ពីក្មេងចូលចិត្តអានប្រលោមលោក សុខ ជំនោរ ប្រែខ្លួនក្លាយជាអ្នកនិពន្ធចម្រៀង និង ជាអ្នកដឹកនាំរឿងជោគជ័យម្នាក់ (មានវីដេអូ)

//s4.kh1.co/03/03291bfb2013f76da5d14121d20cb4c465c2c14d.jpg
តារា & កម្សាន្ដ

 ១២-ឧសភា-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

ការ​តែង​និពន្ធ​គឺ​ជា​សិល្បៈមួយប្រភេទ​ដែល ​អ្នក​និពន្ធម្នាក់​ៗ​​ប្រើ​ប្រាស់​នៅ​សិល្ប៍សាស្រ្ត ​ប្លែក​ៗ​ពីគ្នា​ ​​ក្នុង​ការ​តាក់​តែង​ ​ឬ​ចង​ក្រងដើម្បី​បង្កើត​ឡើង នៅ​សាច់​រឿង​អ្វីមួយ​​ទៅ​តាម​អារម្មណ៍​ស្រមើល​ស្រមៃ​

ភ្នំពេញ៖ ការ​តែង​និពន្ធ​គឺ​ជា​សិល្បៈមួយប្រភេទ​ដែល ​អ្នក​និពន្ធម្នាក់​ៗ​​ប្រើ​ប្រាស់​នៅ​ សិល្ប៍សាស្រ្ត ​ប្លែក​ៗ​ពីគ្នា​ ​​ក្នុង​ការ​តាក់​តែង​ ​ឬ​ចង​ក្រងដើម្បី​បង្កើត​ឡើង នៅ​សាច់​រឿង​អ្វីមួយ​​ទៅ​តាម​អារម្មណ៍​ស្រមើល​ស្រមៃ​ តថភាព​ជាក់​ស្តែង​ ឬ​ផ្អែក​តាម​បទ​ពិសោធន៍​អ្វីមួយ​ដែល​ធ្លាប់​បាន​ជួបប្រទះ ដើម្បី​ធ្វើ​ឲ្យ​អ្នក​មើល​ ក៏​ដូច​ជា​អ្នក​ស្តាប់​អាច​ទទួល​បាន​ នូវអារម្មណ៍ ដែល​អ្នក​និពន្ធ​បាន​ដាក់​ បញ្ចូល​ទៅ​ក្នុង​ស្នា​ដៃ​របស់ខ្លួន​នី​មួយៗ​នោះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ស្ថិតក្នុង​បរិយាកាស​អ៊ូ​អរ​បន្តិច ​តែព័ទ្ធ​ទៅ​ដោយធម្មជាតិ​ខៀវ​ខ្ចីជុំ​វិញ​នោះ​ ​លោកសុខ​ ជំនោរ​ ដែលជា​​អ្នក​និពន្ធទំនុកច្រៀង​ដ៏​ មាន​បទ​ពិ​សោធន៍យូរ​ឆ្នាំ​មួយ​រូប​ ដែលគិត​មកទល់​នឹង​បច្ចុប្បន្ន​នេះ​ លោក​​បាន​ប្រឡូកចូល​ក្នុង​វិស័យ​នេះ ​អស់រយៈពេលជិត​២០​ឆ្នាំ​មក​ហើយនោះ ​​ ក៏​បានរៀប​រាប់​ឡើង​មក​ថា មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ លោក​សម្រេច​ចិត្ត​ចាប់​យកអាជីព​ជា ​អ្នក​តែង​និពន្ធ​នេះ​ក៏​ព្រោះ​តែ​លោក​គឺជា ​មនុស្ស​ម្នាក់​ដែល​ចូល​ចិត្ត​អានរឿង​ប្រលោម​លោក​​ តាំង​តែពីលោក​នៅក្មេង​ៗ មក​ម្ល៉េះ រហូត​មកដល់​ពេលដែល​​លោក​រៀន ​នៅ​ថា្នក់​វិទ្យាល័យ​​លោកក៏​​ចាប់​ផ្តើម​ពង្រឹង​ផែនការ ​នឹង​សម្រួលចំណេះ​ដឹងមក​​លើ ​ការ​តែង​និពន្ធ​នេះតែ​ម្តង​។

