៨ MV របស់ផលិតកម្មយក្សទាំង៤ ត្រូវបានគេដឹងថាចំណាយដើមទុនក្រាស់បំផុត (មានវីដេអូ)

//s5.kh1.co/d8/d87a97c8011a5a54bc396f8b17cd813dc85b26da.jpg
តារា & កម្សាន្ដ

 ០៧-តុលា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ បច្ចុប្បន្ននេះផលិតកម្ម៤ក្នុងប្រទេសកូរ៉េមានដូចជា SM JYP YG និង Big Hit Entertainment ត្រូវបានគេទទួលស្គាល់ថាជាផលិតកម្មយក្សដែលរកចំណូលបានរាប់លានដុល្លារក្នុងមួយឆ្នាំៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុដូច្នេះហើយ ទើបបទចម្រៀងរបស់ក្រុមតារាដែលជ្រកក្រោមទ្រនំទាំងនោះ សុទ្ធតែមានគុណភាព និងមានភាពទាក់ទាញមិនឲ្យអ្នកគាំទ្រខកចិត្តនោះទេ។ ក៏ប៉ុន្តែទន្ទឹមនឹងការចំណាយទុនខ្ពស់លើបទចម្រៀងពីរោះៗសម្រាប់តារាខ្លួនហើយ សម្រាប់ផលិតកម្មទាំងនេះ ត្រូវបានគេដឹងថា MV បទចម្រៀងចំនួន៨នៃផលិតកម្មយក្សទាំង៤ មានការចំណាយដើមទុនក្រាស់បំផុត គឺច្រើនទ្វេជាង MV ដទៃទៀត ដើម្បីទទួលបានគុណភាពកាន់តែខ្ពស់។

ចង់ដឹងថា MV បទចម្រៀងណាខ្លះដែលចំណាយដើមទុនខ្ពស់កប់ពពក តោះតាមដានខាងក្រោម៖

១. ផលិតកម្ម SM Entertainment

ផលិតកម្ម​SM ត្រូវបានគេស្គាល់ថាជាផលិតកម្ម ដែលផលិត MV មានគុណភាពល្អខ្លាំង។ ព្រោះថាជាញឹកញាប់ក្នុង MV របស់ពួកគេតែងតែរួមបញ្ចូលជាមួយរថយន្តល្បីៗថ្លៃៗ។ យ៉ាងណាមិញ MV បទចម្រៀង២បទនៃផលិតកម្មនេះ ដែលត្រូវបានគេដឹងថាចំណាយទុនច្រើនជាងគេនោះ គឺបទ «Jopping» របស់ Super M និង បទ «Superhuman» របស់ NCT 127។

២. ផលិតកម្ម JYP Entertainment

ផលិតកម្ម JYP មានការរចនាទម្រង់ MV ហាក់សាមញ្ញជាងផលិតកម្ម SM ប៉ុន្តែស្ទើរតែគ្រប់ប្លង់របស់ MV ពួកគេសុទ្ធតែទាក់ទាញនិងអស្ចារ្យ។ ហើយផលិតកម្មនេះត្រូវបានគេដឹងថា មានការសង្កត់ធ្ងន់ទៅលើការកែពណ៌ជាច្រើន។ ហើយបទចម្រៀងដែលផលិតកម្មនេះចំណាយដើមទុនខ្ពស់បំផុតនោះគឺបទ «Feel Special» របស់ Twice និងបទ «Focus On Me» របស់ Just2។

៣. ផលិតកម្ម YG Entertainment

ផលិតកម្ម YG ប្រើប្រាស់របស់ថ្លៃខ្លាំងសម្រាប់តុបតែង និងរចនាក្នុង MV បទចម្រៀងរបស់ពួកគេ។ ហើយអ្វីដែលពិសេសនោះ គេសង្កេតឃើញថាបទចម្រៀងរបស់ក្រុម BLACKPINK តែងតែបង្ហាញពីរបស់ថ្លៃៗជានិច្ច។ សម្រាប់ផលិតកម្មនេះ គឺពួកគេផ្តោតសំខាន់បំផុត លើសម្លៀកបំពាក់របស់តារា និងការទិញសម្លៀកបំពាក់ថ្លៃៗសម្រាប់ពួកគេ។ ក្នុងនោះដែរ បទចម្រៀងពីរបទដែលចំណាយដើមទុកក្រាស់បំផុតគឺបទ «Kill This Love» របស់ BLACKPINK និងបទ «No One» របស់ Lee Hi។

៤. ផលិតកម្ម Big Hit Entertainment

ទីបំផុតផលិតកម្ម Big Hit ក្លាយជាផលិតកម្មយក្សទី៤ ក្នុងចំណោមផលិតកម្មធំៗដទៃក្នុងប្រទេសកូរ៉េ ដូច្នេះហើយពួកគេមិនត្បិតត្បៀតលើថវិកាសម្រាប់ថត MV ទៀតនោះទេ។ គេសង្កេតឃើញថា រាល់MVរបស់ផលិតកម្មនេះ មានការរៀបចំផ្ទុយស្រឡះពីផលិតកម្មដទៃ ព្រោះពួកគេកម្រនឹងដាក់ឈុតច្រំដែលក្នុង MV ហើយ Concept របស់ពួកគេតែងតែមានភាពចម្រុះគ្នាជានិច្ច។ ក្នុងនោះ បទចម្រៀងពីរបទនៃផលិតកម្មនេះ ដែលចំណាយដើមទុនខ្ពស់បំផុតគឺបទ «Chicken Noodle Soup » របស់ J-Hope និងបទ «Crown» របស់ TXT៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T