ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មាន ដែលទម្លាយចេញដោយក្រុមគ្រួសារ អតីត តារាចម្រៀងយេ.! យេ.! គឺអ្នកនាងអ៊ុំ គន្ធា ដែលមួយរយៈចុងក្រោយ នេះ ឆាកជីវិត របស់នាងជួបនៅព្យុះជីវិតបក់បោកស្ទើរតែ ទប់ខ្លួនមិននឹងនោះ ឥឡូវជីវិតទុរគតរបស់ នាង កាន់តែធ្លាក់ដុនដាបស្ទើរហៅលែងឮ ទៀតហើយ ដោយនាងបានរត់ចេញពីផ្ទះគ្មាន គោលដៅពិតប្រាកដ ហើយក៏មិនដឹងរសាត់ អណ្ដែតទៅដល់ទីណានោះដែរ បន្ទាប់ពីរូប នាងមាន ជម្លោះនៅក្នុងផ្ទៃគ្រួសារ ជាមួយ នឹងឪពុកម្ដាយបន្ថែមមួយជាន់ទៀតនោះ។

អ្នកស្រី ស៊ីនួន ដែលមានវ័យប្រមាណ ជិត៧០ឆ្នាំ ជាម្ដាយរបស់អ្នកនាងអ៊ុំ គន្ធា បានថ្លែងប្រាប់ភ្នាក់ងារដើមអម្ពិលតាមទូរ ស័ព្ទ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈម្សិលមិញ ខណៈដែលភ្នាក់ងារដើមអម្ពិល ធ្វើការទាក់ ទង ដើម្បីយកថវិកា ដែលសប្បុរសជនឧប ត្ថម្ភ យកទៅប្រគល់ជូននោះ ដោយម្ដាយ របស់អ្នកនាងអ៊ុំ គន្ធា អះអាងថា អ្នកនាង បានរត់ចាកចេញពីផ្ទះ អស់រយៈពេល៣-៤ ថ្ងៃមកហើយ ដោយមិនដឹងពីមូលហេតុថា នាងរត់ទៅទីណា នោះទេ ។

ម្ដាយបានបន្ដថា គន្ធាកូនស្រីរបស់គាត់ នាងមានការអាក់អន់ ចិត្ដ និងបង្ហាញពីកំហឹងខ្លះៗទៅលើឪពុក ម្ដាយ រហូតដល់ថ្នាក់រត់ចេញពីផ្ទះមិនដឹងជា ទៅដល់ទីណានោះទេ ធ្វើឱ្យរូបគាត់នឹងក្រុម គ្រួសារមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះ ថាមកដល់ពេលនេះ សូម្បីតែតម្រុយថានាង រស់នៅផ្ទះមិត្ដ ភក្ដិ ឬរស់នៅជាមួយបងប្អូន ក៏គ្មានដំណឹងដែរ ។

អ្នកស្រីបានបន្ថែមថា រឿងកូនស្រីរបស់ គាត់ ហាទៅវាស្លាក់ ខ្ជាក់ទៅវាស្លែង ដោយ សារតែជម្លោះផ្ទៃក្នុងគ្រួសារ ហើយនាង លែងគិតអ្វីទាំងអស់ សូម្បីតែខ្លួនរបស់នាង កំពុងមានជំងឺ ក៏លែងគិតដែរ ម្យ៉ាងទៀត មុននាងរត់ចាកចេញ ខណៈដែលនៅក្នុងផ្ទះ អត់លុយ នាងបានលក់ពូក សម្រាប់ ដេក លក់ កង្ហារ និងទ្រព្យសម្បត្ដិមានបន្ដិចបន្ដួច យក លុយទៅចាយអស់គ្មានសល់ រហូតដល់បង្ក ជម្លោះ វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិ ដឹង ដល់សមត្ថកិច្ចមូលដ្ឋាន ធ្លាប់ចុះមកធ្វើការ សម្របសម្រួលទៀតផង ។ ឥឡូវនេះអ្នក ស្រីលែងចង់គិត លែងចង់ខ្វល់ពីអនាគត ពី សុវត្ថិភាពរបស់ នាងទៀតហើយ ចង់នាងទៅ ណា មកពេលណា ក៏ស្រេចតែនាង ព្រោះ អ្នកស្រីចាស់ទៅហើយ ណាមួយត្រូវទទួល ភារកិច្ចមើលថែរទាំនិងរក ចិញ្ចឹមចៅប្រុស ទាំងពីរនាក់ ដែលជាកូនរបស់នាងទៀតផង។

សូមបញ្ជាក់ថា រឿងរ៉ាវជីវិតដ៏កំសត់ សង្រែងរបស់អតីតតារាចម្រៀងយេ.!យេ.! អ្នកនាងអ៊ុំ គន្ធា បន្ទាប់ពីធ្វើការលែងលះជា មួយនឹងអ្នកចម្រៀងផាន ស៊ីផាត រួចមក នោះ ត្រូវបានបែកធ្លាយឡើង ខណៈដែល អ្នកកាសែតមួយរូប បានប្រទះឃើញរូបនាង រួមជាមួយកូនប្រុសពីរនាក់ បានដើររាវខ្ចៅ ខ្យង បេះត្រកួន ព្រលិត ដើម្បីយកទៅលក់ យកលុយចិញ្ចឹមជីវិតនៅម្ដុំបឹងបាយ៉ាប ទី ដែលរូបនាងនិងក្រុមគ្រួសារ កំពុងតែសុំសំយាបផ្ទះគេជ្រក កោណ នៅទីនោះ កាលពីខែ តុលា ឆ្នាំ២០១២កន្លងទៅនេះ ។

ក្រោយរឿងរ៉ាវនៃដំណើរជីវិត ដ៏កំសត់របស់នាងត្រូវ បានបែកធ្លាយបានធ្វើឱ្យប្រិយមិត្ដ ទាំងក្នុង និងក្រៅប្រទេស រួមទាំងថ្នាក់ដឹកនាំមួយចំនួន ផង មានការអាណិតអាសូរជាពន់ពេក ចំពោះ ជីវិតទុរគតរបស់ក្រុមគ្រួសារនាង ហើយពួក គេក៏បាននាំគ្នាធ្វើការបរិច្ចាគនូវ ថវិកា ទ្រព្យ សម្បត្ដិមួយចំនួន ដល់ក្រុមគ្រួសាររបស់នាង ដើម្បីជួយរំលែកការលំបាកផងដែរ។ ប៉ុន្ដែ អំណោយ ដែលផ្ដល់ឱ្យសម្រាប់តែរស់មួយ គ្រាហ៍ៗនោះ មិនអាចធ្វើឱ្យជីវិត ក្រុមគ្រួសារ របស់នាង អាចងើបផុតពីភាពលំបាកវេទនា បានជារៀងរហូតនោះឡើយ ទីបំផុតអ្វីៗ បានវិលទៅរកដើមវិញ ហើយទុក្ខលំបាក កាន់ តែផុងជ្រៅទៅៗ រហូតដល់នាងមិន អាចទ្រាំរស់នៅក្នុងជីវិតវេទនាបាន ក៏សម្រេច រត់ចេញពីផ្ទះ ដោយមិនដឹងថា មានគោល បំណងនឹងមានទិសដៅ យ៉ាងណានោះទេ៕

អតីតតារាចម្រៀង អ៊ុំ គន្ធា បច្ចុប្បន្ន



អតីតតារាចម្រៀង អ៊ុំ គន្ធា កាលនៅភាពហ៊ឺហា





ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]