លោកសុខ​ ជំនោរ​
លោកសុខ​ ជំនោរ​

ពោលពីដំបូង​ឡើយ​ លោក​ចាប់​ផ្តើម​ពី​ការ​តែង​និពន្ធជា​​កំណាព្យ ហើយ​ក្រៅ​ពី​នេះដើម្បី​ទទួល​បាន​ចំណេះ​ដឹង​បន្ថែម ​​លោក​ក៏​ត្រូវ​​ធ្វើ​​ស្វ័យ​សិក្សា​យ៉ាង​ច្រើន​ ទម្រាំ​តែ​ទទួល​បានមូលដ្ឋាន​ទាំង​អស់​នេះ ក្នុង​ការ​វិវត្តន៍​ខ្លួន​ធ្វើ​ជា​អ្នក​និពន្ធ​ចម្រៀង​ ក៏​ដូច​ជា​អ្នក​និពន្ធ​សាច់​រឿងខ្លី​ៗ ​ផ្សេងទៀតមកទល់​សព្វ​ថ្ងៃ​នេះ​។ ជាក់​ស្តែង​មក​ដល់​ពេល​នេះ​ បើ​គិត​ពីស្នាដៃ​​ ​ចម្រៀង​ដែល​លោក​ធ្លាប់​បាន ​តែង​និពន្ធ​កន្លង​មក​អាច​បាន ​ប្រហែល​ជា​ជាង​២ពាន់​បទ​ហើយ ដែល​ភាគ​ច្រើនបទ​ចម្រៀង​ដែល ​លោក​បាន​តែងនិពន្ធ​​គឺ​សុទ្ធ​សឹង​តែ​ជា ​បទ​បែប​មនោសញ្ចេតនា​ច្រើន ​ជាង​បទ​ប្រភេទ​បែប​ផ្សេងៗ​ទៀត​។

បន្ថែម​ពី​នេះទៀត​នោះ​លោក​សុខ​ ជំនោរ​ ក៏​បាន​បង្ហើប​គន្លឹះ​មួយ​ថា​ ថា​នៅ​រាល់​ពេល​ដែល​លោក​ចាប់​ផ្តើម ​ក្នុងការ​តែង​និពន្ធ​ចម្រៀង​មួយ​បទ​ៗ​នោះ រឿង​ដំបូង​ដែល​លោក​ចាប់​ផ្តើម​ធ្វើ​នោះ​គឺ ​​ស្វែងរក​ដាក់​ចំណង​ជើង​ជា​មុន​សិន​ ពីព្រោះ​ចំណង​ជើង​គឺ​ជា​ចំណុច​ដ៏​សំខាន់​មួយ ហើយ​ត្រូវ​ដឹង​ថា​យើង​ចង់​សរសេរ​ពី​អ្វី។​ លើស​ពី​នេះលោក​ក៏បាន​បន្តទៀត​ថា ​​នៅ​រាល់​ពេល​ដែល​ដាក់​ចំណង​ជើង ​ក្នុង​នាម​ជា​អ្នក​និពន្ធ​មួយ​រូប​ត្រូវព្យាយាម​រក​​ចំណង​ជើងណា ​ដែល​​ខ្លីហើយ​ខ្លឹម ងាយ ឆាប់​ឲ្យ​អ្នក​ស្តាប់​​ចង​ចាំ​ ហើយ​​អាច​ទទួល​យល់​ពី ​អត្ថន័យដែល​យើង​ចង់​បង្ហាញ​ទៅ​កាន់​ ពួកគេបាន​ដោយ​ងាយ។

សកម្ម​ភាព​ដឹក​នាំ​រឿង​របស់​លោកសុខ​ ជំនោរ​
សកម្ម​ភាព​ដឹក​នាំ​រឿង​របស់​លោកសុខ​ ជំនោរ​

គួរ​បញ្ជាក់​ផង​ដែរ​ថា ​បច្ចុប្បន្ន​នេះ​លោក​សុខ​ ជំនោរ ​មិន​ត្រឹម​តែ​ជា ​អ្នក​និពន្ធ​ចម្រៀង​ដែលមាន​ការទទួល​ស្គាល់ ​ពី​មហាជនទូទៅនោះ​ទេ តែ​លោក​ក៏​ជា ​អ្នក​ដឹក​នាំ​​រឿង​មួយ​រូប​ផង​ដែរ។ បើ​និយាយ​ពី​ការ​ចាប់​អាជីព​ជា​ អ្នក​ដឹក​នាំ​រឿងលោក​ក៏​បាន​បញ្ជាក់​ផង​ដែរថា​ នៅ​ពេល​ដែល​លោក​ចាប់​ផ្តើម ​សរសេរ​ទំនុក​ច្រៀង​ ពេលនោះ​ហើយ​ដែលជា​ពេល​ដែល​​លោក ​មាន​ឱកាស​ក្នុងការ​ប្រឡូក​ចូលធ្វើ​​ជា ​អ្នកដឹកនាំ​សម្តែង​ក្នុង​​ការ​ថត​វី​ដេអូ​ចម្រៀង ពីព្រោះ​ដោយ​សារ​តែ​លោក​ជា​អ្នក​និពន្ធ​ស្រាប់ ​ដូច្នេះ​លោក​បានយល់​ច្បាស់​ពី​Concept នៃ​បទ​ចម្រៀង​មួយ​បទ​នោះ​។ ដោយ​ហេតុ​​តែ​អាជីព​ទាំង​ពីរ​នេះ​ ​មាន​ការជាប់​ពាក់​ព័ន្ធ​គ្នា​បែប​នេះ​ហើយ ទើ​ប​បាន​ជា​លោកធ្វើ​ការ​វិវត្តន៍​ខ្លួន​មកធ្វើ​ជា អ្នក​ដឹក​នាំ​រឿង​មួយ​បន្ថែម​ទៀត​ តែ​បើ​ទោះ​បីជា​បែប​នេះ​ក្តី​ ក៏លោក​មិន​បោះ​បង់​ចោល​អាជីព​ជាអ្នក​និពន្ធ​ដែរ​។​

