្រមុជចូលក្នុងទឹក យើងក៏ប្រឈមការឆ្លងបាក់តេរីផងដែរ ជាពិសេសបាក់តេរី Pseudomonas aeruginoa ដែលបង្កអាសន្នរោគ និងជំងឺរាក។ បើសិនមានបាក់តេរីនេះ នៅក្នុងអាងហែលទឹក សូម្បីលេបទឹកបន្ដិច ក៏គ្រប់គ្រាន់នឹងឆ្លងមេរោគដែរ។ ក្នុងអាងហែលទឹក ក៏មានបាក់តេរី E.coli Shigella និង Cryptosporidium Norovirus ដែលអាចរស់នៅបានរហូតដល់ ៥ថ្ងៃ។
២. ជំងឺប្រព័ន្ធដង្ហើម
ជំងឺប្រព័ន្ធដង្ហើម ងាយនឹងកើតឡើងណាស់ សម្រាប់អ្នកហែលទឹក ដោយសារបាក់តេរី Legionella ងាយជ្រៀតចូលក្នុងប្រព័ន្ធដង្ហើម ដោយបង្កឲ្យពិបាកដកដង្ហើម និងមានបញ្ហាសួត។ ក្នុងនោះ មនុស្សវ័យ ៥០ឆ្នាំឡើង កុមារ និងស្ត្រីពពោះ ដែលមានប្រព័ន្ធការពារខ្សោយ គួរប្រុងប្រយ័ត្នចំពោះបាក់តេរីនេះ ព្រោះវាអាចបង្កឲ្យជួយបញ្ហាធ្ងន់ធ្ងរបាន។
៣. ជំងឺត្រចៀក
ពេលយើងហែលទឹក ជាធម្មតា មានទឹកខ្លះ ចូលទៅត្រចៀក និងច្រមុះរបស់យើង ហើយវាក៏ហូរចេញវិញផងដែរ។ ប៉ុន្តែវាអាចបង្កបញ្ហាដល់យើង ពេលទឹកចូលដល់ក្រដាសត្រចៀករបស់យើង ដោយវាអាចនាំពពួកផ្សិតទៅកើតមានក្នុងត្រចៀក។ ការឆ្លងបាក់តេរីនេះ អាចបណ្ដាលឲ្យហើម ឈឺចាប់ និងរមាស់។
៤. ជំងឺរមាស់ Sauna Rash
ជំងឺរមាស់ ភាគច្រើន កើតមានចំពោះអ្នកទៅសូណា ឬមុជទឹកក្តៅ នៅតាមអាងហែលទឺក។ ពពួកបាក់តេរី នៅក្នុងអាងទឹកក្តៅ មានប្រតិកម្មខ្លាំងជាមួយស្បែក និងបណ្ដាលឲ្យរមាស់យ៉ាងខ្លាំង។ ប្រសិនបើយើងនៅក្នុងអាងហែលទឹកកាន់តែយូរ យើងនឹងរងការប៉ះពាល់កាន់តែខ្លាំង។ បាក់តេរី ដែលបង្កឲ្យកើតរមាស់ គឺ Pseudomonas aeruginoa។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet