មិនស្រលាញ់ប្រពន្ធបែបណាក៏ដោយមិនគួរធ្វើបាបចិត្តប្រពន្ធដល់ថ្នាក់នេះទេ។ តើបងប្អូនអ្នកអានមានមតិយ៉ាងណា ខ្លះចំពោះករណីប្តីប្រពន្ធនេះ?

រាជធានីភ្នំពេញ ៖ ​បុរសម្នាក់​​បាន​​រងនូវ​ភាព​​​អាម៉ាស់ ​និង​បាក់មុខ​​មាត់ដោយសារ​ដឹក​ស្រី​​​ស្នេហ៍​​ទាំងថ្ងៃ​យកទៅផ្ទះ​​បញ្ឈឺ​ប្រពន្ធ​ ត្រូវ​​ប្រពន្ធ​​ជិះ​ម៉ូតូ​ដេញ​តាម​​​​​ទាន់​ស្ទាក់​ផ្លូវ​​ ចាប់ប្រតាយ​ប្តី​ឱ្យ​ចេញ​ពី​រថយន្ត ​​ហើយក៏​​ផ្ទុះ​ហិង្សា​​​ទាញដុំ​ថ្ម​​​គប់​​​​បែរ​ជា​ទៅ​ត្រូវ​​រថយន្តម៉ា​ក​តូយ៉ូតា​កាមរីហាយ​ប្រ៊ីដ​​ ស៊េរី​​២០០៧ ​​របស់​​ព្រះរាជ​​​អាជ្ញា​រង​​​ខេត្ត​កណ្តាលម្នាក់ ​ដែលធ្វើដំណើរ​​តាមផ្លូវ​​ស្រប​គ្នា​បណ្តាល​ឱ្យ​បែកកញ្ចក់​ចំហៀង​​​ខាងស្តាំ ។

ហេតុការណ៍​នេះ ​បានធ្វើ​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​កាលពី​វេលាម៉ោង១១ និង៣០នាទី​​​ព្រឹក​​ថ្ងៃទី២ ​​មករា ឆ្នាំ២០១២ ​មុខភោជនីយដ្ឋាន​​​​និស្ស័យ​​​សមុទ្រ​​ ស្ថិត​នៅតាម​​ផ្លូវលេខ​២៦៥ កែង​វិថី​ឧកញ៉ា​​​ទេព​ផន ​ក្នុងសង្កាត់​ទឹកល្អក់ទី២ ​ខណ្ឌ​ទួលគោក។ នៅ​ក្នុង​​ហេតុការណ៍នេះដែរ ​​ស្រ្តី​ជា​ប្រពន្ធ​​​ក៏បាន​រង​របួស​​មុតដៃ​​​ដោយសារ​ចាប់​ប្រវាយ​ប្រតប់​​​​​កាច់បំបាក់​​​ផ្លិត​សម្រាប់​បាញ់​លាង​កញ្ចក់​​​រថយ​ន្ត ដើម្បីវាយប្តី​ដែល​ក្រាញ​​មិន​ព្រម​ចុះ​​​​ចេញពី​​ក្នុង​រថយន្ត ។ ​​​បុរស​​ដែល​​ដឹកស្រី​ ហើយប្រពន្ធ​តាម​ទាន់​នោះ ​​ឈ្មោះ​ហែម ​​វិសាល ​ ​អាយុ​៣០ឆ្នាំ ប្រពន្ធឈ្មោះ​ឈាង ចាន់ធា អាយុ​២៤​ឆ្នាំ ​​មានទីលំនៅ​ភូមិត្រពាំង​​​​ឈូក សង្កាត់​​​ទឹកថ្លា ខណ្ឌ​សែន​សុខ ​។ ចំណែកស្ត្រី​​ដែលលង់​ស្នេហ៍​​​ប្តី​​គេ​​នោះ​ឈ្មោះ​ដុះ វ៉ារី ​​អាយុ​២៨ឆ្នាំ ជា​កម្ម​ករ​រោង​​​ចក្រ​កាត់​ដេរ​​​ហ្វាន់​ទ័រ​ ស្នាក់នៅ​​​ផ្ទះ​ជួល​​ក្នុងសង្កាត់​បឹងកក់ទី២ ​ខណ្ឌទួលគោក ។

