ជំងឺកាន់តែប្លែក! លោកតាម្នាក់កើតជំងឺចម្លែក ដុះស្នែងចេញពីកណ្តាលក្បាល....ទទួលបានការវះកាត់ដោយជោគជ័យ!

//s4.kh1.co/33/33ce3e2576a9065afab3380f5de3d35fbc068384.jpg
សង្គម

 ១៩-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ឥណ្ឌា៖ បុរសវ័យចំណាស់ជនជាតិឥណ្ឌាម្នាក់ បានធ្វើឲ្យមហាជនគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងជំងឺដ៏កម្រនិងចម្លែក ដុះស្នែងចេញពីកណ្តាលក្បាល យ៉ាងគួរឲ្យខ្លាចញញើត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកតា Shyam Lal Yadav មានអាយុ ៧៤ឆ្នាំ គឺជាកសិករម្នាក់ រស់នៅក្នុងភូមិ Rahli រដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា បានកើតមានជំងឺដ៏ចម្លែកនេះ ក្រោយរូបគាត់បានជួបឧបទ្ទវហេតុមួយ រងរបួសផ្នែកក្បាលកាលពីកំឡុងឆ្នាំ២០១៤។

  លោកតា Shyam Lal Yadav
  លោកតា Shyam Lal Yadav

ជំងឺនេះកាន់តែវិវឌ្ឍន៍ធ្ងន់ធ្ងរ ក៏ដោយសារតែ លោកតា Yadav ហាក់ព្រងើយកន្តើយនឹងការព្យាបាល រហូតបង្កទៅជាមេរោគដុះសាច់ ប្រៀបបីដូចជាគល់ឈើងាប់ ឬស្នែងសត្វ ដុះរីករាលដាលកាន់តែធំឡើងៗ នៅកណ្តាលក្បាលរបស់គាត់ទាំងបែបនេះតែម្តង ដែលមានប្រវែងជា ១០សង់ទីម៉ែត្រ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ជំងឺដ៏កម្រនេះគឺកើតចេញពីមេរោគស្បែកងាប់ ដែលត្រូវបានគេរកឃើញមាននៅក្នុងម្រាមជើង និងសក់ក្បាលរបស់មនុស្ស ហើយភាគច្រើនវាតែងកើតឡើងចំពោះមនុស្សដែលមានវ័យចំណាស់។

  លោកតា Shyam Lal Yadav
  លោកតា Shyam Lal Yadav

ប៉ុន្តែមិនថាយ៉ាងណា ក្រោយការតស៊ូនឹងជំងឺដ៏កម្រនេះអស់រយៈពេលជាច្រើនឆ្នាំ នៅទីបំផុតលោកតា Yadav ក៏បានរកជំនួយពីគ្រូពេទ្យ ដោយទទួលបានការវះកាត់ដោយជោគជ័យ កាលពីពេលថ្មីៗកន្លងទៅនេះ នៅឯមន្ទីរពេទ្យ Bhagyoday Tirth Hospital ក្នុងទីក្រុង Sagar នារដ្ឋ Madhya Pradesh ប្រទេសឥណ្ឌាផងដែរ។

វេជ្ជបណ្ឌិតឈ្មោះ Vishal Gajbhiye បានមានប្រសាសន៍លើកឡើងថា៖

«អស់រយៈពេលជាង៥ឆ្នាំមកនេះ អ្នកជំងឺមានអាការឈឺក្បាលយ៉ាងខ្លាំង ក្រោយកើតមានដុំសាច់មេរោគ ដុះកាន់តែធំនៅចំកណ្តាលលលាដ៍ក្បាលរបស់គាត់។ ដំបូងឡើយ គាត់អើពើមិនព្យាបាលនោះទេ ដោយសារតែគិតថា វាគឺជារឿងតូចតាច។ ផ្ទុយទៅវិញ រយៈពេលជាច្រើនមកនេះ គាត់តែងតែឲ្យជាងកាត់សក់ កាត់វាចោលនៅពេលដែលវាដុះបានរាងវែង។ ប៉ុន្តែក្រោយមក នៅពេលដែលដុំសាច់មេរោគនេះ បានដុះពកកាន់តែខ្លាំងនឹងរឹងមាំនោះ ទើបធ្វើឲ្យគាត់មានការភ័យខ្លាច និងមកកាន់មន្ទីរពេទ្យសុំជំនួយតែម្តង» ។

  លោកតា Shyam Lal Yadav
  លោកតា Shyam Lal Yadav

វេជ្ជបណ្ឌិតខាងលើនេះ បានបន្តទៀតថា៖

«ស្នែងដុះនេះ កើតចេញពីមេរោគស្បែកងាប់ (ដូចជាក្រចកស្អុយជាដើម) ដែលជាធម្មតាអាចកោរវាចេញបានដោយផ្លែឡាម។ ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី លក្ខខណ្ឌនៃជំងឺនេះ ក៏នៅតែត្រូវទាមទារឲ្យមានការព្យាបាលផងដែរ» ។


ក្រោយធ្វើការវះកាត់យកដុំស្នែងចេញ
ក្រោយធ្វើការវះកាត់យកដុំស្នែងចេញ

គួរឲ្យដឹងថា លោកតា Yadav បានចំណាយពេលអស់១០ថ្ងៃ ក្នុងការសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយទទួលបានការវះកាត់ និងតាមដានបន្ថែមពីអាការជំងឺ ដើម្បីបញ្ជាក់ឲ្យបានកាន់តែច្បាស់ថា ស្នែងដុះនោះគ្មានបង្កគ្រោះថ្នាក់អ្វី។

លោកវេជ្ជបណ្ឌិត Gajbhiye បានបន្ថែមថា ការព្យាបាលគឺទៅតាមបែបបទខុសៗគ្នា ដោយនៅក្នុងនោះ ក៏រួមមានបញ្ចូលទាំងការវះកាត់ ការព្យាបាលដោយការបាញ់កាំរស្មី ឬហៅកាត់ថា RT (Radiation Therapy) និងការព្យាបាលដោយប្រើគីមីផងដែរ។ ក្រោយធ្វើការវះកាត់យកស្នែងដុះចេញ និងផ្សាំមុខរបួសរួចរាល់ បច្ចុប្បន្នអ្នកជំងឺក៏បានធូរស្បើយច្រើនផងដែរ។

គួរបញ្ជាក់ថា បើទោះបីជាមានការលើកឡើងបែបណាក្តី ប៉ុន្តែមូលហេតុនៃស្នែងដុះនេះ ក៏នៅមិនទាន់ដឹងច្បាស់ពីមូលហេតុពិតប្រាកដនៅឡើយនោះទេ។ ប៉ុន្តែគេជឿជាក់ថា វាអាចបណ្តាលមកពីការប៉ះពាល់នឹងជាតិវិទ្យុសកម្ម ឬពន្លឺព្រះអាទិត្យខ្លាំង ក៏អាចបង្កទៅជាលក្ខខណ្ឌនៃបញ្ហានេះផងដែរ៕

ក្រោយធ្វើការវះកាត់យកដុំស្នែងចេញ
ក្រោយធ្វើការវះកាត់យកដុំស្នែងចេញ
Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T