ពេលពពោះ ស្រីៗច្រើនតែតូចចិត្ត យំដោយសាររឿងទាំងនេះ!

//s4.kh1.co/07/07499edd2e16535284eaba20382030551f82cf72.jpg
នារី

 ១៧-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ស្ត្រី​មាន​ផ្ទៃពោះ​អារម្មណ៍​នឹង​ផ្លាស់ប្ដូរ ដោយសារ​អ័រម៉ូន​ប្រែប្រួល ដូចនេះ​ហើយ​បាន​ជា​ឆាប់​ខឹង ឆេវឆាវ តូច​ចិត្ត គិត​ច្រើន​តែឯង។ មិន​តែ​ប៉ុណ្ណោះ ​បើ​ស្វាមី​មិន​យក​ចិត្ត​ទុក​ដាក់​មើល​ថែ​ភរិយា​ទ្វេដង​នា​ពេល​នាង​មាន​ផ្ទៃពោះ ស្រីៗប្រាកដជា​ឧស្សាហ៍​យំ​តូច​ចិត្ត​ម្នាក់ឯង​មិន​ខាន។ នេះ​ជា​ការ​លើកឡើង​របស់​អ្នកគ្រូពេទ្យ មួន រ៉ានី បម្រើ​ការ​នៅ​មណ្ឌល​សុខភាព​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ​ខេត្ត​កំពង់ចាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- ចង់​ញ៉ាំ​ តែ​មិន​បាន​ដូច​ចិត្ត

មាន​ស្ត្រី​ពពោះ​មិន​តិច​អ្នក​ទេ​ដែល​ជួប​ប្រទះ​បញ្ហា​នេះ។ ការ​ញ៉ាំ​អាហារ​របស់​ស្រីៗមាន​កូន​ គឺ​មិន​កំណត់​ឡើយ នឹក​ឃើញ​ចង់​អ្វី​ភ្លាម ប្រើ​ប្ដី​ឲ្យ​ទៅ​ទិញ​ភ្លែត ហើយ​បើ​ប្ដី​ខ្លះ​គ្មាន​ចិត្ត និង​ដឹង​ពី​ទុក្ខ​លំបាក​របស់​ម៉ាក់​ៗ​ប្រាកដ​ជា​ប្រាប់​ឲ្យ​ចាំ​ពេល​នេះ​ពេល​នោះ ដោយសារ​ខ្ជិល ឆ្ងាយ ឬ​ពេល​ខ្លះ​ហត់​អស់​កម្លាំង និង​យប់​ទៀត​នោះ ក៏​មិន​បាន​បំពេញ​បំណង​ប្រពន្ធ។ បែបនេះ​ហើយ​ទើប​ម៉ាក់​ៗ​ខ្លះ​ដេក​យំ​ម្នាក់ឯង ហើយ​គិត​ថា​ប្ដី​មិន​ខ្វល់​ពី​ខ្លួន។

២- គិត​ថា​ប្ដី​លែង​ស្រលាញ់

មនុស្ស​ស្រី​ពេល​ពពោះ​អារម្មណ៍​មិន​មូល​ឡើយ ច្រើនតែ​គិត​នេះ​គិត​នោះ ជា​ពិសេស​គិត​ថា​ប្ដី​លែង​មាន​ចិត្ត​ស្រលាញ់​ដូច​ដើម ព្រោះ​តែ​ការ​​មាន​ផ្ទៃពោះ​អាច​ផ្លាស់ប្ដូរ​រូបរាង​ពី​មុន​ទៅ​ជា​លែង​ស្អាត ព្រោះ​ស្បែក​ខ្មៅ​ស្រអាប់ មុខ​មុន មាឌ​ធំ​ជាដើម។ នៅ​ពេល​ឃើញ​ប្ដី​មាន​កាយវិការ​មិន​ស្និទ្ធស្នាល​ដូច​មុន ប្រាកដជា​គិត​ថា ព្រោះ​ខ្លួន​មិន​ស្អាត​ដូច​មុន ប្ដី​ពិតជា​លែង​ស្រលាញ់​ដូច​មុន​ហើយ។

៣- គិត​ថា​ប្ដី​មាន​ស្រី

ការ​គិត​បែប​នេះ ព្រោះ​តែ​ឃើញ​ប្តីមិន​សូវ​ចាប់​អារម្មណ៍ ហើយ​ថែម​ទាំង​មាន​ឫកពា​ប្លែក​ៗ​ទៀត​នោះ ម៉ាក់​ៗ​នឹង​តាម​ឃ្លាំ​មើល ឬ​តាម​ចាប់​កំហុស។ នៅ​ពេល​ឃើញ​អ្វី​ជា​ចំណុច​សង្ស័យ​ភ្លាម ហើយ​នឹង​ទៅ​សម្ងំ​ដេក​យំ​ម្នាក់​ឯង​ជាក់​ជា​មិន​ខាន មិន​ត្រឹមតែ​ប៉ុណ្ណោះ​ឈាន​ដល់​ការ​តាមដាន​ចាប់​ឲ្យ​បាន​ទៀត​ផង។ ការ​ដែល​ធ្វើឲ្យ​ខ្លួនឯង​ស្មុគស្មាញ​បែប​នេះ​អាច​ប៉ះពាល់​ដល់​​ខ្លួនឯង និង​កូន​ក្នុង​ផ្ទៃ​ទៀត​ផង។

៤- គិត​ថា​ខ្លួន​ហត់​តែ​ឯង

ពពោះ​ពិតជា​មិនមែន​រឿង​ងាយស្រួល​ឡើយ ហើយ​មក​ត្រូវ​រ៉ាប់រង​ការងារ​ផ្ទះ​ហើយ ការងារ​ក្រៅ​ទៀត​នោះ ពិតជា​ហត់​នឿយ​ខ្លាំង។ ប្រសិនបើ​ស្វាមី​ចេះ​គិត នឹង​ជួយ​រំលែក​ការងារ​ក្នុង​ផ្ទះ​ខ្លះ​ៗ ដើម្បី​ឲ្យ​ប្រពន្ធ​កូន​បាន​សម្រាក​យក​កម្លាំង តែ​បុរស​ខ្លះ​មិន​សូវ​ចេះ​គិត មក​ដល់​ផ្ទះ ប្រាកដជា​ដេក​លេង​ទូរស័ព្ទ​ធ្វើ​ហី មិន​ខ្ចី​ខ្វល់​ពី​ប្រពន្ធ​ពោះ​ធំ។ ដូចនេះ​ហើយ​បាន​ជា​ស្រី​ៗ​ទៅ​លួច​ពួន​យំ​តូច​ចិត្ត​ម្នាក់ឯង ព្រោះ​ភាព​ហត់នឿយ​ទាំង​ពិបាក​ក្នុង​ខ្លួន​ព្រោះ​កូន និង​ពិបាក​ការងារ​ផ្ទះ​មួយ​មុខ​ទៀត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T