ពពោះ សុខភាពស្បែកមានការប្រែប្រួលម៉េចខ្លះ តោះទៅស្វែងយល់ទាំងអស់គ្នា!

//s5.kh1.co/a8/a8516561df25353ac70784d6414fee5913fcfb80.jpg
នារី

 ០៣-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ដោយ​សារ​ការ​ប្រែប្រួល​អ័រម៉ូន​ អំឡុង​ពេល​​ពពោះ នឹង​ធ្វើ​ឲ្យ​ស្រីៗ​គ្នា​យើង មាន​ការ​ប្រែប្រួលរាងកាយ​យ៉ាង​ច្រើន។ បម្រែ​បម្រួល​ទាំង​នេះ មិន​ត្រឹម​តែ​មានលើ​​អារម្មណ៍​ និង​រូប​រាងប៉ុណ្ណោះ​ទេ ទាំង​សម្រស់ ​និង​ស្បែក​ក៏​ប្រែប្រួលដូច​គ្នា។ ហេតុនេះ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ពី​សុខភាព​ស្បែក​ពេល​ពពោះ មាន​ការ​ប្រែ​ប្រួល​ម៉េច​ខ្លះ ឲ្យ​ស្រីៗ​ទាំង​អស់​គ្នា​បាន​ដឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- ស្បែក​ស្ងួត​ និង​បែក​ស្រកា

ដោយ​សារ​ស្បែក​យើង​ត្រូវ​ប្រឹង​រីក យារ​តាម​ដំណាក់​កាល​ពពោះ ​នឹងធ្វើ​ឲ្យ​ស្បែក ​បាត់​បង់​ភាព​យឺត​ និងជាតិ​ខ្លាញ់​ដែលមាន​នាទី​​រក្សា​សំណើមស្បែក ​ជា​ហេតុនាំ​ឲ្យ​​ស្បែក​ស្ងួត បែក​ស្រកា និង​ឡើង​ក្រហម។ ស្រីៗ​ពពោះ​​ភាគ​ច្រើន ​ជួប​បញ្ហា​នេះ​នៅ​តែ​តំបន់​ពោះ​តែ​ប៉ុណ្ណោះ តែ​ក៏​មាន​គ្នា​យើង​​ខ្លះ ​មាន​អារម្មណ៍​ថា​រមាស់​ដៃ ទ្រូង​ និង​ភ្លៅ​ផង​ដែរ។

២- សង្វារ

៩០​% ក្នុង​ចំណោម​ស្រីៗ​ព​ពោះ​ តែង​​ជួប​បញ្ហា​នេះ ហើយ​ក៏​ជា​បញ្ហា​គួរ​ឲ្យ​​ភ័យ​ខ្លាច​បំផុត ចំពោះ​គ្នា​យើង ​ពេល​គិត​បញ្ហា​បម្រែ​បម្រួល​​ស្បែក​មួយនេះដូច​គ្នា។ សង្វារ ជា​ការ​ដាច់ រហែក​ជាលិក​ទ្រទ្រង់​ក្រោម​ស្បែក​ ភាគ​ច្រើន​កើត​ឡើង​នៅអំឡុង​សប្តាហ៍​ទី ១៣​-២១ នៃ​ការ​ពពោះ ដោយ​​មាន​ពណ៌​ផ្កាឈូក ក្រហម ឬ​ស្វាយ។ តែ​ក្រោយ​ពេល​សម្រាល​ ២-៣ ​សប្តាហ៍ អាច​នឹង​រលុប​បាត់​ទៅ​វិញ​បន្តិច​ម្តងៗ ដោយ​គ្នា​យើង​ខ្លះ​អាច​នឹង​បាត់​ទាំង​ស្រុង​តែ​ម្តង។

