ខេត្តកំពង់ធំ ៖ បុរសម្នាក់បាននិយាយទៅកាន់ឪពុកម្តាយថា «ម៉ែពុកចាំធ្វើបុណ្យខ្ញុំផង» បន្ទាប់មកជនរងគ្រោះក៏ជិះម៉ូតូចេញទៅបាត់ តែមិនដឹងថាទៅណានោះទេ ស្រាប់តែក្រុមគ្រួសារប្រទះឃើញចងកស្លាប់បាត់ទៅហើយ ។ ពាក់ព័ន្ធករណីនេះត្រូវបានគេសង្ស័យថា ជនរងគ្រោះតូចចិត្តរឿងសុំសត្វទាមួយក្បាលយកទៅធ្វើម្ហូបក្លែមស្រា តែឪពុកម្តាយមិនឱ្យថែមទាំងស្តីបន្ទោសឱ្យទៀត ទើបជនរងគ្រោះបញ្ចប់ជីវិតបែបនេះ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅភូមិទំនប់ ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ ជាង ចាន់ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
យោងតាមប្រភពពីឪពុករបស់ជនរងគ្រោះឈ្មោះ ជាង ជីន អាយុ៤៥ឆ្នាំ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី១៥ កញ្ញា កូនប្រុស(ជនរងគ្រោះ)របស់គាត់បានបបួលមិត្តភក្តិ២ទៅ៣នាក់នៅភូមិជាមួយគ្នាមកផឹកស្រានៅក្រោមផ្ទះរបស់គាត់ ពេលនេាះគាត់បានហាមកូនប្រុសកំុឱ្យផឹកស្រាច្រើនពេក ជួយធ្វើការងារម៉ែឪខ្លះផង កុំគិតតែផឹកស្រា តែកូនប្រុសរបស់គាត់មិនបាននិយាយតបតអ្វីឡើយ ។
តាមប្រភពដដែលបានបន្តថា លុះដល់វេលាម៉ោងប្រហែល១និង២០នាទីរសៀលថ្ងៃទី១៥ កញ្ញា កូនប្រុសរបស់គាត់បានចាប់សត្វទាមួយក្បាលយកទៅធ្វេីម្ហូបនៅផ្ទះមិត្តភក្តិរបស់គេ លុះដល់វេលាម៉ោង៥និង១២នាទីល្ងាចថ្ងៃទី១៥ កញ្ញា ទើបឃើញកូនប្រុសរបស់គាត់បានជិះម៉ូតូមកផ្ទះតែម្នាក់ឯងក្នុងស្ថានភាពស្រវឹងស្រាខ្លាំង ពេលមកដល់ផ្ទះ កូនប្រុសរបស់គាត់បានសុំសត្វទា១ក្បាលទៀត តែប្រពន្ធរបស់គាត់និងគាត់មិនឱ្យនោះទេ ហើយក៏បានស្ដីបន្ទោសជាច្រើនម៉ាត់ឲ្យកូនប្រុសទៀតផង ស្រាប់តែកូនប្រុសនិយាយថា «ម៉ែពុកចាំធ្វើបុណ្យខ្ញុំផង» ។
តាមប្រភពដដែលបានបន្តទៀតថា ពេលនិយាយបែបនេះហើយ កូនប្រុសរបស់គាត់ក៏ជិះម៉ូតូចេញទៅបាត់ ដោយមិនដឹងថាទៅណានោះទេ លុះដល់វេលាម៉ោងប្រហែល៨និង៣០នាទីយប់ថ្ងៃទី១៥ កញ្ញា មិនឃើញកូនប្រុសត្រឡប់មកផ្ទះឡើយ គាត់ក៏បានជិះម៉ូតូតាមរកកូនដល់វត្តទំនប់ ស្ថិតឃុំស្រើងដែរ តែរកមិនឃើញឡើយ គាត់ក៏ត្រឡប់មកផ្ទះដេកវិញ លុះព្រឹកឡើងគាត់ក៏បាននាំកូន និងប្រពន្ធតាមរកម្តងទៀត ស្រាប់តែប្រទះឃើញកូនប្រុសចងកស្លាប់បាត់ទៅហើយ នៅតំបន់អូរក្បាលទន្សោង ខាងត្បូងឆៀងខាងលិចភូមិទំនប់ ចំងាយ១គីឡូម៉ែត្រ ក្នុងដីចំការរបស់គាត់ ពេលឃើញដូច្នេះពួកគាត់ក៏បានហៅបងប្អូនមកជួយយកសពដើម្បីដឹកទៅផ្ទះ និងរាយការណ៍ប្រាប់សមត្ថកិច្ចដើម្បីឱ្យចុះមកពិនិត្យតែម្តង ។
ក្រោយពេលទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងជំនាញនគរបាលស្រុក និងនគរបាលប៉ុស្ដិ៍ស្រើង លោកគ្រូពេទ្យបានចុះមកពិនិត្យសពជនរងគ្រោះ និងធ្វើការសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារចង.កធ្វើអត្តឃាតប្រាកដមែន និងពុំមិនជាប់ពាក់ព័ន្ធករណីអ្វីផ្សេងឡើយ ។ បន្ទាប់ពិនិត្យរួច សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ កោះសន្តិភាព