កុំចេះតែ Makeup ឲ្យក្មេងស្រីតូចៗ ប្រយ័ត្នបង្កគ្រោះថ្នាក់ធំ!

//s4.kh1.co/06/06e56e1a695568cd31d72c90bc54a2d2ce57fc5e.jpg
នារី

 ០២-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ម៉ាក់ៗ​ទូទៅ តែងតែ​ចង់​ឲ្យ​កូនស្រីៗ​​ស្អាត ខ្យូត ដោយ​ជាញឹកញាប់​តុបតែ​ង (Makeup) ឲ្យ​កូនតូច ជាពិសេស​ពេល​មាន​កម្មវិធី​ជួបជុំ​គ្រួសារ បុណ្យ ឬ​មង្គលការ​ជាដើម។ តែបើ​តាម​អ្នកជំនាញ​សិង្ហបុរី ណែនាំ​ឲ្យ​រង់ចាំ ដល់​កូនស្រី ឈាន​ដល់​វ័យ ១៦​ឆ្នាំ ឬ​លើស​នេះសិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វេជ្ជបណ្ឌិត Lynn Chiam អ្នកជំនាញ​ផ្នែក​សើស្បែក​នៅ​គ្លីនិក​សក់ ស្បែក​កុមារ និង​មនុស្ស​ពេញវ័យ នៅ​សិង្ហបុរី បញ្ជាក់​ថា ស្បែក​​​ក្មេងៗ ​​ស្ដើងជាង និង​មុខងារ​ការពារ​តិចជាង ស្បែក​មនុស្ស​ពេញ​វ័យ។ ដូច្នេះ សមាសធាតុ​គីមី​ក្នុង​គ្រឿង Makeup អាច​បណ្ដាល​ឲ្យ​ស្បែក​ស្ងួត កន្ទួល រមាស់ និងរលាក។ បើបន្ដ​ប្រើប្រាស់ វា​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង លើ​រចនាសម្ព័ន្ធ និង​មុខងារ​ការពារ​របស់​ស្បែក។

វេជ្ជបណ្ឌិត​ដដែល បន្ត​ថា ការ Makeup ក៏​អា​ចបណ្ដាល​ឲ្យ​ក្មេងស្រី​តូចៗ ប្រឈម​នឹង​ការ​កើត​មុន​ដែរ នៅពេល​លាង​សម្អាត​​មិន​​​ស្អាត​​ ឬ​ខ្វះអនាម័យ ក៏​អាច​​​ឆ្លង​បាក់តេរី​ទៀតផង។

ងាកទៅ​ការ​លាប​ពណ៌​សក់​ក្មេង​ស្រី​តូចៗ​វិញ វេជ្ជបណ្ឌិត​ខាងលើ បញ្ជាក់​ថា វា​បណ្ដាល​ឲ្យ​សក់ និង​ស្បែក​ក្បាល​របស់​ក្មេងតូចៗ​កែប្រែ​ជាច្រើន ដូច្នេះ​ពួកគេ​ងាយ​ជួប​បញ្ហា​ប្រតិកម្ម និង​ខូចសក់។ វេជ្ជបណ្ឌិត បកស្រាយ​ថា នេះ​ដោយសារ​សមាសធាតុ​គីមី បាន​ទៅ​បំផ្លាញ​សារធាតុ​រាវ​សម្រាប់​ការពារ​ស្បែក​ក្បាល​របស់​ក្មេងៗ ហើយ​ធ្វើ​ឲ្យ​ក្មេងៗ ងាយ​ប្រឈម​នឹង​បញ្ហា​ជ្រុះសក់ និង​រមាស់​ស្បែកក្បាល បណ្ដាល​មកពី​បរិស្ថាន ផលិត​លាប ឬបាញ់សក់ និង​បាកតេរី។

ចំណែក​ប្រដាប់​លាប​ក្រចកដៃ​វិញ វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ចៀសវាង​លាប​វា​លើ​ក្មេងស្រីតូចៗ។ នេះដោយសារ​ផលិតផល​ភាគច្រើន មាន​សមាសធាតុ​គីមី​ពុល ចំនួន ៣​ប្រភេទ។ ទី១ គឺ​សមាសធាតុ Toluene បង្ក​បញ្ហា​ដល់​ប្រព័ន្ធ​សរសៃប្រសាទ និង​ប្រព័ន្ធ​ដង្ហើម​ខាងលើ ទី២ គឺ​សមាសធាតុ Dibutyl Phthalate ប៉ះពាល់​ដល់​ការ​បន្ដពូជ និង​ទី៣ គឺ​សមាសធាតុ Formaldehyde បង្ក​បញ្ហា​ប្រព័ន្ធ​ដង្ហើម និង​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក បើប្រើ​រយៈពេល​យូរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T