យ៉ូហ្គា មានប្រយោជន៍ច្រើនមែន សូម្បីរឿងអត់កូនក៏អាចជួយបានដែរ!

//s5.kh1.co/1e/1ec97fe00f1dccd017f3fd8dc176e1401aee0da3.jpg
នារី

 ២៨-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ហាត់ប្រាណ ជាវិធីសាស្ត្រធម្មជាតិ​ចម្បងជួយ​ឲ្យ​សុខភាព​ល្អ អាយុវែង ដោយវិធីហាត់​ប្រាណមាន​ច្រើន​បែបច្រើនយ៉ាង។ គ្នា​យើង​ច្បាស់​ជា​ធ្លាប់​ឮ​វិធីហាត់​ប្រាណមួយហៅថា យ៉ូហ្គា មិនខាន ប៉ុន្តែមាន​ប៉ុន្មាន​នាក់​ដឹង​ច្បាស់ពី​គុណ​សម្បត្តិ​ចម្បង​ពី​យ៉ូហ្គា? បើមិន​ទាន់​ដឹង​ “Hello គ្រូពេទ្យ” មួយនេះអាច​បញ្ជាក់​ឲ្យ​យើង​ដឹង​ច្បាស់​បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- អត្ថប្រយោជន៍ចំពោះរាងកាយ

យ៉ូហ្គា​មិន​ត្រឹម​តែ​ជា​ការ​ហាត់​ប្រាណ​ដើម្បី​ពង្រឹង​រាង​កាយប៉ុណ្ណោះ​ទេ ក៏​ជា​បច្ចេក​ទេស​មួយ ​សម្រាប់​កាត់​បន្ថយអា​ការៈ​ឈឺ​ចាប់​រ៉ាំរ៉ៃ​ដូច​ជា​ ជំងឺ​រលាក​សន្លាក់ ឈឺ​ឆ្អឹង​ខ្នង ឈឺ​ក្បាល និង​ជំងឺ​ត្បៀត​សរសៃ​ក​ដៃជាដើម។ លើស​ពី​នេះ​ យ៉ូហ្គា​ អាច​ជួយ​បន្ថយ​នូវ​សម្ពាធ​ឈាម​​ជួយ​ឲ្យយើង​​គេង​បាន​ស្រួល​ទៀត​ផង។ អត្ថប្រយោជន៍​ចំពោះ​រាង​កាយ​ផ្សេង​ទៀត​ យើង​អាច​ទទួល​បាន​ពី​ការ​ហាត់យ៉ូហ្គាមាន​ដូច​ជា៖
– បង្កើន​សមត្ថភាព​ចំពោះ​អត្តពលិក
– ធ្វើ​ឲ្យ​បេះ​ដូងមាន​សុខភាព​ល្អ ​របត់​ឈាម​រត់​កាន់​តែ​ប្រសើរ​ឡើង
– ធ្វើ​ឲ្យ​មាន​ភាព​រហ័ស​រហួន​ជាង​មុន
– បង្កើត​តុល្យភាព​ក្នុង​ការ​រំលាយ​អាហារ
– ជួយ​សម្រក​ទម្ងន់
– ជួយ​ការពារ​ពី​ការ​រង​របួស
– បង្កើន​ទំហំ​សាច់ដុំ
– ជួយ​ដល់​ចង្វាក់​ដង្ហើមកាន់​តែ​មាន​កម្លាំង​ជាង​មុន។

២- យ៉ូហ្គា​ជួយឲ្យ​​ឆាប់​មាន​កូន

​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​នេះ ​មានប្តី​ប្រពន្ធជា​ច្រើន ​បាន​ជ្រើសយក​ការ​ហាត់យ៉ូហ្គា ​ដើម្បីជួយ​ឲ្យ​ឆាប់​មាន​កូន ដោយ​ថែម​ទាំង​មានការ​កើន​ឡើង​យ៉ាង​គួរ​ឲ្យ​កត់​សម្គាល់ទៀត​ផង។ ​ពិត​ណាស់​ យ៉ូហ្គា ​អាច​ធ្វើ​ឲ្យ​រាង​កាយ និង​ស្មារតី មាន​ភាព​ធូរ​ស្រាល​ជាង​មុន ​ជួយ​កាត់​បន្ថយ​ស្ត្រេស និង​បង្កើន​ឱកាស​​មាន​កូនកាន់​តែ​ខ្ពស់។ មាន​ការ​សិក្សា​មួយ​ចំនួន​អះ​អាង​ថា យ៉ូហ្គា ​ពិត​ជា​អាច​ជួយ​ឲ្យ​ឆាប់​មាន​កូន​ ដោយ​សារ​អាច​ជួយ​កាត់​បន្ថយ​ភាព​ស្ត្រេស និង​អនុញ្ញាត​ឲ្យ​ស្រីៗ​មាន​ភាព​ធូរ​ស្រាល​ ​មាន​ថាម​ពល ​ជា​ហេតុ​ធ្វើ​ឲ្យ​មានឱកាស​ខ្ពស់​ដើម្បី​បង្ក​កំណើត។ ​ហាត់​យ៉ូហ្គា ក្រៅ​ពី​អាច​បន្ថយ​ភាព​តាន​តឹង​​បាន ក៏​ជួយ​ដល់​លំហូរ​ឈាម​ ហូរ​ទៅ​កាន់​សរីរាង្គ​បន្តពូជ មុខងារ​សរីរាង្គ ក៏​ដូច​ជា​ធ្វើ​ឲ្យ​មុខងារ​របស់​អ័រម៉ូន​ មាន​ភាព​ប្រសើរ​ជាង​មុន​ទៀត​ផង។

៣- បន្ធូរ​អាការៈ​ស្រវឹង

​បើ​​ចង់​បន្ថយ​ភាព​ស្រវឹង ក្រោយផឹក​ជាតិអាល់​កុល យើង​​គួរ​តែ​ហាត់យ៉ូហ្គានៅ​ពេល​ព្រឹក ​បន្ទាប់ពី​បាន​ផឹក​ស្រា​ច្រើន​នៅ​ពេល​យប់។ យ៉ូហ្គា ជា​វិធី​ដ៏​អស្ចារ្យ​មួយ​ ដើម្បី​បំបាត់​នូវ​សារ​ធាតុ​ពុល​ក្នុង​ប្រព័ន្ធ​សរីរាង្គ​ទាំង​អស់​ ​អាច​ជួយ​ដល់​ការ​រំលាយ​អាហារបាន។ ជំហរ​យ៉ូហ្គា ​មាន​ដូច​ជា Shoulder stand (ប្រើ​ស្មាទប់​លំនឹង លើកជើង​បញ្ឈរ​ទៅលើ) Plow (ប្រើស្មា​ទប់​លំនឹង បោះ​ជើងរំលង​មុខ) ឬ Fish (ក្បែរ និង​កែង​ដៃទប់​លំនឹង ពើងទ្រូងឲ្យខ្នង​ផុត​ពី​កម្រាល) អាច​មាន​សារៈប្រយោជន៍ដល់​ក្រពេញ​ទីរ៉ូអ៊ីត ​ជួយ​ឲ្យ​ការ​រំលាយ​អាហារ​​កាន់​តែ​ប្រសើរ​ជាង​មុន។ ដោយ​សារ​តែ​មាន​ការ​រំលាយ​អាហារ​លឿន​ជាង​មុន​ នេះ​ហើយ​​ជា​ហេតុ​បណ្តាល​ឲ្យ​មាន​អារម្មណ៍​ ​បាន​ស្វាង​ស្រា​លឿន​ជាង​មុន​ដូចគ្នា លើស​ពី​នេះ​ទៀត​ អាច​ជួយ​​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​បាន​លឿន និង​ធ្វើ​ឲ្យ​កើន​ឡើង​​លំហូរ​ឈាម​ក្នុង​ខ្លួន​នៅ​ពេលកំពុង​ហាត់​យ៉ូហ្គា ជាហេតុ​ពពួក​ខ្លាញ់​នៅ​ក្រោម​ស្បែក ​នឹង​រលាយ​បាត់​ក្នុង​ពេល​ឆាប់​ៗ។

៤- ជួយ​បំបាត់​អារម្មណ៍​​ឃ្លានខ្លាំង

យោង​តាម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យាល័យ​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ​ហាត់​យ៉ូហ្គា​ជា​ប្រចាំ​ ​មានទំនាក់​ទំនង​ទៅ​នឹង​ការ​ញ៉ាំ​អាហារ ជួយ​ឲ្យ​ចេះ​ជ្រើស​យក​អាហារសុខភាព​​ត្រឹម​ត្រូវ​។ វិធី​ជ្រើស​រើស​​ញ៉ាំ​ត្រឹម​ត្រូវ (Mindful eating) ​ជា​វិធី​កែ​ប្រែ​ចំណង់​​ញ៉ាំ​អាហារ​ ទាំង​លើ​ផ្នែក​រាង​កាយ និង​ផ្នែក​អារម្មណ៍​ ដោយ​ពេល​យើង​​កំពុង​ហាត់យ៉ូហ្គា អាច​ជួយ​​មិន​ឃ្លាន​អាហារ​ ជា​ហេតុ​ធ្វើ​ឲ្យ​យើង​បាន​​កាត់​បន្ថយ​បរិមាណ​អាហារ​បាន​ច្រើន។ ចំណុច​នេះ គឺ​​មាន​អត្ថប្រយោជន៍​ណាស់​ចំពោះគ្នា​យើង​លើស​ទម្ងន់ ឬ​គ្នា​យើង​​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ ​ហើយ​មាន​បំណង​ចង់​គ្រប់​គ្រង​ទម្ងន់ឲ្យ​បាន​ល្អ។ ​ហាត់​យ៉ូហ្គា ពិត​ជា​មាន​ប្រយោជន៍ច្រើនទាំង​ផ្លូវ​​កាយ និង​ផ្លូវ​ចិត្ត។ ទោះ​ជា​យ៉ាង​ណា មុន​ពេល​ហាត់​ ​ត្រូវ​ស្វែង​រក​ជំនួយ​ពី​គ្រូ​បង្វឹក​ផ្ទាល់​ ឬ​អ្នក​ជំនាញ​ ដើម្បី​ហាត់​ក្នុង​កម្រិតសក្តិ​សមចំពោះ​សុខភាព​យើង ព្រោះ​ថា​បើហាត់​លើស​កម្រិត អាច​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​មួយ​ចំនួន​បាន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុតសូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T