ស្រ្តីម្នាក់ភ្លាត់ឆ្អឹងថ្គាមយ៉ាងសង្វេគ ព្រោះតែសើចខ្លាំងពេក

//s5.kh1.co/7d/7d7c3bad38754e85fccd2e400813e54fba8bc1a1.jpg
សង្គម

 ១៤-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ចិន៖ ថ្មីៗនេះ ស្រ្តីជនជាតិចិនម្នាក់ ស្រាប់តែភ្លាត់ឆ្អឹងថ្គាមយ៉ាងសង្វេគ ព្រោះតែនាងសើចខ្លាំងពេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពបានឱ្យដឹងថា ហេតុការណ៍ដ៏ហួសចិត្តនេះ បានកើតឡើងកាលពីពេលថ្មីៗនេះ នៅលើរថភ្លើងមួយដែលធ្វើដំណើរទៅស្ថានីយ៍រថភ្លើង Guangzhou South Railway Station។

នៅថ្ងៃកើតហេតុ លោកគ្រូពេទ្យ Luo Wensheng ដែលអ្នកដំណើរនៅលើរថភ្លើងនោះ បានឮគេស្រែកផ្អើលឆោឡោសុំជំនួយ។ ដូច្នេះហើយ គាត់ក៏ប្រញាប់ទៅមើល មានអីស្រាប់តែឃើញស្រ្តីម្នាក់ មិនអាចបិទមាត់ជិតសោះ ដោយដំបូងឡើយ គាត់គិតថា នាងអាចនឹងមានជំងឺដាច់សរសៃឈាមខួរក្បាល ព្រោះតែនាងហៀរទឹកមាត់មកខាងក្រៅជាខ្លាំង។

ដល់ពេលលោកគ្រូពេទ្យ Luo សួរនាំគាត់ទៅ ទើបដឹងថា ការពិតស្រ្តីរូបនេះ ព្រោះតែសើចខ្លាំងពេក ទើបធ្វើឱ្យភ្លាត់ឆ្អឹងថ្គាមសោះ។

លោកគ្រូពេទ្យ Luo បានប្រាប់ក្រុមអ្នកសារព័ត៌មានថា៖

«គាត់ហៀរទឹកមាត់មកខាងក្រៅជាខ្លាំង។ ដូច្នេះខ្ញុំគិតថា គាត់អាចនឹងមានជំងឺដាច់សរសៃឈាមខួរក្បាល។ អីចឹងខ្ញុំក៏វាស់សម្ពាធ​ឈាមឱ្យគាត់ និងសួរនាំគាត់ ទើបដឹងថាការពិតគាត់ភ្លាត់ឆ្អឹងថ្គាមសោះ» ។

យ៉ាងណាមិញ លោកគ្រូពេទ្យ Luo ក៏បានព្យាយាមជួយស្រ្តីរូបនោះផងដែរ ហើយនៅទីបំផុតរូបលោកក៏អាចជួយសម្រួលឆ្អឹងថ្គាមនោះ អាចឱ្យគាត់បិទមាត់បានធម្មតាវិញ។

បន្ថែមពីនេះទៀត គាត់ក៏បានផ្តល់ជាដំបូន្មានទៅកាន់ស្រ្តីនោះ ឱ្យប្រញាប់ទៅរកគ្រូពេទ្យឯកទេសដើម្បីពិនិត្យឱ្យបានត្រឹមត្រូវផងដែរ៕

រូបភាពស្រ្តីរូបនេះភ្លាត់ឆ្អឹងថ្គាម
រូបភាពស្រ្តីរូបនេះភ្លាត់ឆ្អឹងថ្គាម
រូបភាពគ្រូពេទ្យ Luo កំពុងជួយស្រ្តីរូបនេះ
រូបភាពគ្រូពេទ្យ Luo កំពុងជួយស្រ្តីរូបនេះ
Kim Hong
ហុង

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T