៣- ឡើង​សរសៃ​ក្រហម​

បញ្ហា​ស្បែក​ឡើង​សរសៃ​ក្រហម ​គឺ​ដោយ​សារ​មាន​ការ​ឡើង​ប៉ោង​ខុស​ប្រក្រតីរបស់​​សរសៃ​ឈាម។ បញ្ហា​នេះ កើត​ឡើង​ដោយ​ការ​ប្រែប្រួល​អ័រម៉ូន​ និង​កំណើនលំហូរ​ចរន្ត​ឈាម ហើយ​ស្រីៗកំពុង​ពពោះ​ ងាយ​​មាន​ការ​ឡើង​សរសៃ​ក្រហម​នេះ​នៅ​លើ​មុខ ទ្រូង ក ពោះ និង​ដៃ។ វា​អាច​មាន​រូបរាង​ជា​ចំណុច​ក្រហម​មួយ​ ​មាន​សរសៃៗ​ជុំ​វិញ មាន​រូបរាង​ដូច​ជើង​ពីង​ពាង​។ សំណាង​ល្អដែរ បញ្ហា​នេះ​​មិន​ធ្វើឲ្យ​រមាស់ ឬ​ឈឺ​ចាប់នោះទេ ដែល​ជា​ធម្មតា​ ​នឹង​បាត់​ទៅ​វិញ​ក្រោយ​ពេល​សម្រាល​រួច។ តែ​បើ​មិន​បាត់​ទៅ​វិញ​ទេ អាច​ទៅ​ព្យាបាល​ ដោយ​ការ​បាញ់កាំរ​ស្មី ​ដើម្បី​បំបាត់​បាន។

៤- រីក​សរសៃវ៉ែន

ខុស​ពី​ការ​ឡើង​សរសៃ​ក្រហម ករណី​​រីក​សរសៃ​វ៉ែន ​ឡើង​ពកៗ ពណ៌​ខៀវ​ ហើយ​ធំជាង​សរសៃ​វ៉ែន​ធម្មតា តែង​កើត​មាន​ដូច​គ្នា។ ទោះ​បី​សរសៃ​វ៉ែន​ទាំង​អស់​អាច​រីក​បាន​មែន តែ​ចំណោះ​ស្រីៗ​ពពោះ ភាគ​ច្រើន​ឡើង​វា​នៅ​ជើង ​និង​ភ្លៅ​​ប៉ុណ្ណោះ ​ដោយ​សារ​ការ​កើន​ឡើង​សម្ពាធ​នៅ​ក្នុង​ពោះ ​ធ្វើ​ឲ្យ​​ថយ​ចុះ​លំហូរ​ឈាម​ ពី​ជើង​ទៅ​ក្នុង​អាង​ត្រគាក​។ ក្រៅ​ពី​អាក្រក់​មើល ជា​ធម្មតា​ការ ​រីក​សរសៃ​វ៉ែន ​មិន​បង្ក​ជា​​បញ្ហា​អ្វីធំ​ដុំ​នោះ​ទេ។ តែ​ពេល​ខ្លះ ​ក៏​អាច​ធ្វើ​ឲ្យ​ឈឺ​តិច​តួចដែរ។

៥- កើតមុន

អំឡុង​សប្តាហ៍​ទី ៦ ​នៃ​ការ​ពពោះ អ័រម៉ូន​ប្រូហ្គេស្តេរ៉ូន នឹង​កើន​ឡើង​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​ក្រពេញ​ញើស​បញ្ចេញ​សារធាតុ​សេបូម​យ៉ាង​ច្រើន នាំ​ឲ្យ​​ស្ទះ​រន្ធ​ញើស និង​បង្ក​រោគ​ដោយ​បាក់​តេរី​លើ​មុខ ខ្នង និង​ទ្រូង។ ដោយ​សារ​រាងកាយ​ស្រីផ្ទុក​សារធាតុ​ទឹក​ច្រើន​ជាង​មុន គេ​ជឿ​ថា​ សារធាតុ​ពុល​ ក៏​មាន​កាន់​តែ​ច្រើន​ឡើង​ដូច​គ្នា តែ​ពេល​ខ្លះអាច​ជា​ការ​ភ្ញាក់​ផ្អើល​ទៅវិញ ដោយ​សារ​តែគ្នា​យើង​ខ្លះ​ បែរ​ជា​បាន​ធូរ​ស្រាល​ពី​ជំងឺ​មុន​ទៅ​វិញ ដោយ​សារ​កំណើនអ័រមូន​នេះ​ ទៅ​ធ្វើឲ្យ​មាន​លំនឹង​អ័រម៉ូន ដែល​ខ្វះ​មុន​ពេល​ពពោះ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T