ម៉េចបានអ្នកខ្លះ ឡើងសរសៃច្បាស់ៗ?

//s6.kh1.co/8a/8a3ad0232e72e692fd4bcef5516d7c4eabd9bf2a.jpg
នារី

 ១៧-តុលា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

សរសៃ​ឈាម​របស់យើង ជាប្រព័ន្ធ​វៃឆ្លាត​មួយ ដែល​បញ្ចូនឈាម​ចេញពី​បេះដូង ទៅ​គ្រប់​ផ្នែក​នៃ​រាងកាយ។ ជាធម្មតា យើងមិន​សូវខ្វល់ពី​វាទេ ដោយសារ​វាស្ថិតនៅ​ក្រោមស្បែក តែ​ពេលខ្លះ វា​អាច​លេចឡើង​មក​លើស្បែក ដែល​យើង​អាច​មើលឃើញ តែយើង​មិនដឹង​ពីមូលហេតុ​បង្ក​នោះទេ។ ការលេចឡើង​នៃ​សរសៃឈាម​នៅលើ​ស្បែក អាច​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​ ប៉ុន្ដែ​ភាគច្រើន វាមិន​បណ្ដាល​ឲ្យ​យើង​មាន​គ្រោះថ្នាក់​នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. សរសៃឈម​អាចលេចឡើង អាស្រ័យ​តាម​ប្រភេទស្បែក

អ្នកជំនាញ​សរសៃឈាម បញ្ជាក់​ថា អ្នកមាន​ស្បែក​ថ្លា រលោង អាច​មាន​សរសៃឈាម​លេចឡើង​លើ​ស្បែក ជាង​អ្នក​មាន​ស្បែក​ខ្មៅ។ នៅពេល​យើង​ចាស់ទៅៗ ស្រទាប់ខ្លាញ់​ក្រោម​ស្បែក កាន់តែ​ស្ដើងទៅៗ ហើយ​នេះ​ជាមូលហេតុ ដែល​មនុស្សចាស់ មាន​សរសៃឈាម​លេចឡើង​លើ​ដៃ ជើង និង​ផ្នែក​ផ្សេងទៀត នៃ​រាងកាយ។

២. សរសៃឈាម​អាចលេចឡើង ដោយសារ​ហាត់ប្រាណ

ការលេចឡើង ឬប៉ោងសរសៃឈាម ក្រោយ​ការហាត់ប្រាណ គឺជារឿងធម្មតា​ទេ។ នៅពេល​យើង​ហាត់ប្រាណ សាច់ដុំ​របស់​យើង​ធ្វើការ ដោយ​បំប៉ោង និង​រុញសរសៃឈាម​ទៅ​ផ្ទៃស្បែក ដែល​យើង​អាច​មើលឃើញ​វា​បាន។ ក្រោយ​ហាត់ប្រាណ សាច់ដុំ​របស់​យើង ត្រឡប់​ទៅ​ធម្មតា​វិញ ហើយ​សរសៃឈាម ក៏​រួមទៅ​សភាព​ធម្មតា​វិញ​ដែរ។

៣. សរសៃឈាម​អាចលេចឡើង អំឡុងពេល​ពពោះ

ស្ត្រីពពោះ​ភាគច្រើន មាន​ការ​លេចឡើង​សរសៃឈាម​លើស្បែក តែ​មិនចាំបាច់​បារម្ភ​ពី​បញ្ហា​នេះ​ទេ។ ចំណុះ​ឈាម​របស់​ស្ត្រីពពោះ មាន​ច្រើនជាង​ស្ត្រី​ដែល​អត់ពពោះ ដូច្នេះ​សរសៃឈាម ប្រឹង​ទប់​ការ​កើនឡើង​បរិមាណ​ឈាម។ ជាមួយ​នេះ សរសៃឈាម បាន​ធ្វើការ​ច្រើនជាងមុន ដើម្បី​បញ្ចូន​ឈាម ទៅកាន់​រាងកាយ​ស្ត្រីពពោះ សម្រាប់​ចិញ្ចឹម​ទារក​ក្នុងផ្ទៃ។

៤. សរសៃឈាម​អាចលេចឡើង ដោយសារ​បរិមាណ​ខ្លាញ់រាងកាយ​តិច

កម្រិត​ខ្លាញ់​ក្នុងរាងកាយ​តិច ក៏ជា​មូលហេតុ​មួយ ដែល​បណ្ដាល​ឲ្យ​សរសៃឈាម លេចឡើង​មក​លើស្បែក​ផងដែរ។ ជាធម្មតា មនុស្ស​ស្គម ដែល​មាន​ខ្លាញ់​ក្នុង​រាងកាយ​តិច មិន​អាច​គ្របពី​លើ​សរសៃឈាម​បាន ទើប​ធ្វើ​ឲ្យ​សរសៃឈាម​លេចឡើង​លើ​ស្បែក។

៥. ករណីការ​លេចឡើង​សរសៃឈាម ដែល​ត្រូវទៅ​ជួបគ្រូពេទ្យ

ប្រសិនបើ​យើង​មាន​ការ​លេចឡើង​សរសៃឈាម​លើ​ស្បែក ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ មាន​រោគសញ្ញា​មួយ​ចំនួន​ទៀត ដូចជា ក្រហាយទ្រូង ថប់ដង្ហើម ដំបៅ​ជិត​សរសៃឈាម ឬ​ហើម​សរសៃឈាម យើង​ត្រូវ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ។ រោគសញ្ញា​ទាំង​នេះ បណ្ដាល​មកពី​បញ្ហា​សុខភាព ដូចជា ការរីកសរសៃឈាម (Varicose Veins) ការ​រលាក​ជញ្ជាំង​នៃ​សរសៃឈាម (Thrombophlebitis) និង​ជំងឺ​សរសៃឈាម (Venous diseases)។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T