ក្ដុកក្ដួល! បុរសម្នាក់ធ្វើឲ្យពិធីបុណ្យសពគូដណ្ដឹង ក្លាយទៅជាពិធីមង្គលការដ៏ក្រៀមក្រំ (មានវីដេអូ)

//s4.kh1.co/91/9152ea1d1ebb36cb98b89e32c38221024d62d5c9.jpg
សង្គម

 ២៨-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

វៀតណាម៖ គូស្នេហ៍មួយគូ ជិតដល់ថ្ងៃរៀបការទៅហើយ បែរជាកូនក្រមុំត្រូវស្លាប់ បន្សល់ទុកឲ្យកូនកំលោះក្រៀមក្រំចិត្តក្នុងថ្ងៃពិធីបុណ្យសព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា កូនកំលោះឈ្មោះ Dang Thien An ត្រូវជាគូដណ្ដឹងនឹងនារីម្នាក់មិនត្រូវបានបញ្ចេញអត្តសញ្ញាណ ហៅ D។ ពួកគេទាំងពីរមានអាយុ២៥ឆ្នាំដូចគ្នា។ ពួកគេបានចាប់ផ្ដើមស្រលាញ់គ្នាតាំងពីរៀននៅថ្នាក់សាកលវិទ្យាល័យជាមួយគ្នាមកម៉្លេះ។ នៅក្នុងឆ្នាំ២០១៧ ពួកគេបានផ្លាស់ទៅធ្វើការនៅក្នុងប្រទេសជប៉ុនជាមួយគ្នា។ ប៉ុន្ដែនាង D បានវិលត្រលប់មកប្រទេសវៀតណាមវិញកាលពីប៉ុន្មានខែកន្លងទៅនេះ ដើម្បីត្រៀមរៀបចំពិធីមង្គលការដែលនឹងមកដល់នាពេលខាងមុខ។ នៅសល់ត្រឹមតែមួយខែទៀតប៉ុណ្ណោះ ពួកគេទាំងពីរនឹងរៀបការជាមួយគ្នា ប៉ុន្ដែជាអកុសល នាង D ត្រូវបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ។

លោក Dang និងគូដណ្ដឹង
លោក Dang និងគូដណ្ដឹង

ប្រភពបានបន្ដថា ដោយការចៃដន្យ លោក Dang ដែលកំពុងធ្វើការនៅប្រទេសជប៉ុន បានឃើញវីដេអូ Live នៅលើបណ្ដាញសង្គមហ្វេសប៊ុក អំពីគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសវៀតណាម និងថែមទាំងឃើញគ្រួសាររបស់នាង D កំពុងស្រែកយំទៀតផង។ ក្រោយមក ដើម្បីបញ្ជាក់ការពិត លោក Dang បានទូរស័ព្ទទៅខាងគ្រួសារនាង D ទើបដឹងថា នាង D បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បាត់ទៅហើយ។ លោក Dang បានទិញសំបុត្រយន្ដហោះធ្វើដំណើរទៅប្រទេសវៀតណាមវិញ ដើម្បីចូលរួមពិធីបុណ្យសពគូដណ្ដឹងរបស់លោកដែលប្រារព្ធធ្វើឡើងនៅយប់ថ្ងៃអាទិត្យទី២៥។

យ៉ាងណាក៏ដោយ នៅពេលដែលលោក Dang មកដល់ លោកបានធ្វើឲ្យពិធីបុណ្យសព ក្លាយទៅជាពិធីមង្គលការដ៏ក្រៀមក្រំមួយ ដោយទាញចិញ្ចៀនរៀបការមួយវង់ដាក់ចំពីមុខរូបថតគូដណ្ដឹង និងមួយវង់ទៀតបំពាក់ឲ្យខ្លួនឯង។ បន្ទាប់មក លោកបានច្រៀងបទចម្រៀងមួយបទចេញពីក្រអៅបេះដូង ដែលលោកបានត្រៀមសម្រាប់ថ្ងៃមង្គលការ ធ្វើឲ្យភ្ញៀវជុំវិញនោះស្ទើរតែទប់ទឹកភ្នែកមិនបាន៕ 

សូមទស្សនាវីដេអូខាងក្រោម៖

លោក Dang ក្នុងពិធីបុណ្យសព
លោក Dang ក្នុងពិធីបុណ្យសព
លោក Dang ក្នុងពិធីបុណ្យសព
លោក Dang ក្នុងពិធីបុណ្យសព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T