អាក្រក់ម៉្លេះ! កូនសិស្សអាយុ៤ឆ្នាំម្នាក់ ត្រូវគ្រូចិត្តអប្រិយយកប្រដាប់កិប កិបត្រចៀក

//s6.kh1.co/b7/b769e5f9c8ba7c7a2f6c3e7343e394829dcb5149.jpg
សង្គម

 ២១-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ម៉ាឡេស៊ី៖ គ្រូបង្រៀនម្នាក់នៅសាលាមត្តេយ្យមួយកន្លែង ស្ថិតក្នុងទីក្រុង Kuching ប្រទេសម៉ាឡេស៊ី ត្រូវបានរងការចោទប្រកាន់ និងឃាត់ខ្លួន ជុំវិញនឹងរឿងរ៉ាវយកប្រដាប់កិប ទៅកិបត្រចៀកកូនសិស្សតូចម្នាក់ ដែលមានអាយុទើប៤ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ត្រចៀកកុមារារងគ្រោះ
ត្រចៀកកុមារារងគ្រោះ

បើយោងតាមប្រភពបានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ តុលា ឆ្នាំ២០១៩ នាសប្តាហ៍មុននេះ ឪពុកម្តាយរបស់កុមារារងគ្រោះ បានទៅទទួលយកកូនចេញពីសាលារៀន។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ឪពុកម្តាយកុមារារងគ្រោះបានរកឃើញថា ស្លឹកត្រចៀកកូនប្រុសរបស់ខ្លួនបានរងរបួស យ៉ាងគួរឲ្យសង្ស័យ។

ជាក់ស្ដែង របួសនោះវាប្រៀបបីដូចជាត្រូវបានគេកិបនឹងប្រដាប់កិប (ប្រដាប់កិបក្រដាស) ដោយសារតែ មានស្នាមរន្ធចំនួន២ អមសងខាង និងប្រតាកវែងនៅផ្នែកកណ្តាល។

ក្រោយពិនិត្យមើលរួច ឪពុកម្តាយរបស់កុមារារងគ្រោះ បានសង្ស័យនិងជឿជាក់ថា កូនប្រុសរបស់ពួកគេ ប្រាកដជាត្រូវបានរងការរំលោភបំពាន ឬធ្វើបាបនៅសាលាតែម្តង។ ដូច្នេះហើយ ពួកគេក៏បានទៅជួបនឹងនាយកសាលាមត្តេយ្យនោះ ដើម្បីប្រាប់និងសួរនាំពីរឿងរ៉ាវដែលបានកើតឡើងនេះ។

ប៉ុន្តែផ្ទុយទៅវិញ នាយកសាលាបែរជាបានត្រឹមតែឆ្លើយថា សុំទោស ដោយពុំមានការពន្យល់ ឬប្រាប់លម្អិតពីរឿងហេតុណាមួយនោះឡើយ។ ក្រោយមកពួកគេក៏បានទៅសួរផ្ទាល់ជាមួយនឹងគ្រូបង្រៀន វ័យ២៦ឆ្នាំ ដែលជាអ្នកបង្រៀនកូនប្រុសរបស់ពួកគេតែម្តង។ ប៉ុន្តែជាលទ្ធផល គ្រូបង្រៀននោះបានឆ្លើយបដិសេធថាមិនដឹងរឿង ជុំវិញនឹងរបួសស្នាមនេះឡើយ។

ប្រភពដដែលបន្តថា ដោយសារតែបែបនេះហើយ ទើបបានជាធ្វើឲ្យឪពុកម្តាយរបស់កុមារារងគ្រោះ កាន់តែខឹងសម្បាយ៉ាងខ្លាំង ហើយក៏សម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅកាន់ប៉ូលិស នៅព្រឹកថ្ងៃបន្ទាប់ (១៨ តុលា) នាម៉ោងប្រហែលជា ៩និង៤៥នាទីព្រឹក។

ត្រចៀកកុមារារងគ្រោះ
ត្រចៀកកុមារារងគ្រោះ

ក្រោយមក ជុំវិញនឹងរឿងរ៉ាវនេះ ប៉ូលិសក៏បានចុះធ្វើការឃាត់ខ្លួនគ្រូបង្រៀនខាងលើនេះ ដោយមិនបញ្ចេញអត្តសញ្ញាណ ដើម្បីយកមកសួរនាំ ដោយស្ថិតនៅក្រោមការស៊ើបអង្កេតតាមមាត្រា ៣២៤ នៃក្រមព្រហ្មទណ្ឌ ពីបទបង្ករបួសស្នាមនេះផងដែរ។

បើទោះបីជាយ៉ាងណាក្តី គ្រូបង្រៀននោះ ក៏ត្រូវបានប៉ូលិសដោះលែងឲ្យនៅក្រៅឃុំវិញសិន បន្ទាប់ពីបញ្ចប់ការសាកសួរនៅម៉ោងប្រហែល ១១និង៤៥នាទីព្រឹកថ្ងៃដដែល។

គួរបញ្ជាក់ថា មកទល់ពេលនេះ ប្រភពពុំបានទម្លាយឲ្យដឹងទេថា នឹងមានការសាកសួរ ឬបើកការស៊ើបអង្កេតបន្ថែម ជុំវិញនឹងរឿងរ៉ាវមួយនេះជាបន្តទៀត ឬយ៉ាងណានោះទេ។ តែគេក៏សង្ឃឹមថា អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវស៊ើបអង្កេតលើរឿងក្តីនេះ ឲ្យបានសម្រេចឆាប់រហ័សដើម្បីរកយុត្តិធម៌ជូនដល់កុមារារងគ្រោះផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T