អាជ្ញាធរ ចាប់ផ្ដើមបន្ដការវាយកម្ទេចអគារកម្ពស់៦ជាន់ នៅខណ្ឌមានជ័យ ក្រោយត្រូវអគ្គិភ័យបំផ្លាញ

//s4.kh1.co/35/3533e9c4659a48acb3c64fa571cad82ee43a7699.jpg
សង្គម

 ២៦-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ អាជ្ញាធរ និងអ្នកជំនាញវិស្វករ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ បានបន្ដប្រតិបត្តិការវាយកម្ទេចអគារកម្ពស់៦ជាន់ ដែលសល់តែគ្រោងថ្ម ក្រោយពីត្រូវអគ្គិភ័យប្រហារយ៉ាងសន្ធោសន្ធៅ។ ប្រតិបត្តិការនេះ ដឹកនាំដោយទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ និងមានការចូលរួមពីមន្ដ្រីជំនាញជាច្រើនរូបទៀតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមជម្រាបថា អ្នកជំនាញវិស្វករដែលចុះសិក្សាលើករណីនេះ បានបង្ហើបប្រាប់ភា្នក់ងារ Fresh News ឲ្យដឹងបន្ថែមថា សម្រាប់ប្រតិបត្តិការវាយកម្ទេចអគារនេះ សមត្ថកិច្ចអាចនឹងប្រើប្រាស់ពេលប្រមាណ១ខែ ទើបហើយទាំងស្រុង ព្រោះអ្នកជំនាញទាមទារពេលវេលា ដើម្បីសិក្សាលម្អិតបន្ថែមទៀត អំពីស្ថានភាពស៊ីម៉ង់ដែលត្រូវភ្លើងឆេះ។

ជុំវិញហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យ ឆេះអគារសិប្បកម្មផលិតពូកកម្ពស់៦ជាន់មួយអគារ និង៤ជាន់មួយអគារ ជាមួយរោងសិប្បកម្មធំមួយ នៅចំណុចផ្លូវលេខ ៨បេតេ កែផ្លូវ៣បេតេ ក្រុងទី៤ ភូមិចំរើនផល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សមត្ថកិច្ចបានប្រើប្រាស់ពេលជាង១៦ម៉ោង ដើម្បីបាញ់ទឹកពន្លត់ ពោលកើតហេតុចាប់ពីម៉ោង០១៖២០នាទី ថ្ងៃទី២៣ រហូតដល់ម៉ោង៥ព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។

របាយការណ៍លម្អិតរបស់សមត្ថកិច្ច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា សម្រាប់ហេតុការណ៍គ្រោះអគ្គិភ័យ ដែលមិនធ្លាប់មាននៅក្នុងរាជធានីភ្នំពេញនេះ បណ្ដាលឲ្យអគារសិប្បកម្ម និងសម្ភារ ឧបករណ៍ផលិតពូកជាច្រើនគ្រឿង ត្រូវបានខូចខាតទាំងស្រុង សរុបទឹកប្រាក់ ចំនួន៣,៣៥០,០០០ដុល្លារអាមេរិក។

ដោយឡែក សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ចំនួន៤៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២៦១ឡាន ស្មើនឹងទឹក១,៤៧៦ម៉ែត្រគូប។ សមត្ថកិច្ចបានអះអាងទៀតថា ករណីអគ្គីភ័យនេះ បណ្តាលមកពីឆ្លងចរន្តអគ្គីសនី មិនមានការឆេះរាលដាលដល់ផ្ទះរបស់អ្នកជិតខាង និងមិនមានអ្នកណាម្នាក់រងរបួស ឬបាត់បង់អាយុជីវិតឡើយ។

ប៉ុន្តែចំពោះផ្លូវមួយចំនួន ដែលត្រូវឆ្លងកាត់មកកន្លែងកើតហេតុ រួមទាំងផ្ទះរបស់ប្រជាពលរដ្ឋ ស្ថិតនៅជាប់នឹងបរិវេណនៃកន្លែងកើតហេតុ ត្រូវបានក្រុមការងារមិនអនុញ្ញាតឲ្យមានការឆ្លងកាត់ និងស្នាក់នៅតាមផ្ទះឡើយ ដើម្បីបង្ការករណីគ្រោះថ្នាក់កើតឡើង ពីការបាក់រលំអគារដែលអគ្គីភ័យឆាបឆេះខាងលើនេះ៕

https://s4.kh1.co/__image/w=650,h=488,q=100/35/3533e9c4659a48acb3c64fa571cad82ee43a7699.jpg
https://s5.kh1.co/__image/w=650,h=366,q=100/15/15fbec4db6b636c0d91958408891005aab7e9e50.jpg
https://s5.kh1.co/__image/w=650,h=366,q=100/45/45191a2a5dcda824f4d631670d45f5489ad06113.jpg

ប្រភពfreshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T