កម្ពុជាមិនត្រូវការជនបរទេសបែបនេះទេ

ភ្នំពេញៈ មក​ទល់​ថ្ងៃ​ម្សិលមិញ​នេះ​មិនទាន់​មាន​មន្ត្រី​ណា​អាច​អះអាង​ពី​ទីកន្លែង​ស្នាក់​នៅ​របស់​ជន​ដែល​ល្បី​ខាង​ប្រព្រឹត្ត​អនាចារ​ជាមួយ​កុមារ​អាឡិច សាន់ដឺ ត្រូហ្វីម៉ូវ  បាន​ទេ​។ នគរបាល​ខេត្ត​ព្រះសីហនុ បាន​ថ្លែងថា ពួកគេ​បាន​បាត់​ដាន​របស់​ជន​ម្នាក់​នេះ មួយ​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​បុណ្យ​ណូអែល ហើយ​នគរបាលជាតិ បាន​ថ្លែង​ថា ពួក​គេ​មិន​បាន​ស្វែងរក​ជន​ម្នាក់​នេះ​ទេ ខណៈ​ដែល​នគរបាល​ព្រំដែន​ស្នើ​សុំ​រូបថត ហើយ​អ្នក​នាំ​ពាក្យ​ស្ថាប័ន​រដ្ឋាភិបាល​បាន​ថ្លែង​ថា មិន​បាន​ដឹង។

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា លោក​មិន​បាន​ដឹង​ថា​តើ​ជនជាតិ​រុស្ស៊ី​ដែល​ទើប​ដោះលែង​ម្នាក់​នេះ ដែល​ប្រទេស​របស់​គាត់​ចង់​ចាប់​គាត់​ពី​បទ​ឧក្រិដ្ឋកម្ម​ផ្លូវ​ភេទ​លើ​ក្មេង​ស្រី​៦​នាក់​អាយុ​៩​ឆ្នាំ​និង​១០​ឆ្នាំ កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ឬ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​នោះ​ទេ។

លោក ថ្លែងថា៖ «ខ្ញុំ​មិន​ប្រាកដ​អំពី​កន្លែង​រស់នៅ  របស់ អាឡិច សាន់ដឺ ត្រូហ្វីម៉ូវ នោះ​ទេ​។ គាត់​នៅ​ក្នុង​ប្រទេស​ឬ​ចាក​ចេញ​ពី​ប្រទេស។ យើង​បាន​ស្រាវជ្រាវ​ឈ្មោះ ត្រូហ្វីម៉ូវ [នៅ​លើ​កំណត់ត្រា​អន្តោប្រវេសន៍] ប៉ុន្តែ​ឈ្មោះ​នេះ​មិន​មាន​ទេ»។ លោក​បន្ត​ថា បុរស​ម្នាក់​នេះ ដែល​គេ​ស្គាល់​ថា​មាន​ឈ្មោះ Stanislav Molodyakov នៅ​ក្នុង​បញ្ជី​ឧក្រិដ្ឋជន​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​របស់​ប៉ូលិស​អន្តរជាតិ ទំនង​ជា​បាន​ប្តូរ​ឈ្មោះ​ម្តង​ទៀត ហើយ​បាន​ចាក​ចេញ​ពី​ប្រទេស។ លោក​បន្ថែម​ថា នេះ​គ្រាន់​តែ​ជា​ការ​គិត​ផ្ទាល់​របស់​លោក​ទេ។

អ្នក​នាំ​ពាក្យ​ស្ថាប័ន​រដ្ឋាភិបាល​ដទៃៗ​ទៀត​បាន​ថ្លែងថា ពួក​គេ​ពិតជា​មិន​បាន​ដឹង​ទាំង​ស្រុង​អំពី​កន្លែង​ស្នាក់​នៅ​របស់​ត្រូហ្វីម៉ូវ​ទេ។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​លោក តាក វណ្ណ​ថា​បាន​ថ្លែងថា មន្ត្រី​លោក​មិន​បាន​ឃើញ​អតីត​ប្រធាន​ក្រុមហ៊ុន​វិនិយោគ​កោះ​ពស់​នេះ ចាប់​តាំង​ពី​ថ្ងៃ​ទី​២៦ ធ្នូ ប៉ុន្តែ​ថា ពួក​គេ​កំពុង​តែ​ស្វែងរក​កន្លែង​គាត់​ស្នាក់​នៅ​ពិតប្រាកដ។

