រាជធានីភ្នំពេញ៖ បន្ទាប់ពីប្រមុខរដ្ឋាភិបាលរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសជាផ្លូវការកំណត់យកថ្ងៃទី៩ ខែវិច្ឆិកា ទិវាបុណ្យឯករាជ្យដើម្បីរៀបចំជាថ្ងៃជួបជុំទទួលទានអំបុកបែបលក្ខណៈទូទាំងប្រទេសរួចមក គេមើលឃើញថាតម្រូវការអំបុកប្រាកដណាស់នឹងមានបរិមាណកើនឡើងច្រើន ពិសេសតម្លៃក៏អាចហក់ឡើងខ្ពស់ផងដែរ ជាពិសេសគឺត្រូវធ្វើការ កុំម្ម៉ង់ទុកជាមុនផងដែរ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមអ្នកផ្គត់ផ្គង់អំបុកមួយរូបនៅខេត្តស្វាយរៀងបានឱ្យដឹងកាលពីថ្ងៃទី៩ ខែតុលា ម្សិលមិញនេះថា ផ្អែកតាមបទពិសោធន៍កន្លងដែលរាជរដ្ឋាភិបាលប្រកាសហូបនំបញ្ចុកសាមគ្គីរួមគ្នា ពេលនោះគេឃើញថាតម្រូវការនំបញ្ចុកកើនឡើងច្រើន ហើយតម្លៃក៏រាងហក់ខ្ពស់ ជាពិសេសគឺការកម្ម៉ង់ត្រូវបញ្ជារទិញឲ្យបានមុនថ្ងៃព្រឹត្តិការណ៍ ។ យ៉ាងណាមិញ អ្នកផ្គត់ផ្គង់អំបុក ក៏ហាក់មានទឹកមាត់លេបផងដែរ សម្រាប់ការជួបជុំទទួលទានអំបុកស្រូវថ្មីក្នុងក្របខណ្ឌទូទាំងប្រទេសខាងពេលខ្លីខាងមុខនេះ ។
លោក សំអាត អ្នកផ្គត់ផ្គត់អំបុកប្រចំខេត្តស្វាយរៀងបានឱ្យដឹងថាបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសយកថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ២០១៩ ដើម្បីទទួលទានអំបុកទូទាំងប្រទេសនោះ លោកក៏ឃើញមានឱកាសក្នុងការទទួលយកការកម្មង់ពីអតិថិជន ជាក់ស្តែងក្រោយពីលោកបានផ្សព្វផ្សាយលើបណ្តាញសង្គមទទួលយការកម្មង់ពីស្ថាប័នក្រសួងរដ្ឋនានានោះមក គឺមានក្រសួងស្ថាប័នរដ្ឋជាច្រើនបានទំនាក់ទំនងកម្មង់អំបុកពីរូបលោក ។
លោក សំអាត បាននិយាយថា «យោងតាមបទពិសោធ ដែលរាជរដ្ឋាភិបាលប្រកាសហូបនំបញ្ចុកសាមគ្គី យើងបានអង្កេតឃើញថាមានក្រសួង ស្ថាប័ន និងអង្គភាពជាច្រើនបានចូលរួមហូបនំបញ្ចុកនៅទូទាំងប្រទេស ជាហេតុនាំអោយមានការពិបាកក្នុងការផ្គត់ផ្កងនំបញ្ចុក។ ដូច្នេះនេះគឺជាមេរៀនមួយដែលយើងត្រូវរៀនសូត្រ ហើយតាមបទពិសោធនេះ ទើបខ្ញុំបង្កើតសេវាផ្គត់ផ្គង់អំបុកនេះ ដើម្បីជាច្រកងាយស្រួលសម្រាប់ការទទួលបានអំបុកតាមតម្រូវការ។ លោកបានបន្តថា «ខ្ញុំទើបចាប់ផ្តើមទទួលការកុំម្ម៉ង់អំបុកបណ្តើរហើត ក្រោយពីការប្រកាសរបស់រាជរដ្ឋាភិបាល។ ខ្ញុំរំពឹងថា នឹងមានក្រសួង ក៏ដូចជាស្ថាប័នជាច្រើនដាក់ការកុំម្ម៉ង់អំបុកច្រើនពីខ្ញុំ ។ អំបុករបស់ខ្ញុំមកពីខេត្តស្វាយរៀងជាអំបុកស្រូវថ្មី ស្រួយឆ្ងាញ់ហើយ មានថ្នាក់ដឹកនាំជាច្រើនរូបតែងតែសរសើរ និងបញ្ជាទិញអំបុក។ តួយ៉ាងមកដល់ថ្ងៃនេះមានស្ថាប័នរដ្ឋប្រហែល៦ហើយបានកុំម្ម៉ង់ទុកសម្រាប់ហូបថ្ងៃទី៩វិច្ឆិកា»។
តាមលោកសំអាត ក៏បានឲ្យដឹងផងដែរថា ឆ្នាំនេះត្រៀមផ្គត់ផ្គង់អំបុកប្រមាណ១.០០០កញ្ចប់ ហើយក្នុង១កញ្ចប់មានអំបុកចំនួន៥កំប៉ុងនិងមានតម្លៃជាង១ម៉ឺនរៀល ហើយតម្លៃនេះនឹងឡើងថ្លៃខ្លះបន្ថែមទៀតបើដល់ថ្ងៃទី៩វិច្ឆិកា ខណៈពេលដែលសព្វថ្ងៃនេះកង្វះស្រូវបុកអំបុកនិងការកុំម្ម៉ង់ចាប់មានចំនួនច្រើន។ លោក សំអាត បានបន្ថែមបន្តថា «តំលៃអំបុកនាពេលបច្ចុប្បន្ននៅលើទីផ្សារមានតម្លៃសមរម្យ តែនៅថ្ងៃខាងមុខ ខ្ញុំយល់ថាតំលៃអំបុកអាចឡើងថ្លៃបន្តិចខ្លះទៀត ព្រោះកង្វះស្រូវ និងការទទួលការកុំម្ម៉ង់ច្រើន។ ឆ្នាំមុនៗ ការកុំម្ម៉ង់អំបុកពីខេត្តស្វាយរៀងមានបរិមាណច្រើន ពិសេសការកុំម្ម៉ង់ពីក្រុមគ្រួសារនានា។ សម្រាប់ឆ្នាំនេះ រាជរដ្ឋាភិបាលបានប្រកាសការហូបអំបុកទូទាំងប្រទេស និងមានរយៈពេលបួនថ្ងៃ ដូចនេះខ្ញុំរំពឹងថា បរិមាណកម្ម៉ង់អំបុកឆ្នាំនេះនឹងមានបរិមាណច្រើនលើសការរពឹងទុករបស់ខ្ញុំ»។
ក្រៅពីអំបុក តម្លៃចេកណាំវ៉ា ក៏ត្រូវបានគេមើលឃើញថានឹងមានតម្លៃកើនឡើងផងដែរ ព្រមជាមួយគ្នានោះតាមតំបន់មួយចំនួនការទទួលទានអំបុកគឺមានលក្ខណៈខុសប្លែកពីគ្នា ដោយតំបន់ខ្លះគេពិសារអំបុកកាន់តែមានរសជាតិជាមួយនឹងទឹកដូងខ្ចី និងចេកណាំវ៉ា ខណៈមានប្រជាពលរដ្ឋនៅតំបន់ផ្សេងទៀតគឺគេនិយមទទួលទានអំបុកអមជាមួយនឹងទឹកត្នោតផ្អែម និងខ្លះទៀតគឺទទួលទានអំបុកជាមួយនឹងត្រីប្រឡាក់នឹងផ្អកត្រីប្រៃ ៕ កែសម្រួលដោយ ៖ សុឃាក់
ប្រភព៖ កោះសន្តិភាព