ទិដ្ឋភាពទូទៅរបស់ខេត្តឧត្តរមានជ័យ

//s5.kh1.co/a7/a7d0fc507439c7dd9b18d2d90c29ced0189acb6f.jpg
Khmerhome

 ១៤-តុលា-២០១៩ ៦ល្ងាច · ៤ ឆ្នាំមុន

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខេត្តឧត្តរមានជ័យស្ថិតនៅប៉ែកខាងជើងឈៀងខាងលិចនៃប្រទេសកម្ពុជា មានចម្ងាយប្រមាណ ៤៣៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦A និង​កាត់​តាម​ខេត្ត​កណ្តាល កំពង់ចាម និង​បន្ត​ដំណើរតាមផ្លូវជាតិលេខ៦ ពីចំនុច​បំបែក​ស្គន់​កាត់​តាម​ខេត្ត​កំពង់ធំ សៀមរាប ដល់ចំណុច ស្រុកក្រឡាញ់នៃខេត្តសៀមរាប មានផ្លូវ​បំបែក​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង​តាម​ផ្លូវ​លេខ៦៨ កាត់តាមស្រុកស្រីស្នំ ខេត្តសៀមរាប ទៅកាន់ស្រុកចុងកាល់ និងក្រុងសំរោង ខេត្តឧត្តរមានជ័យ។

https://s5.kh1.co/__image/w=650,h=488,q=100/a7/a7d0fc507439c7dd9b18d2d90c29ced0189acb6f.jpg

ដែលមានព្រំប្រទល់ខាងជើងជាប់នឹងប្រទេសថៃ មានប្រវែង ២២៤គ.ម ខ័ណ្ឌចែកដីកម្ពុជា និងថៃដោយភ្នំដងរែក គ្មានដីវាលរាបទេជាមួយប្រទេសថៃ គឺសុទ្ធតែភ្នំដោយមានតែច្រក៥សម្រាប់ចេញចូលប៉ុណ្ណោះ។ ខាងត្បូងជាប់នឹងខេត្តសៀមរាប  ខាងកើតជាប់នឹងខេត្តព្រះវិហារ ខាងលិចជាប់នឹងខេត្តបន្ទាយមានជ័យ។ មាន៤ស្រុក ១ក្រុង និង២៤ឃុំសង្កាត់ ហើយនិង២៦៨ភូមិ។

ខេត្តឧត្តរមានជ័យមានផ្ទៃដីសរុបចំនួន ៦១,៥៨ គីឡូម៉ែត្រការ៉េ ហើយមានដង់ស៊ីតេប្រជាជន ២៦,១៧នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ (ស្ថិតិឆ្នាំ២០០៧)។ ប្រជាជនក្នុងខេត្តឧត្តរមានជ័យសរុបមាន ១៦០,១៩៦នាក់ក្នុងនោះមានបរុស ៨០,៤៦៥នាក់ និងស្ត្រីចំនួន ៧៩ ៧៣១នាក់។ តាមទិន្នន័យឃុំឆ្នាំ ២០០៧បានបញ្ជាក់ថា ខេត្តឧត្តរមានជ័យមានចំនួនគ្រួសារសរុប ៣៣,១៣៣គ្រួសារ ឯគ្រួសារ​ជាមធ្យម ៤.៨៣នាក់ក្នុងមួយគ្រួសារ និងចំនួនស្ត្រីជាមេគ្រួសារប្រមាណ ៣.៦៧ គ្រួសារ បើ​គិត​ជា​ភាគរយ​នៃ​ចំនួន​គ្រួសារ​សរុប​គឺ ១៤.០៧ភាគរយ។