«យើង​ភ័យខ្លាច​ថា គាត់​ឆ្លង​ទៅ​វៀតណាម ដូច្នេះ​យើង​ពិនិត្យ​ជាមួយ​នគរបាល​នៅ​ប៉ុស្តិ៍​ព្រំដែន​ពីរ​គឺ បាវិត និង​ទៀង​យ៉ាង»។ លោក តាក វណ្ណ​ថា បាន​ថ្លែង​នៅ​វេលា​ម៉ោង​ប្រហែល​៥​ល្ងាច​ម្សិលមិញ​ថា ៖ «យើង​មិន​ទាន់​ទទួល​ការ​ឆ្លើយ​តប​ណា​មួយ​[ពី​នគរបាល​ព្រំដែន​នៅ​ឡើយ​ទេ]»។

លោក តាក វណ្ណ​ថា ទំនង​ជា​មិន​បាន​ដឹង​ថា ក្រសួង​មហាផ្ទៃ​បាន​ពិនិត្យ​រួច​ហើយ​ទេ។ ក្រសួង​ក៏​បាន​ស្នើ​សុំ​រូបថត​ថ្មីៗ​របស់ ត្រូហ្វីម៉ូវ ដើម្បី​បញ្ជូន​ទៅ​មន្ត្រី​នគរបាល​ព្រំដែន ហើយ​បញ្ជាក់​ថា មិន​មាន​ឈ្មោះ​ទាំង​ពីរ​របស់​ជន​នេះ ស្ថិត​នៅ​ក្នុង​បញ្ជី​ចាក​ចេញ​ពី​ប្រទេស​នោះ​ទេ​។ នេះ​បើ​យោង​តាម​ប្រភព​ដែល​បាន​ថ្លែង​ឲ្យ​ដឹង។

លោក គៀត ច័ន្ទថារិទ្ធ អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​ថា នគរបាល​កំពុង​តែ​ស្វែងរក​ត្រូហ្វីម៉ូវ។ « ខ្ញុំ​មិន​ដឹង​កន្លែង​ស្នាក់​នៅ​របស់​ត្រូហ្វីម៉ូវ​ទេ។ ត្រូហ្វីម៉ូវ មាន​សេរីភាព​ក្នុង​ការ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​គាត់​ក៏​គ្មាន​កាតព្វកិច្ច​ជូន​ដំណឹង​នគរបាល​ដែរ។ បើ​ទិដ្ឋាការ​គាត់​នៅ​មាន​សុពលភាព គាត់​មាន​សេរីភាព ក្នុង​ការ​រស់​នៅ​កម្ពុជា»។

ទន្ទឹម​នេះ មន្ត្រី​ស៊ើបអង្កេត​របស់​អង្គការ​ការពារ​កុមារ កំពុង​បន្ត​តាម​ដាន​ផ្ទះ​វីឡា​មួយ​ក្នុង​ខេត្ត​ព្រះសីហនុ ជា​កន្លែង​ដែល​ពួក​គេ​សង្ស័យ​ថា ត្រូហ្វីម៉ូវ កំពុង​រស់នៅ​តាំង​ពី​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​គេ​រាយការណ៍​ពី​សប្តាហ៍​មុន​ថា គាត់​បាន​រស់​នៅ​ក្នុង​វីឡា​មួយ​ទៀត​ជិត​សាលាបឋម​សិក្សា​ក្រោយ​ឆ្នេរ​សុខា។ វីឡា​ថ្មី​នេះ គឺមាន​ទីតាំង​ជិត​ផ្ទះ​សំណាក់​មួយ​ដែល​ជន​អនាចារ​ជាមួយ​កុមារ Alexander Wartin ជនជាតិ​អាល្លឺម៉ង់​រស់នៅ តាំង​ពី​រួច​ចេញ​ពី​ពន្ធនាគារ​ជាមួយ ត្រូហ្វីម៉ូវ កាល​ពី​នៅ​ថ្ងៃ​ទី​២០​ខែ​ធ្នូ​ឆ្នាំ ២០១១។

បុរស​ទាំង​ពីរ​ត្រូវ​បាន​ដោះលែង​ដោយ​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ បន្ទាប់​ពី​ទទួល​បាន​ការ​លើកលែង​ទោស ពី​ព្រះមហាក្សត្រ​ខ្មែរ កាល​ពី​ថ្ងៃ​ទី ២០​ខែ​ធ្នូ​ឆ្នាំ​មុន៕

ដកស្រង់ចេញពី Phnom Penh Post

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]