អ្នកមានជំងឺផ្លូវចិត្ត មានសុខភាពខ្សោយ និងឆាប់ស្លាប់ មកពីអី?

//s4.kh1.co/6a/6acd4339bc86fe2e98837901790552d6a4e15c2b.jpg
នារី

 ២៤-តុលា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ជុំវិញ​ពិភពលោក អ្នកមាន​ជំងឺផ្លូវចិត្ត អាច​ឆាប់ស្លាប់​មុន​អាយុ រហូត​ដល់ ២០​ឆ្នាំ បើធៀប​នឹង​មនុស្សទូទៅ ហើយ​សមាគម​សុខភាព​ផ្លូវចិត្ត​អន្តរជាតិ​ជាច្រើន បាន​ស្នើឲ្យ​រដ្ឋាភិបាល និង​អ្នកផ្ដល់​សេវា​សុខភាព យកចិត្តទុកដាក់ និង​ធ្វើការ​បន្ថែមទៀត លើ​បញ្ហា​នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Joseph Firth អ្នកស្រាវជ្រាវ នៅ​សាកលវិទ្យាល័យ Manchester និង​ជានាយក​សមាគម​សុខភាព​ផ្លូវចិត្ត Lancet របស់អង់គ្លេស បាន​វិភាគ​លើ​ការសិក្សា​ចំនួន ១០០ ដោយ​បាន​រកឃើញ​ថា អ្នក​ជំងឺ​ផ្លូវចិត្តជាច្រើន មិនមែន​ស្លាប់​ដោយសារ​អត្តឃាត​នោះទេ ប៉ុន្ដែដោយសារ​សុខភាព​ផ្លូវកាយ​ខ្សោយ ដែល​បញ្ហានេះ អាច​បង្ការ​បាន។

អ្នកជំងឺផ្លូវចិត្ត ប្រឈម​ហានិភ័យ ២​ដង ជាមួយ​នឹង​ជំងឺបេះដូង​បណ្ដាលមកពីមេតាប៉ូលិស ដូចជា​ជំងឺទឹកនោមផ្អែម និង​ជំងឺ​ដាច់សរសៃ​ឈាម​ខួរក្បាល។ អ្នកជំងឺ​បាក់ទឹកចិត្ត ប្រឈម​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺធាត់ ៤០% ខ្ពស់ជាង​ប្រជាជន​ទូទៅ។

អ្នកស្រាវជ្រាវសង្កត់ធ្ងន់​ថា ជំងឺផ្លូវចិត្តអាចបង្កើន​ហានិភ័យ​នៃ​ជំងឺ​ផ្លូវកាយ ហើយ​ជំងឺផ្លូវកាយនេះ អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ផ្លូវចិត្ត។ អ្នកស្រាវជ្រាវ​ថា ជំងឺធាត់ និង​ទឹកនោមផ្អែម អាច​បង្កើន​ហានិភ័យនៃ​ការ​វិវត្តទៅ​រក​បញ្ហា​ផ្លូវចិត្ត។

ពេលខ្លះដោយសារ​ការព្យាបាល​ជំងឺ​ផ្លូវចិត្ត អាច​បង្កើត ឬ​ធ្វើឲ្យ​សុខភាព​រាងកាយ​កាន់តែ​ខ្សោយ​ជាងមុន។ អ្នកស្រាវជ្រាវ រកឃើញ​ថា ថ្នាំប្រើប្រាស់ ដើម្បី​ព្យាបាល​ជំងឺ​ផ្លូវចិត្ត រួមមាន​ថ្នាំ​ប្រឆាំង​ជំងឺ​បាក់ទឹកចិត្ត ប្រឆាំង​បញ្ហា​ផ្លូវចិត្ត និង​ជួយ​សម្រួល​អារម្មណ៍ អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​មេតាប៉ូលិស និង​សុខភាព​បេះដូង។ ក្រៅពីនេះ អ្នកមាន​ជំងឺផ្លូវចិត្ត មាន​ទម្លាប់​រស់នៅ​ពុំមាន​សុខភាព​ល្អ ដូចជា ចូលចិត្ត​ជក់បារី ផឹក​គ្រឿងស្រវឹង និង​ហាត់ប្រាណ​តិចតួច។

ដើម្បីដោះស្រាយ​បញ្ហានេះ អ្នកស្រាវជ្រាវ លើកឡើង​ថា រដ្ឋាភិបាល និង​អ្នកផ្ដល់​សេវាសុខភាព​សាធារណៈ ចាំបាច់​ត្រូវ​បង្ការ​ឥរិយាបទ​នានា ដែល​ឆ្ពោះ​ទៅ​រក​បញ្ហា​ផ្លូវចិត្ត និង​អប់រំ​អ្នក​ផ្ដល់​សេវា​សុខភាព​សាធារណៈ ពី​ការ​រួមបញ្ចូល​គ្នា​នៃ​ការថែទាំ​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T