ខេត្តស្វាយរៀង ៖ ខណៈរដូវវស្សាចូលមកដល់ ក្រោយពីការងារធ្វើស្រែចម្ការរួច ប្រជាពលរដ្ឋនៅឃុំរមាំងថ្កោល ស្រុកស្វាយទាប បាននាំគ្នាដើរនេសាទឈ្លើងលក់ឲ្យឈ្មួញ ដើម្បីរកកម្រៃបន្ថែមផ្គត់ផ្គង់ជីវភាពគ្រួសារ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក មាន សាន អាយុ៤២ឆ្នាំ ជាកសិកររស់នៅភូមិខ្នុរ ឃុំរមាំងថ្កោល បានប្រាប់កោះសន្តិភាពថា ក្រៅពីការងារធ្វើស្រែចម្ការពួកគាត់ដើរនេសាទឈ្លើង តាមវាលស្រែនិងតាមបឹងដែលមានទឹក អស់រយៈពេលជាង១០ឆ្នាំមកហើយ ។ កសិកររូបនេះ និយាយថា ការនេសាទឈ្លើងនេះមិនងាយស្រួលដូចមុខរបរផ្សេងៗទេ ដោយត្រូវធ្វើដំណើរទៅរកកន្លែងដែលមានទឹក និងសម្បូរទៅដោយក្របីដេកនៅតាមមាត់បឹង តាមវាលស្រែ ។
ម្យ៉ាងទៀត ត្រូវចុះកូរទឹកឬគោះទឹកធ្វើឲ្យឈ្លើងចេញមកទើបដងយក ឬឲ្យឈ្លើងទាមទើបចាប់យកដាក់ប៊ីដុង ។ ការទុកដាក់ឈ្លើងមិនពិបាកទេ គ្រាន់តែដាក់ប៊ីដុងនិងយកក្រូចឆ្មារមកជូតតាមមាត់ប៊ីដុងធ្វើឲ្យឈ្លើងវារចេញមិនរួច ហើយរស់បានយូរ ។
គាត់បញ្ជាក់ថា ការនេសាទឈ្លើងលក់ក្នុងឆ្នាំនេះមានការធ្លាក់ថ្លៃជាងឆ្នាំមុនៗ ដែលឆ្នាំមុនៗឈ្លើង១គីឡូ ក្រាមបានពី៦ម៉ឺនទៅ៧ម៉ឺនរៀល ប៉ុន្តែឆ្នាំនេះឈ្មួញទទួលទិញ១គឺឡូក្រាម តម្លៃត្រឹមតែ២៥.០០០រៀល ។ ពួកគាត់ខំរកទាំងក្រោមកម្តៅថ្ងៃនិងភ្លៀងយ៉ាងលំបាក និងត្រូវចេញពីផ្ទះទៅនេសាទឈ្លើងនៅតាមស្រុកភូមិឆ្ងាយៗ ដែលល្បីថាមានឈ្លើងច្រើន ។ គាត់ថាក្នុងមួយថ្ងៃៗអាចរកឈ្លើងបានប្រមាណពីកន្លះគីឡូក្រាមទៅ២គីឡូក្រាមប៉ុណ្ណោះក្នុងម្នាក់ៗ ។ ឈ្លើងអាចប្រស់ទុកបាន២ទៅ៣ថ្ងៃនៅរស់រវើក ។
ចំណែកស្ត្រីឈ្មោះ ស៊ូ ដែលជាអ្នកនេសាទឈ្លើងម្នាក់ក្នុងចំណោមពួកគាត់ដែលមានគ្នា៦ទៅ៧នាក់និយាយថា ក្នុងការដើរនេសាទឈ្លើងគឺមានគ្នាជាក្រុម៧ទៅ៨នាក់ ដោយចែកកន្លែងគ្នាដើររកតាមទីវាលមាត់បឹង និងវាលស្រែដែលមានទឹកចម្ងាយពីគ្នា៤០០ទៅ៥០០ម៉ែត្រ ។ ពួកគាត់នាំគ្នាចេញពីផ្ទះតាំងពីព្រលឹម ទៅនេសាទឈ្លើងលុះដល់ម៉ោង២ឬ៣រសៀលទើបត្រឡប់មកផ្ទះវិញដោយមានម៉ូយមកចាំទទួលទិញនឹងថ្លឹងយកទូទាត់ប្រាក់ភ្លាមៗមានប៉ុន្មានក៏ទិញទាំងអស់ ។
បើតាមលោក ប្រាក់ សារឿន រស់នៅភូមិស្វាយធំ ឃុំស្វាយរំពា ស្រុកស្វាយទាប ដែលជាអ្នកទទួលទិញឈ្លើង និយាយថា មុខរបរទិញឈ្លើងនេះ គាត់រកស៊ីរយៈពេល៥ទៅ៦ឆ្នាំមកហើយ យកទៅលក់បន្តឱ្យឈ្មួញទទួលទិញនៅភ្នំពេញ និងគ្រាន់តែដឹងថាគេយកទៅលក់បន្តនៅប្រទេសចិន ។
គាត់បន្តថា រូបគាត់ក៏ដូចពលរដ្ឋជាអ្នកដើរនេសាទឈ្លើងដែរ អំពាវនាវចង់ឲ្យមានទីផ្សារច្បាស់លាស់បន្តិច ពីព្រោះសព្វថ្ងៃគ្មានទីផ្សារច្បាស់លាស់ទេ គឺតាមឈ្មួញនៅភ្នំពេញជាអ្នកកំណត់ថ្លៃ ដូច្នេះលក់មិនសូវបានចំណេញទេស្រេចគេថា៕
ប្រភព៖ កោះសន្តិភាព