រាជធានីភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ក្នុងចំណោម២នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអធ័មបំផុត ខណៈដែលរូបគាត់ និងអ្នកធ្វើការងារជាមួយគ្នាម្នាក់ទៀត ឆ្លៀតពេលទំនេរពីការងារនាំគ្នាដើរបង់សំណាញ់យកត្រីមកធ្វើម្ហូបហូប ។ លុះដើរមកដល់ខាងក្រោយការដ្ឋានសំណង់មួយកន្លែងឈ្មោះ MESONG ក្បែរស្ពាននាគកោះពេជ្រ ក៏ជាន់ខ្សែរភ្លើង ដែលគេតម៉ូទ័រមូបទឹកពីក្នុងទន្លេទៅប្រើក្នុងការដ្ឋាននោះ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី១៨ តុលា នៅចំណុចខាងក្រោយការដ្ឋានសំណង់ ដែលមានទីតាំងនៅក្បែរគល់ស្ពាននាគ ក្នុងកោះពេជ្យ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា បុរសរងគ្រោះឈ្មោះសាំង គឹមសឿន អាយុ២១ឆ្នាំ នៅលីវ ជាកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានសំណង់មួយកន្លែង នៅក្នុងកោះពេជ្រ មានស្រុកកំណើត នៅភូមិ អូដីខ្មៅ ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងម្នាក់ទៀតមានឈ្មោះ ជ្រិន តារាញ៉ឹប អាយុ ២៨ឆ្នាំ ជាកម្មករសណង់ជាមួយគ្នា និងមានស្រុកកំណើតនៅឃុំផ្ទះរុង ស្រុកភភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។
មុនពេលកើតហេតុ ក្រោយពីទំនេរពីការងារ ពួកគេទាំងគេបានបបួលគ្នាដើររកបង់សំណាញ់យកត្រីមកធ្វើម្ហូបហូបនៅតាមដងទន្លេបាសាក់ (មុខកោះពេជ្រនៅម្តុំស្ពានហង្ស) ដោយបុរសរងគ្រោះជាអ្នកបង់សំណាញ់ និងបុរសម្នាក់ទៀត ជាអ្នកកាន់ថង់ដាក់ត្រី និងបានត្រីមួយចំនួនហើយដែរ ។ តាមប្រភពដដែលប្រាប់បន្តទៀតថា ពេលដែលពួកគេទាំង២នាក់ រកត្រីមួយបានចំនួនរួចហើយនោះ ពួកគេក៏បានបន្តដើររកបង់សំណាញ់ជាបន្តទៀត ដោយបុរសរងគ្រោះដើរលើលើគោកតាមមាត់ច្រាំងទន្លេ ចំណែកឯបុរស ម្នាក់ទៀតជាអ្នកកាន់ថង់ចាំដាក់ត្រីគេដើរក្នុងទឹករហូតមកដល់ក្បែរស្ពាននាគ។
លុះមកដល់ចំណុចខាងក្រោយការដ្ឋាន សំណង់មួយកន្លែងឈ្មោះ MESONG ក៏ស្រាប់តែឭសំឡេងរបស់បុរសរងគ្រោះស្រែកថា «អូយ» បានតែមួយម៉ាត់ក៏ស្ងាត់ មាត់ឈឹងនិងដួលទៅលើដីតែម្តង ភ្លាមនោះបុរសជាអ្នកធ្វើការជាមួយគ្នាម្នាក់ទៀត ក៏បានរត់ស្រវ៉ារត់ឡើងពីក្នុងទឹកមកមើល ឃើញជើងម្ខាងឆ្វេងម្ខាងរបស់គេ ជាប់នឹងរលួសមួយខ្សែដែលគេប្រើសំរាប់ចងភ្ជាប់ម៉ូទ័រ និងមានខ្សែភ្លើង ពណ៌ខ្មៅមួយខ្សែ នៅជាប់គ្នានោះផងដែរ។
ដោយបានឃើញបែបនោះ បុរសអ្នកដើរបង់សំណាញ់ជាមួយគ្នាបានដឹងថា បុរសរងគ្រោះពិតជា ត្រូវខ្សែរភ្លើងឆក់ហើយ ក៏បានរត់ទៅយកឈើស្ងួចមួយមករុញដែកលួសចេញពីជើងគេ ហើយក៏បានស្រែកហៅអ្នកជិតខាង អោយគេមកជួយមើល និង ធ្វើចលាសង្គ្រោះតែអាអកុសលរូបគេបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបរាយការណ៍ទៅ ប្រាប់កម្លាំងមានសម្ថកិច្ចអោយបានដឹងពីរឿងនេះ៕
ប្រភព៖ កោះសន្តិភាព