បុរសម្នាក់ចេះតែក្អកឥតឈប់ ដល់ឱ្យពេទ្យពិនិត្យ រកឃើញសុទ្ធតែប៉ារ៉ាស៊ីតនៅក្នុងថ្លើម ព្រោះតែចូលចិត្តហូបគ្រឿងសមុទ្រឆៅរាល់ថ្ងៃ

//s6.kh1.co/26/26eef0a21b07eaf70e4cb30a34e0001440341650.jpg
សង្គម

 ០៩-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ចិន៖ បុរសម្នាក់មាននាមត្រកូល Lim រស់នៅក្នុងទីក្រុងហ្វូចូវ ប្រទេសចិន បានធ្វើឱ្យគ្រូពេទ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលថ្មីៗនេះ រូបគេបានទៅឱ្យគ្រូពេទ្យពិនិត្យ ក្រោយពីរូបគេក្តៅខ្លួន និងក្អកឥតឈប់អស់រយៈពេលជាង ១០ថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពបានឱ្យដឹងថា លោក Lim ស្រាប់តែក្អកឥតឈប់ ហើយលោកថែមទាំងមានកំហាកនៅក្នុងបំពង់.កច្រើនថែមទៀត។ កាន់តែធ្ងន់នោះគឺថា លោកស្រាប់តែក្តៅខ្លួនខ្លាំងដល់ទៅជាង ៣៩អង្សាសេ និងក្អកឥតឈប់រយៈពេលជាង ១០ថ្ងៃ។

លោក Lim
លោក Lim

ដំបូងឡើយ លោកក៏បានសាកល្បងទិញថ្នាំផឹកដោយខ្លួនឯងដែរ ប៉ុន្តែស្ថានភាពជំងឺគឺមិនបានជាសះស្បាយសោះ។

ក្រោយមក លោក Lim ក៏បានទៅរកគ្រូពេទ្យ ហើយឆ្លងកាត់ការត្រួតពិនិត្យ និងឆ្លុះកាំរស្មីអ៊ិច (X-ray) បានរកឃើញថា ប៉ារ៉ាស៊ីតព្រូនអៀនតេនញ៉ារាប់រយនៅក្នុងថើមរបស់លោក ដែលជំងឺនេះភាសាបច្ចេកទេសហៅថា «Liver fluke»។

រូបឆ្លុះកាំរស្មីអ៊ិចរបស់លោក​ Lim
រូបឆ្លុះកាំរស្មីអ៊ិចរបស់លោក​ Lim

គ្រូពេទ្យបានពន្យល់ថា ជំងឺ Liver fluke ឬក៏ពពួកប៉ារ៉ាស៊ីតថ្លើម ច្រើនកើតឡើងនៅពេលយើងហូបអាហារមិនស្អាត ឬឆៅជាដើម។

បន្ថែមពីនេះទៀត ពពួកប៉ារ៉ាស៊ីតទាំងនេះអាចរស់នៅក្នុងខ្លួនយើង ឬក៏ថើមរបស់យើងបានដល់ទៅជាង ២០ ដល់ ៣០ឆ្នាំឯនោះ។

រោគសញ្ញានៃជំងឺនេះ រួមមាន ឈឺពោះ ក្តៅខ្លួន ក្អួតចង្អោរ និងរាគរុះជាដើម ហើយចំពោះករណីធ្ងន់ធ្ងរអាចឈានទៅដល់មហារីកបំពង់ទឹកប្រមាត់ក៏មានដែរ។

រូបឆ្លុះកាំរស្មីអ៊ិចរបស់លោក​ Lim
រូបឆ្លុះកាំរស្មីអ៊ិចរបស់លោក​ Lim

យ៉ាងណាមិញ ក្រោយពីសួរនាំលោក Lim បានឱ្យដឹងថា ការពិតលោកចូលចិត្តហូបគ្រឿងសមុទ្រឆៅជាខ្លាំង ពោលគឺ លោកឧស្សាហ៍ហូបត្រីសាម៉ុង បង្គារឆៅ និងគ្រឿងសមុទ្រស្រស់ៗដទៃទៀត ហើយលោកហូបវាអស់រយៈពេលជាង ៣ឆ្នាំមកហើយ។

បច្ចុប្បន្នលោក Lim កំពុងតែស្ថិតនៅក្នុងមន្ទីរពេទ្យដើម្បីរង់ចាំការពិនិត្យបន្ថែមទៀតទាក់ទិនទៅនឹងបញ្ហាមួយនេះ។ ប្រសិនបើរោគសញ្ញារបស់លោកមានស្ថានភាពធ្ងន់ធ្ងរខ្លាំងនោះ លោក Lim អាចឈានទៅដល់ការវះកាត់ក៏ថាបានដែរ។

ដោយឡែក គ្រូពេទ្យបានផ្តល់ជាដំបូន្មានទៅកាន់មនុស្សទូទៅថា ប្រសិនបើអ្នកមិនចង់ជួបបញ្ហាដូចទៅនឹងលោក Lim ទេ ជម្រើសដ៏ល្អបំផុតនោះគឺមិនត្រូវហូបគ្រឿងសមុទ្រ ឬក៏អាហារឆៅនោះទេ ហើយប្រសិនបើអ្នកនៅតែចង់ហូបឆៅនោះ គួរណាត្រូវសម្អាតវាឱ្យបានត្រឹមត្រូវ ជ្រើសរើសគ្រឿងសមុទ្រដែលមានគុណភាពល្អ និងហូបវាតែបន្តិចបានហើយ ដើម្បីចៀសវាងនូវពពួកប៉ារ៉ាស៊ីតផ្សេងៗដែលលាក់ខ្លួននៅក្នុងសាច់ឆៅ ឬក៏គ្រឿងសមុទ្រឆៅ៕

Kim Hong
ហុង

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T