តាមសាក្សី​​នៅកន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅមុនពេលកើតហេតុ ​គេឃើញ​បុរសជាប្តី​បានបើក​រថយន្តម៉ាក​​កូរ៉ូឡា​​ ស៊េរី​​៩៤ ​​​​ពណ៌​​​ឈាម​ជ្រូកមួយ​គ្រឿង​​​​​​បញ្ជិះស្រីស្នេហ៍​​ធ្វើដំណើរ​​​តាម​ផ្លូវ​។ នៅ​ពេល​​ធ្វើដំណើរ​​​​មកដល់ចំណុច​​មុខ​ភោជ​នីយ​ដ្ឋាន​​​និស្ស័យសមុទ្រ ស្រាប់តែ​​​មានម៉ូតូម៉ាក​ស្តេប​​​ ពណ៌​ខ្មៅមួយគ្រឿងជិះគ្នា​២​នាក់​​ស្ទាក់ពី​មុខ​រថ​យន្ត​​​​ ។ ភ្លាមនោះ​​​ស្រាប់តែ​​​ស្ត្រីម្នាក់​ដែល​គេស​្គាល់​​ថា ​ជាប្រពន្ធ​​​​ស្របច្បាប់​បាន​ស្ទុះ​ទៅ​​ចាប់​ទាញ​​បុរស​ជាប្តី​​ឱ្យចេញពីរថយន្ត​​ តែប្តី​​​​មិនព្រម​ចេញ ។ ​​ប្រតិកម្ម​របស់ស្ត្រី​​ជា​ប្រពន្ធ​ គឺ​មាន​​បំណង​​​​​​​រក​វាយ​​​ស្ត្រី​ម្នាក់​ដែលជិះ​ក្បែរ​​​ប្តី​​​ជា​ស្រី​ស្នេហ៍​​ផង​ដែរ ។

តាម​សាក្សីបន្ត​​ទៀតថា ​នៅក្នុង​ហេតុការណ៍​​នោះ​​​ដោយសារ​តែ​​មានកំហឹង​ចំពោះប្តី​​ដឹកស្រី​​ទាំង​​ថ្ងៃ ស្ត្រី​ជា​ប្រពន្ធ​បាន​ចាប់​ទាញ​​កាច់ដងផ្លិត​​​សម្រាប់​បាញ់​ទឹក​​​លាង​កញ្ចក់​រថយន្ត​មកវាយ​​​ប្តី  បណ្តាល​​ឱ្យ​មុតដៃ​​​ខ្លួនឯង​ ហើយ​ក៏​យក​​​ដុំថ្ម​​​ប៉ុន​​កំភួន​​​ដៃ​គប់​តម្រង់​​​ប្តី​ និង​ស្រី​ស្នេហ៍​​​ដែលនៅ​ក្នុងរថ​យន្ត តែដុំថ្ម​​បែរ​ជា​ហោះទៅ​ត្រូវ​កញ្ច​ក់​​​
រថ​យន្តម៉ាក​តូយ៉ូ​តា​​​​កាមរី​ហាយប្រ៊ីដ​​​ ស៊េរី​​​ឆ្នាំ​២០០៧ ​​ពណ៌​​​​​ទឹកប្រាក់​​មួយ​​​គ្រឿងរបស់លោក​​​​​ចាំង សុជាតិ ព្រះរាជ​​អាជ្ញារង​​​​ខេត្ត​កណ្តាល​​​​ដែល​ធ្វើដំណើរ​​តាមដង​ផ្លូវ​​ បណ្តាល​ឱ្យ​​បែកកញ្ចក់​​ទ្វារ​ខាងស្តាំ ។

នៅក្នុង​​​ហេតុការណ៍​​​នោះ​ លោក​ព្រះ​រាជ​អាជ្ញា​​​រង​​​ក៏បាន​ឈប់រថយន្ត​​​​​ភ្លាមទាមទារ​សំណង​ការ​ខូចខាត​​​កញ្ចក់​រថយន្ត ​ និងបានបង្កឱ្យ​មាន​ការភ្ញាក់ផ្អើល​​​យ៉ាង​ខ្លាំង​​ដល់មនុស្ស​រាប់សិប​នាក់​នាំគ្នា​​ចោមរោម​​​​មើល ​​ធ្វើឱ្យមានការ​កកស្ទះ​​ចរា​ចរណ៍​​​។ បន្តិច​ក្រោយមក គេ​ឃើញ​ប៉ូលិស​ប៉ុស្តិ៍​​​​ទឹកល្អក់ទី២ ​​ចុះទៅ​​​សម្របសម្រួល​ ហើយ​នាំ​ប្តីប្រពន្ធ​​​ និងស្រីស្នេហ៍​​ទៅប៉ុស្តិ៍​​ និងដោះស្រាយ​​​សងការខូចខាត ។

