រាជធានីភ្នំពេញ ៖ ករណីឆេះផ្ទះមួយកន្លែង ត្រូវចៅបង្កើតបែកថ្នាំយកប្រេងកាតទៅចាក់ដុតផ្ទះខ្លួនឯងឆាបឆេះសន្ធោសន្ធៅនៅជាន់ទី២ ហើយបែរជាចោទថា ជីដូនជាអ្នកដុតទៅវិញ បង្កការភ្ញាក់ផ្អើលខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ កាលពីវេលាម៉ោង០៣និង៣០ទៀបភ្លឺថ្ងៃទី១២ តុលា ស្ថិតតាមបណ្តោយផ្លូវ១០៧កែងផ្លូវកម្ពុជាក្រោម (ក្រោយថ្មដា) ស្ថិតនៅក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសាក្សីដែលឃើញហេតុការណ៍ថា មុនពេលកើតហេតុ គាត់រស់នៅម្តុំកន្លែងកើតហេតុជាប់ផ្ទះបានប្រទះឃើញមានផ្សែងហ៊ុយចេញមកពីក្នុងផ្ទះជាន់ទី២ និងមានអណ្តាតភ្លើងឆាបឆេះចេញមកពីខាងក្នុងផ្ទះ ទើបពួកគាត់បានរាយការណ៍ទៅអោយខាងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលមនោរម្យ ឱ្យចុះកន្លែងកើតហេតុនិងទំនាក់ទំនងហៅខាងការិយាល័យបង្ការនឹងពន្លត់អគ្គីភ័យរបស់ស្នងការរាជធានីភ្នំពេញ ដើម្បីមកអន្តរា គមន៍បាញ់ពន្លត់ភ្លាមៗតែម្តង ប៉ុន្តែដោយសារតែអណ្តាតភ្លើងឆាបឆេះសន្ធោសន្ធៅ ធ្វើឲ្យកំដៅភ្លើងបុកចេញមកខ្លាំងពេក ទើបបាញ់ពន្លត់រយៈពេលជិតមួយម៉ោង ទើបបាញ់ពន្លត់អស់ទាំងស្រុង ។
សមត្ថកិច្ចក៏បានបញ្ជាក់ថា ផ្ទះកើតហេតុខាងលើនេះ គឺរស់នៅតែ២នាក់ចៅនិងជីដូនតែប៉ុណ្ណោះ ហើយចៅរបស់គាត់ញៀនថ្នាំរយៈពេលយូរឆ្នាំមកហើយ ។ មុនកើតហេតុ ចៅបង្កើតរបស់គាត់បែកថ្នាំបានយកប្រេងកាតទៅដុតផ្ទះខ្លួនឯង បង្កអោយឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង ហើយចៅរបស់គាត់បានចោទជីដូនខ្លួន ឯងជាអ្នកដុតផ្ទះថែមទៀត ។
សមត្ថកិច្ចក៏បានបន្តទៀតថា ចៅប្រុសមានឈ្មោះអាយូ ណាម ភេទប្រុស២៧ឆ្នាំ ហើយម្តាយបង្កើតនិងឪពុករបស់ចៅប្រុសនេះ បានស្លាប់តាំងពីចៅប្រុសគាត់អាយុ5ទៅ6ឆ្នាំ ស្លាប់ដោយសារតែជំងឺអេដស៍នៅឯប្រទេសវៀតណាម រាល់ថ្ងៃជីដូនបានដើររើសអេតចាយនឹងសុំទឹកគេប្រើប្រាស់ ។ដោយឡែក ជីដូនបានអះអាងថា ចៅគាត់ជាអ្នកដុត និងមានអ្នកជិតខាងបានឃើញ ចៅប្រុសខាងលើយកមកប្រេងមកចាក់ដុតនៅមុខផ្ទះ និងក្នុងផ្ទះផងដែរ ។
អគ្គីភ័យខាងលើនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន៧គ្រឿងបានរលត់អស់ទាំងស្រុង នៅវេលាម៉ោង០៤ និងនាទីថ្ងៃដដែល រីឯចៅប្រុសបង្កើត ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ននៅឯប៉ុស្តិ៍មនោរម្យ៕
ប្រភព៖ កោះសន្តិភាព