ឡើងរុករក​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​តាម​ចោរ​សារ​ភាព​​…​ធ្លាក់​ប៉ូលិស​បាក់ជើង​ម្ខាង

//s6.kh1.co/c7/c7aedf2164fdd39053c841afb00facba4bedcf4b.jpg
សង្គម

 ១០-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ខេត្តបាត់ដំបង​ ៖ ​ឃ្លាំង​លក់​គ្រឿងសំណង់​ដ៏​ធំ​មួយ​កន្លែង ត្រូវ​ចោរ​គាស់​ចូល​លួច​យក​លុយ​អស់​រាប់​ម៉ឺន​ដុល្លារ និង​រាប់​សែន​បាត កាលពី​​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៨ កញ្ញា ដែល​មា​នទី​តាំងនៅ​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ហើយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ចោរកម្ម​នេះ តែ​អ្វី​ដែល​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ គឺ​នគរបាល​ម្នាក់​បាន​ធ្លាក់​បាក់ជើង​ម្ខាង​ដោយសារ​ឡើង​រុករក​លុយ ដែល​ចោរ​អះ អាង​ថា បាន​លួច​យក​ទៅ​លាក់​នៅ​លើ​សំណង់​អគារ​កំពុង​សាងសង់​ក្បែរ​នោះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ករណី​គាស់​ទំ​លុះ​ទំលាយ​លួច​លុយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ ហាក់​មានការ​បិទ​បាំង​ពី​សមត្ថកិច្ច ​ហើយ​មិន​ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​ព័​ត៌​មាន​លំអិត​ទេ​។ ប៉ុន្តែ​មន្ត្រី​នានា​បាន​បង្ហើប​ឲ្យ​ដឹង​ថា ករណី​នេះ​បាន​កើតឡើង នៅ​ក្នុង​ឃ្លាំង​លក់​គ្រឿងសំណង់​យីហោ​ «​ហ៊ុន ម៉េ​ង​ស្រ៊ុ​ន​» ដែល​មាន​ថៅកែ​ឈ្មោះ​អ៊ុំ ស្រស់ ភេទប្រុស​ អាយុ​៣៥​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ​ខាងលើ​ ។ ប្រភព​បាន​បន្ត​ថា ជនសង្ស័យ​បាន​គាស់​ដំបូល​ឃ្លាំង​ខាងលើ រួច​បាន​លួច​យក​លុយ​អស់​ចំនួន​៤​ម៉ឺន​ដុល្លារ និង​ចំនួន​៧​សែន​បាត​ ។

បន្ទាប់​ពី​កើតហេតុ មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ត្រូវ​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​អធិការ​ស្រុក​កំ​រៀង ដើម្បី​ចុះ​ពិនិត្យ​និង​ស្រា​ជ្រាវ​លើ​ករណី​នេះ តាម​បទបញ្ជា​របស់​លោកស្នងការ​ខេត្ត រ​ហូ​តឺ​ា​ន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ហ៊ា​ង សំ​អឿ​ន អាយុ​៣៩​ឆ្នាំ ជា​កម្មករ​នៅ​កន្លែង​លក់​គ្រឿង​ដំណង់​នោះ​។

លោក​ឧត្តម​សេន​នី​យ៍​​ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត មិន​បាន​បំភ្លឺ​ជុំវិញ​ករណី​ចោរ​គាស់​ទំ​លុះ​ទំលាយ​ឃ្លាំង​សំណង់​ខាងលើ​នេះ​ទេ ដោយ​លោក​ជម្រុញ​ឲ្យ​សួរនាំ​មន្ត្រី​ការិយាល័យ​ជំនាញ​ ។ ប៉ុន្តែ​ប្រភព​ក្រៅរបង​ស្នង ការ​ខេត្ត​បាន​ប្រាប់​ថា ​«​សំណុំរឿង​នេះ​ ហាក់ដូចជា​មាន​អា​ថ៌កំ​បាំង​»​ ។ សមត្ថកិច្ច​ហាក់​បាន​ព្យាយាម​បិទ​បាំង​នូវ​ព័​ត៌​មាន​ខ្លះ​ៗ ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ចោរកម្ម​ ។ ប្រភព​ដដែល​បាន​និយាយ​ថា ជនសង្ស័យ​ឈ្មោះ​ហ៊ា​ង សំ​អឿ​ន មិន​បាន​សារភាព​ទាល់តែ​សោះ នៅ​ពេល​ត្រូវ​ឃាត់ខ្លួន​ភ្លាម​ៗ នាំ​ដល់​អធិការ​នគរបាល​ស្រុក តែ​បាន​សារភាព​បែប​ស្រពិចស្រពិល​ពេល​បញ្ជូន​ដល់​ការិយាល័យ​ជំនាញ​។

