​ចូលចិត្តញ៉ាំ​ ៣ មុខនេះ អាចកើត​ក្រួស​តម្រង​នោម ចុកពិបាកឥតអំពើ!

//s4.kh1.co/60/60df65d754eac4970fd18d0bba5f0072327de23b.jpg
នារី

 ០២-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ក្រួស​តម្រង​នោម ជា​ដុំ​គ្រីស្តាល់​រឹង​មាន​ក្នុង​ទឹក​នោម។ ការ​ឈឺ​ចុក​ដោយសារ​ក្រួស​តម្រង​នោម អាច​ទ្រាំ​មិន​បាន ហើយ​អាច​ឈឺ​មួយ​ឆាវៗ។ មាន​កត្តា​មួយ​ចំនួន​នាំ​ឲ្យ​កើត​ក្រួស​តម្រង​នោម តែ​របប​អាហារ​របស់​គ្នា​យើង​ក៏​ជា​មូលហេតុ​សំខាន់​ខ្លាំង​ដែរ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​អាហារ ៣ ប្រភេទ​ដែល​អាច​នាំ​កើត​ក្រួស​តម្រង​នោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- អាហារសម្បូរជាតិសូដ្យូម (ប្រៃ)

សូដ្យូម ជា​ចំណែក​មួយ​ក្នុង​អំបិល។ សូដ្យូម​ក្នុង​អាហារ​គ្នា​យើង​ញ៉ាំ​ អាច​ជម្រុញ​ឲ្យ​កើត​ក្រួស​តម្រង​នោម ព្រោះ​វា​បង្កើន​ការ​ប្រមូល​ផ្ដុំ​ជាតិ​កាល់ស្យូម​នៅ​ក្នុង​ទឹក​នោម។ សូដ្យូមមាន​ក្នុង​អាហារ​កំប៉ុង អាហារ​រហ័ស (Fast Food) អាហារ​ខ្ចប់ ឬ​សាច់​កញ្ចប់ និង​គ្រឿង​ផ្សំ​បង្កើន​រស​ជាតិ។ លើស​ពី​នេះ កាត់​បន្ថយ​ការ​ញ៉ាំ​ជាតិ​សូដ្យូមក៏​អាច​ជួយ​ការពារ​បេះដូង​បាន​ដែរ។

ដើម្បី​ឲ្យ​របប​អាហារ​មាន​សូដ្យូម​ទាប អាច​ពិចារណា​ចំណុច​ខាង​ក្រោម៖

– ពេល​ចេញ​ញ៉ាំ​អី​ខាង​ក្រៅ ចៀសវាង​អាហារ​មាន​ជាតិ​សូដ្យូម​ច្រើន​ពេក។
– កុំ​ចេះ​តែ​ឧស្សាហ៍​ញ៉ាំ​ស៊ុប​កំប៉ុង សាច់ បន្លែ​កំប៉ុង អាហារ​រហ័ស និង​អាហារ​កញ្ចប់។ គួរ​ញ៉ាំ​អាហារ​ស្រស់​ថ្មីៗ​វិញ។
– ពេល​ទិញ​អាហារ​នៅ​ផ្សារ​ទំនើប មើល​តារាង​គ្រឿង​ផ្សំ​លើ​សម្បក។ ចៀសវាង​អាហារ​មាន​សូដ្យូម​ប៊ីកា​បូណាត ម្សៅ៉សូដា​សម្រាប់​ដុតនំ ម្ស៉ៅ​ដុត​នំ សូដ្យូម​ផូស្វាត ម៉ូណូ​សូដ្យូម​គ្លុយតាម៉ាត MSG សូដ្យូម​អាល់ហ្ស៊ីណាត សូដ្យូម​នីត្រាត ឬ​នីទ្រីត។ ទាំង​នេះ ជា​សូដ្យូម​លាក់​មុខ។

២- អាហារបង្កើនសារធាតុអុកសាឡាតច្រើនពេក

ជាតិ​អុកសាឡាត​ច្រើនពេក អាច​បង្ការ​មិន​ឲ្យ​រាងកាយ​យើង​ស្រូប​យក​ជាតិ​កាល់ស្យូម។ ហេតុ​នេះ កម្រិត​កាល់ស្យូម អាច​កើន​ឡើង​នៅ​ក្នុង​ទឹក​នោម ហើយ​រួម​ចំណែក​បង្ក​ក្រួស​តម្រង​នោម។
អាហារ​សម្បូរ​ជាតិ​អុកសាឡាត​មាន៖
– ស្ករសូកូឡា
– ឆៃថាវក្រហមឈាមមាន់
– ស្ពៃពួយឡេង
– ដំឡូងជ្វា
– គ្រាប់ធញ្ញាតិ
– ផលិតផលធ្វើពីសណ្តែកសៀង
– បន្លែ Rhubarb
– តែ​ខ្មៅ​ចាស់។
បើ​ចូលចិត្ត​តែ អាច​ផឹក​តែ​ធ្វើ​ពី​រុក្ខជាតិដូចជា តែ​ក្រូចឆ្មារ តែ​ជី​រអង្កាម។

៣- អាហារមានប្រូតេអ៊ីនបានពីសត្វ

ការ​ញ៉ាំ​ប្រូតេអ៊ីន​មាន​ប្រភព​ពី​សត្វ​ច្រើន​ពេក អាច​បង្កើន​កម្រិត​អាស៊ីដ​អ៊ុយរិច ហើយ​កាត់​បន្ថយ​កម្រិត​ស៊ីត្រាត។ ស៊ីត្រាតអាច​បង្ការ​ក្រួស​មិន​ឲ្យ​កើត​មាន។ អ៊ីចឹងកម្រិត​អាស៊ីដ​អ៊ុយរិច​ខ្ពស់ និង​កម្រិត​ស៊ីត្រាត​ទាបអាច​បង្កើន​ឱកាស​កើត​ក្រួស​តម្រង​នោម។
ប្រូតេអ៊ីន​របស់​សត្វដូចជា សាច់​ជ្រូក សត្វ​ស្លាប សាច់​គោ មាន់ ស៊ុត ត្រី ពពួក​ខ្ចៅខ្យង សត្វ​មាន​ស្នូក ទឹក​ដោះ​គោ និង​ផលិត​ផល​ធ្វើ​ពី​ទឹកដោះគួរ​តែ​ដាក់​កម្រិត។
អ៊ីចឹង​ឧស្សាហ៍​ឆែក​មើល​ម្ហូបញ៉ាំ​រាល់​ថ្ងៃ ថា​តើ​ក្រៅ​ពី​ត្រូវ​មាត់ឆ្ងាញ់​ហើយ​នោះ  អាច​បង្ក​ជំងឺផ្សេងៗ​អត់។ ស្រលាញ់​សុខភាពកុំ​ចេះ​តែ​ញ៉ាំ​ផ្ដេសផ្ដាស។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T