ខេត្តកំពង់ស្ពឺ ៖ ពិតជានឹកស្មានមិនដល់សោះថា មានសត្វទន្សោង៤ហ្វូងបានបង្ហាញខ្លួននៅក្នុងព្រៃសហ គមន៍មួយ នាស្រុកថ្ពង នោះគឺសហគមន៍ប្រាំបីមុំក្នុងបរិវេណភ្នំព្រះពួយ ។ ការបង្ហាញខ្លួនរបស់ហ្វូងសត្វកម្រនេះ ត្រូវបានថ្នាក់ដឹកនាំ និងមន្ត្រីរាជការជុំវិញខេត្តតាមទៅមើល ព្រមទាំងមហាជនមានការចាប់អារម្មណ៍ និងបានសំដែងនូវក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដោយសារវត្តមានហ្វូងសត្វទន្សោងមិនតិចជាង៨០ក្បាលនោះទេ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមមន្ត្រីសាលាខេត្តម្នាក់បានប្រាប់ថា «កាលពីរសៀលថ្ងៃទី១០ កញ្ញា កន្លងមកលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ រួមជាមួយថ្នាក់ដឹកនាំជុំវិញខេត្ត បានអញ្ជើញទស្សនាសត្វទន្សោងដ៏កម្រប្រមាណ៨០ក្បាល ដែលកំពុងរស់នៅលើភ្នំព្រះពួយ ស្ថិតនៅក្នុងភូមិត្រពាំងក្រើញ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ ស្ពឺ ។ មន្ត្រីដដែលបន្តថា ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យមន្ត្រីក៏ដូចជាថ្នាក់ដឹកនាំខេត្ត បង្ហាញអារម្មណ៍សប្បាយរីករាយព្រោះថា សត្វនេះគឺជាសត្វកម្រដែលចាំបាច់ត្រូវអភិរក្ស ។
លោក សឿន ឡាយ ប្រធានសហគមន៍ប្រាំបីមុំបានប្រាប់តាមទូរស័ព្ទ នាព្រឹកថ្ងៃទី១៣ កញ្ញា២០១៩ថា សហគមន៍បានបង្កើតឡើងនៅឆ្នាំ២០០៣ ដោយខាងរដ្ឋបាលព្រៃឈើ ។ លោក សឿន ឡាយ បន្តថា កាល ពីបង្កើតដំបូងឃើញមានតែ៣០ក្បាលទេ រហូត២០០៤រាប់ឃើញមាន៤០ក្បាល រហូតមកដល់បច្ចុប្បន្ននេះមានចំនួន៨០ក្បាល រស់នៅ៤ហ្វូងផ្សេងៗគ្នា ។ លោកប្រធានបានរំលឹកថា កាលពីបង្កើតដំបូង លោកនិងសមាជិករបស់លោករស់នៅក្នុងព្រៃ ដើម្បីការពារសត្វទាំងនេះ គឺឯកោខ្លាំងណាស់ ព្រោះព្រៃមានទំហំដល់ទៅ១.២២១ហិកតា ហ៊ុមព័ទ្ឋជុំវិញដោយចំការអំពៅ ។
កាលពីអំឡុងឆ្នាំ២០១២ និង២០១៣ ហ្វូងសត្វទាំងនេះ ត្រូវបានក្រុមមនុស្សខិលខូចលួចមកយាយីជីវិតយ៉ាងខ្លាំង រហូតដល់ឆ្នាំ២០១៨ ខាងសមត្ថកិច្ចឃាត់ខ្លួនមេខ្លោងម្នាក់បញ្ជូនទៅតុលាការ ។ ចាប់តាំងពីពេលនោះមកគ្មានជនណាហ៊ានចូលមកបរបាញ់សត្វទាំងនេះទៀតឡើយ ។
លោក គាវ លាងគា អភិបាលស្រុកថ្ពងបានប្រាប់ឱ្យដឹងដែរថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីខាងសហគមន៍ អំពីវត្តមានរបស់ហ្វូងសត្វទន្សោងក៏ដូចជាការអំពាវនាវរកការឧបត្ថម្ភគាំទ្រលោក វ៉ី សំណាង អភិបាលខេត្តក៏បានឆ្លៀតពេលដ៏មមាញឹកពីការងារ ចុះមកពិនិត្យដោយនាំមកនូវគ្រឿងឧបភោគបរិភោគមួយចំនួន មកជូនដល់សមាជិកស្ម័គ្រចិត្តក្នុងសហគមន៍ ក្នុងម្នាក់ថវិកា១០ម៉ឺនរៀល អង្ករ២៥គីឡូក្រាម សម្លៀកបំពាក់១កំប្លេ មី១កេស ទឹកត្រីទឹកស៊ីអ៊ីវ១យួរ ដូចបានជួយលើកទឹកចិត្តដល់សហគមន៍ ដើម្បីមើលថែសត្វព្រៃដ៏កម្រនេះ ។