មន្ត្រី​ខ្លះ​បាន​ប្រាប់​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​១០ កញ្ញា ទាំង​ភ្នែក​នៅ​កញ្ចឹង.ក​ថា ជនសង្ស័យ​ឈ្មោះ​សំ​អឿ​ន នេះ ​ត្រូវ​មន្ត្រី​ជំនាញ​ឃាត់​ខ្លួនដោយ​យោង​លើ​សកម្មភាព​ដែល​ជាប់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព ​។ ដំបូង​ជន​នេះ ​បាន​បដិសេធ​ថា មិនមែន​រូប​ខ្លួន​ទេ ​។ ប៉ុន្តែ​ក្រោយមក​ ជន​នេះ​បាន​សារភាព​ទ​ទូល​ស្គាល់​នូវ​សកម្ម ភាព​ខ្លួន ដែល​ជាប់​ក្នុង​កាមេរ៉ា​ ។ ហ៊ា​ង សំ​អឿ​ន បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​យក​លុយ​ចំនួន​៤​ម៉ឺន​ដុល្លា និង ចំនួន​៧​សែន​បាត​នោះ​មែន ហើយ​បាន​យក​ទៅ​លាក់​ទុក​នៅ​កន្លែង​អា​ថ៌កំ​បាំង​មួយ​ក្នុង​សំណង់​អគារ​ដ៏​ធំ​ដែល​គេ​កំពុង​សាងសង់​នៅ​ក្បែរ​នោះ​។

ដោយ​យោង​លើ​ចម្លើយ​សារភាព​នេះ នៅ​ល្ងាច​ថ្ងៃ​ទី​០៩ កញ្ញា កម្លាំង​ជំនាញ​អធិការ​ស្រុក​កំ​រៀង បាន​ទ​ទួល​បញ្ជា​ពី​មន្ត្រី​ការិយាល័យ​ជំនាញ បាន​ស្ទុះស្ទារ​នាំ​គ្នា​ទៅ​រុករក​លុយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នោះ តែ​អកុសល​ពេល​កំពុង​ប្រតិបត្តិការ ស្រាប់តែ​មន្ត្រី​នគរបាល​ម្នាក់​ភ្លាត់ស្នៀត​ធ្លាក់​បាក់ជើង​ម្ខាង ហើយ​ត្រូវ​អង្គភាព​បញ្ជូន​ភ្លាម​ៗ​ទៅ​កាន់​មន្ទីរពេទ្យ ខណៈ​កិច្ច​ប្រតិបត្តិការ​រុករក​នោះ​មិន​ទ​ទូល​បាន​លទ្ធ​ផល​ទេ​ ។

មន្ត្រី​ដដែល​នេះ​បាន​ប្រាប់​ថា បើ​ពិនិត្យ​លើ​កិច្ច​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ជំនាញ​ហាក់​ចាញ់បោក​ជន សង្ស័យ​ឈ្មោះ​ហ៊ា​ង សំ​អឿ​ន ​។ ក្រោយ​ពី​សមត្ថកិច្ច​រក​មិនឃើញ​វត្ថុ​តាង ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​នគរបាល​ម្នាក់​របួស​បាក់ជើង​ម្ខាង ជន​នេះ​បាន​ឆ្លើយ​យ៉ាង​ក្រ​ឡុ​យ​ខុយ​ថា «​ខ្ញុំ​និយាយ​លេង​ទេ​.. ខ្ញុំ​មិន​បាន​លួច​ទេ​» ធ្វើ​ឲ្យ​សមត្ថកិច្ច​ក្ដៅ​មុខ​យ៉ាង​ខ្លាំង​ ។

បើ​តាម​ព័ត៌​​មាន​នានា​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​មាន​ចំណុច​ខ្លះ ដែល​គួរ​ឲ្យ​មាន​មន្ទិល​ពាក់ព័ន្ធ​នឹង​ការ​បាត់បង់​លុយកាក់​រាប់​ម៉ឺន​ដុល្លារ និង​រាប់​សែន​បាត​នេះ ​។ ប្រភព​នេះ​បាន​បញ្ជាក់​ថា លុយ​ដែល​បាត់​នោះ គឺ​ទុក​នៅ​ក្នុង​ថតតុ​មួយ តែ​លុយ​ខ្មែរ​ជាង​៥០​លាន​រៀល​ទៀត ដែល​ទុក​នៅ​ក្នុង​ថតតុ​​​ទៀត​នៅ​ក្បែរ​នោះ មិន​មាន បាន​បាត់បង់​ទេ ​។

ទោះ​យ៉ាងណា ព័​ត៌មាន​ជាក់លាក់ នៃ​អំពើ​ចោរកម្ម​នេះ មិន​មាន​មន្ត្រី​ជំនាញ​ណា​ម្នាក់​ ដែល​ចុះ​អង្កេត​រឿង​នេះ​ទម្លាយ​ឲ្យ​ដឹង​ជា​សាធារណៈ​នៅឡើយ​ទេ បើ​ទោះជា​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្ដី​។ ពោល​គឺ​មាន​តែ​ការ​លាក់បាំង​ ។ យ៉ាងណា​ខាងលើ គ្រាន់តែ​ជា​ប្រភព​ក្រៅរបង​ស្នងការ​ខេត្ត តែ​ប៉ុណ្ណោះ ប៉ុន្តែ​អាច​ទុកចិត្ត​បាន៕

https://s5.kh1.co/__image/w=650,h=542,q=100/1e/1e403a79bd1cbf78e2320913ff244132134f5571.jpg

ប្រភពកោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T