តាមស្ត្រីឈ្មោះ​ឈាង ​ចាន់ធា ​បានឱ្យ​ដឹង​ថា ​​នាង​ជា​ប្រពន្ធ​​​ស្របច្បាប់​​​ដែលបានរៀបការ​​ជា​មួយ​ឈ្មោះ​ហែម វិសាល ​តាំងពីឆ្នាំ​២០០៩ មក​ម្លេ៉ះ ​​និងមានកូនប្រុសម្នាក់​អាយុ​ទើបតែ​​៦​ខែ។ នៅ​​ពេលដែលនាង​​ជាប្រពន្ធ​ឆ្លង​ទន្លេ​​​ ប្តី​បាន​ចុះ​​ចោល​ផ្ទះ ហើយទៅ​លួច​មានស្រី​​ ថែម​ទាំង​​សុំ​យក​ស្រីនោះ​មក​រស់នៅ​ផ្ទះ​ជាមួយគ្នាទៀត។ នាង​និយាយថា ស​ុខចិត្ត​ឱ្យប្តី​​យកស្រី​មួយទៀត​​​ទៅ​ចុះ​ តែ​សុំកុំ​​យកមក​ដេកនៅ​ក្នុងផ្ទះ និងកុំភ្លេច​ប្រពន្ធ​​កូន​ឱ្យ​សោះ។ ស្ត្រីឈ្មោះ​​ឈាង ​ចាន់ធា ​​បាន​​បន្ត​ទៀត​ថា ​​នៅមុន​ពេល​កើតហេតុ​ បន្ទាប់​ពីបាត់ប្តី​​មិន​ឃើញ​​ចូលផ្ទ​ះ​ច្រើនថ្ងៃ ស្រាប់តែ​​​ឃើញ​​ចូល​ផ្ទះ​​វិញ​ ដោយនាំ​ស្រីស្នេហ៍​​មកជាមួយ​​​ទៀត​។ ​​​លុះ​​​​នៅ​ផ្ទះ​មួយសន្ទុះ​​​​ ក៏បាន​បើករថយន្ត​​ចេញ​វិញ ហើយ​ត្រូវ​​​នាង​រួមទាំង​​ប្អូន​បានជិះម៉ូតូ​ដេញតាម ។ ​ស្ត្រី​ជា​ប្រពន្ធរូប​នោះបាន​​និយាយ​ទៀតថា ​​ពេលបើក​ម៉ូតូ​ដេញ​តាម​ទាន់ឱ្យ​​ឈប់ មិនព្រម​ឈប់ ទើបនាង​បាន​បើក​ម៉ូតូ​ស្ទាក់ផ្លូវ​​រួចទាញប្តី​ឱ្យចេញមកក្រៅ​​និយាយគ្នា​សិន តែ​ប្តីមិន​ព្រម​ចេញ​​ នាងក៏​​បានទាញដុំថ្ម​​គប់ប្តី​​ តែ​ទៅ​​ត្រូវ​រថ​យន្ត​គេដែលកំពុង​ធ្វើដំណើរ​​​តែម្តង ។

ចំណែក​​​ស្ត្រី​ឈ្មោះ​ដុះ​ រ៉ានី ​ជាស្រីស្នេហ៍​បាន​​ឱ្យ​ដឹង​ថា ​នាង​​មាន​ទំនាក់​ទំនង​​ស្នេហា​​ជាមួយ​​ឈ្មោះ​ហែម ​​វិសាល រយៈពេល​​៣​ខែមកហើយ ។ ​​ទោះបី​​ជា​យ៉ាងណា ស្ត្រី​​រូបនោះ​មិនឱ្យ​​ដឹង​ច្រើនឡើយ ​​សូម្បី​តែ​ឈ្មោះ​ ក៏មិនប្រាប់ឱ្យ​ដឹង​ដែរ ។ រីឯ​បុរស​ឈ្មោះ​​ហែម វិសាល ​​ពេល​ដែល​​កោះសន្តិភាព​​សុំ​ការ​​បំភ្លឺ​​ ពុំបាន​និយាយ​ប្រាប់​អ្វីឡើយ ​។ ​មិនត្រឹម​តែ​​​ប៉ុណ្ណោះ ​ក៏បាន​ប្រាប់​ប្រពន្ធ​កុំឱ្យ​និយាយ​ច្រើន​ពេក ព្រោះ​អ្នក​កាសែត​ចាំយ​កព័ត៌មាន​​​នាំ​ខ្មាសគេ ។ នៅ​ស្នាក់​ការប៉ុស្តិ៍​ លោកព្រះ​​អាជ្ញា​​រង​​​​​​ខេត្ត​កណ្តាល​បាន​ទារ​​សំណង​ការ​ខូចខាតកញ្ចក់​រថ​យន្ត​ចំនួន​៥០០​ដុល្លារ ហើយ​ភាគី​បង្ក​ ក៏បានយល់ព្រម ​។

ទោះ​​បីជាយ៉ាងណាក្តី នៅ​រសៀល​នេះ​សមត្ថ​កិច្ច​​​កំពុង​​សាកសួរ​​ និងដោះស្រាយគ្នានៅឡើយ  ៕

ដកស្រង់ពីកោះសន្តិភាព

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]