សេដ្ឋកិច្ច

សេដ្ឋកិច្ចខេត្តឧត្តរមានជ័យ ​៩៣ភាគរយ ពឹងផ្អែក​លើ​កសិកម្មហើយ ៧ភាគរយ ទៀត​ពឹងលើការនេសាទនិងជំនួញ។ ដោយសារតែ​ខេត្តនេះ ​មានព្រំប្រទល់​ជាប់នឹង​ប្រទេសថៃ ពាណិជ្ជកម្មអន្តរជាតិ​មានសកម្មភាព​គួរកត់សម្គាល់ ដែលបានក្លាយជាវិស័យសំខាន់សំរាប់ទ្រទ្រង់​សេដ្ឋកិច្ចខេត្ត។ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច​ខេត្ត​ទទួលរង​ការបំផ្លិចបំផ្លាញ​យ៉ាងខ្លាំងក្លា​នាសម័យ​ខ្មែរក្រហម។ ហេតុនេះការស្ដារ​រចនាសំព័ន្ធថ្មី​មានសារសំខាន់ខ្លាំងណាស់​សំរាប់សេចកិច្ចខេត្ត។

សក្តានុពល សេដ្ឋកិច្ចរបស់ខេត្ត គេសង្កេតឃើញមានដូចជា រ៉ែក្រោមដី (ធ្យូងថ្ម រ៉ែមាស និល ថ្មកំបោរ ដែក និង សំណជាដើមនៅក្រោមដី)។ ឯនៅលើដីវិញមានព្រៃឈើ ដំណាំស្រូវ ដំណាំកសិឧស្សាហកម្មសត្វ ព្រៃ ក្រៅពីនេះមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនកន្លែង និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ គឺស្ថិតនៅលើជួរភ្នំដងរ៉ែក ម្ដុំច្រកជាំសាង៉ាមក្នុងស្រុកអន្លង់វែង។ ក្រៅពីនេះ​​ ខេត្តមានប្រាសាទបុរាណចំនួន១៨ផងដែរ ដើម្បីជូនភ្ញៀវជាតិនិង អន្តរជាតិទស្សនាកំសាន្ត ។

កសិកម្ម

ផ្ទៃដីសរុបរបស់ខេត្តមានទំហំ ៦១៥.៨០០ហិកតា។ ទិន្នន័យឃុំប្រភេទដីចំនួន ៧ប្រភេទ គឺ​ប្រភេទ​ដី​ស្រូវ​វស្សា​ ដីស្រែបង្កើនរដូវ ដីស្រែប្រាំងស្រោចស្រព ដីស្រែប្រាំងប្រដេញទឹក ដីស្រូវចំការ ដីដាំដុះដំណាំផ្សេងៗ និងដីចម្ការមីនដោយសារគ្មានទិន្នន័យស្តីពី ផ្ទះសម្បែង និងដីផ្សេងៗ ហេតុទើបផលបូកប្រភេទផ្ទៃដីទាំង ៧ ប្រភេទខាងលើនេះមិនស្មើរនឹងផ្ទៃដីសរុបរបស់ខេត្ត។

ទេសចរណ៍

ខេត្ត​ឧត្តរមានជ័យ​បានទទួលកេរ្តិ៍ដំណែលវប្បធម៌​មួយចំនួន ដែលសព្វថ្ងៃ​បានក្លាយជា​តំបន់ទេសចរណ៍​ដ៏គួរឱ្យ​ចាប់អារម្មណ៍​ពីសំណាក់ភ្ញៀវទេសចរជាតិ​និង​អន្តរជាតិយ៉ាងច្រើន។ មានរមណីយដ្ឋាន​វប្បធម៌​ជាច្រើនរួមមានប្រាសាទបុរាណ (នៅមានរូបរាង) ១៨កន្លែង ស្ពានបុរាណ ៧កន្លែង ទួលប្រាសាទ ៨២កន្លែង និងស្រះបុរាណ ១៤កន្លែង។ ប្រាសាទសំខាន់​នៅខេត្តឧត្តរមានជ័យ មានដូចជា ប្រាសាទតាមន្តជាដើម។ ក្រៅពីនេះនៅមានរមណីយដ្ឋានធម្មជាតិ ៦កន្លែង ​ទៀត​សំរាប់ទាក់ទាញទេសចរណ៍៕

https://s4.kh1.co/__image/w=479,h=479,q=100/cc/cc5c0af0dd7331797973940d5e55c7679b2a140d.jpg
Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T