សកម្ម​ភាព​ដឹក​នាំ​រឿង​របស់​លោកសុខ​ ជំនោរ​
សកម្ម​ភាព​ដឹក​នាំ​រឿង​របស់​លោកសុខ​ ជំនោរ​

យ៉ាង​ណា​មិញ អ្នក​ដឹក​នាំ​រឿង​«ម្ចាស់​ចម្ការ​» រូប​នេះ​ក៏​បាន​បង្ហាញ​ទស្សនៈផ្ទាល់​ខ្លួន​ លើ​វិស័​យភាព​យន្ត​នៅ ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ថា​ ​វិស័យ​ភាព​យន្ត​ខ្មែរ​មាន​ការ​រី​ក​ចម្រើន​ក៏​ដូ​ចជា ផុស​ផុល​ខ្លាំង​​ជាង​កាលពី​៥ទៅ​១០​ឆ្នាំ​មុន។ យ៉ាង​ណាមិញ ថ្វី​ត្បិត​តែវិស័យ​ភាព​យន្ត​មាន ការ​ដើរ​ទៅ​មុខ​ក៏​ពិត​មែន​តែ​ លោក​ក៏បាន​លើកឡើង​ផង​ដែរថា៖

« ខ្ញុំ​គិត​ថាដើម្បី​ជួយ​ដល់​​វិស័យ​ភាព​យន្ត​ខ្មែរ ខាង​​រាជ​រដ្ឋាភិបាល​ ឬ​ក៏​ស្ថាប័ន​ដែលជាប់​ពាក់ព័ន្ធ​ដូច​ជា ​នាយក​ដ្ឋាន​ភាព​យន្ត​ និង​ក្រសួង​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត គួរ​តែ​ជម្រុញ​ឬ អនុវត្តន៍គោល​នយោបាយ ​បើក​ឱកាស​បន្ថែម​ទៀត​ ឲ្យភាគីខាង​បរទេសមាន​ឱកាស មក​វិនិយោគ​ខាង​វិស័យ​ភាព​យន្ត ក្នុង​ប្រទេស​យើង​បន្ថែម​ទៀត​ ដែល​បង្ក​​ជា​ភាព​ងាយ​ស្រួល ក៏​ដូច​ជា​ការលើក​ទឹក​ចិត្ត​ផ្សេងៗ​ ​ក្នុង​ការ​ដែលពួកគេ​​ចូល​មក​ថត ​ក្នុង​ស្រុក​យើងដើម្បី​អាច ​ជួយ​អភិវឌ្ឍន៍​វិស័យ​ភាព​យន្ត​ខ្មែរ​បន្ថែម​ទៀត»។  

សកម្ម​ភាព​ដឹក​នាំ​រឿង​របស់​លោកសុខ​ ជំនោរ​
សកម្ម​ភាព​ដឹក​នាំ​រឿង​របស់​លោកសុខ​ ជំនោរ​
សកម្ម​ភាព​ដឹក​នាំ​រឿង​របស់​លោកសុខ​ ជំនោរ​
សកម្ម​ភាព​ដឹក​នាំ​រឿង​របស់​លោកសុខ​ ជំនោរ​

ជា​ចុង​ក្រោយ​លោក​ក៏​មាន​ជា​មតិ ក៏​ដូច​ជា​សារ​ផ្តាំ​ផ្ញើ​មួយ​ចំនួន​ទៅដល់ ​អ្នក​ដែលស្រលាញ់​ឬ​មាន​បំណង​ចង់ ​ប្រឡូក​ចូល​ក្នុងវិស័យ​ភាព​យន្តថា ​ប្រសិន​បើ​ស្រលាញ់​វិស័យ​នេះ​ត្រូវ​ព្យាយាម ​សិក្សា​មូលដ្ឋាន​គ្រឹះ​ក៏​ដូចជា​ទ្រឹស្តី​ ហើយ​រក​កន្លែង​អនុវត្តន៍​ឲ្យ​បាន​ច្រើន​។ ហើយ​ត្រូវចងចាំ​ថា​ស្នាដៃ​សិល្បៈមួយ ​ដែល​មិន​បង្កប់​នៅ​ការ​អប់​រំ​ ហើយមិន​បង្កប់​នៅ​គោល​គំនិត ​របស់​អ្នក​និពន្ធ​ទេ​នោះ​ ច្បាស់​ណាស់​ស្នាដៃ​នោះ​គឺ​នឹង​មិន​មានភាព​យូរ​អង្វែង​នោះ​ទេ បន្ថែម​ពី​នេះ​ទៀត​វា​ក៏​ចូល​រួម​បំផ្លាញ​ ពេល​វេលា​របស់​អ្នក​អាន​អ្នក​មើល ដោយ​ចុង​ក្រោយ​មក​គឺ​នឹង ​មិន​មាន​ជា​ប្រយោជន៍​អ្វី​ទាំង​អស់ ​ទៅកាន់​ពួកគេ​៕ ​

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T