យោងតាមរបាយការណ៍របស់អង្គការមូលនិធិសាកលសម្រាប់អភិរក្សធម្មជាតិ WWF ត្រូវបានធ្វើឡើងបន្ទាប់ពីការសិក្សារួមគ្នាជាមួយមន្ត្រីរាជរដ្ឋាភិបាលបានទាមទារឱ្យមានការអភិរក្សសត្វទន្សោងនេះជាបន្ទាន់ ។របាយកាណ៍ដដែលបង្ហាញថា សត្វទន្សោងនៅកម្ពុជាក្នុងពេលបច្ចុប្បន្នមានចំនួនចន្លោះពី២.៧០០ ទៅ៥.៧០០ក្បាលខណៈដែលសត្វប្រភេទនេះមានចំនួនសរុបពី៥.៧០០ ទៅ ១១.០០០ក្បាលក្នុងពិភពលោក ។ ក៏ប៉ុន្ដែចំនួននេះបានធ្លាក់ចុះជាង៩០ភាគរយចាប់តាំងពីទសវត្សឆ្នាំ១៩៦០មកម្ល៉េះ ។
មន្ត្រីផ្នែកទំនាក់ទំនងព័ត៌មានរបស់អង្គការ WWF មានប្រសាសន៍ថា ការបាត់បង់ជម្រកសត្វទន្សោង គឺជាកង្វល់ធ្ងន់ធ្ងរជាងការបាត់បង់សត្វទន្សោងដោយការប្រមាញ់ខុសច្បាប់ ។ការបាត់បង់ទីជម្រកនេះ បច្ចុប្បន្នគឺជាកត្តាគំរាមកំហែងមួយដែលយើងមានការព្រួយបារម្ភជាងគេ ។ សត្វទន្សោងគឺជាអម្បូរគោ ។ វាមានពណ៌លឿងចាស់ ហើយប្រែទៅជាពណ៌ប្រផេះនៅពេលដែលវាមានវ័យចំណាស់។
អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) និងភ្នាក់ងាររដ្ឋាភិបាលមកពីក្រសួងបរិស្ថាន និងក្រសួងកសិកម្មបានធ្វើការសិក្សាលើព្រៃទំហំសរុប៦.០០០គីឡូម៉ែត្រក្រឡា ក្នុងតំបន់អភិរក្សសត្វព្រៃភ្នំព្រិច និងព្រៃអភិរក្សមណ្ឌលគិរី ដែលតំបន់ទាំងពីរនេះស្ថិតក្នុងខេត្តមណ្ឌលគិរី ។ ការសិក្សាចាប់ផ្ដើមតាំងពីឆ្នាំ២០០៩មកម្ល៉េះ មុននឹងឈានដល់ការធ្វើសេចក្ដីសន្និដ្ឋាន ។
ការសិក្សានោះបង្ហាញទៀតថា ក្រៅពីសត្វទន្សោង ពពួកសត្វជ្រូកព្រៃ និងសត្វឈ្លូសក៏កំពុងទទួលរងការវិនាសផងដែរ។ អង្គការ WWF បញ្ជាក់ថា សត្វទាំងនេះគឺជាចំណីរបស់សត្វខ្លាធំ ហើយការបាត់បង់សត្វដែលជាចំណីសត្វខ្លាទាំងនេះនឹងធ្វើឲ្យបាត់បង់តុល្យភាពសត្វព្រៃកម្ពុជា។
ជាពិសេសការបាត់បង់សត្វខ្លាធំ ដែលនៅសេសសល់ប្រមាណតែជាង៣.០០០ក្បាលតែប៉ុណ្ណោះក្នុងពិភពលោក ។ «បើសិនជាការបរបាញ់នៅតែបន្តនោះ វាអាចធ្វើឲ្យបាត់បង់។ ជាពិសេសពពួកសត្វដែលងាយទទួលរងគ្រោះ ជាពពួកប្រភេទខ្លាធំ ខ្លារខិន ។ល។ នៅពេលដែលចំណីវាថយចុះសត្វខ្លាក៏ថយតាមហ្នឹងដែរ ។ ដូចជាករណីទន្សោងមានចំនួនថយចុះខ្លាំង»។ (សម្រួលដោយ៖ ស្រីណា)
ប្រភព៖ កោះសន្តិភាព