អាហារសម្រាប់កូនយើង មានទំនាក់ទំនងសំខាន់ណាស់ទៅលើការអភិវឌ្ឍន៍ទាំងរាងកាយ និងខួរក្បាល។ ប៉ុន្តែទោះស្រលាញ់កូនប៉ុនណាក៏ដោយត្រូវចេះថ្លឹងថ្លែង ប្រភេទអាហារណាគួរឲ្យអូនតូចញ៉ាំ អាហារណាមិនគួរឲ្យញ៉ាំ បើចៀសមិនផុតធ្វើខ្លួនឯងឲ្យកូនញ៉ាំ ប្រសើរជាងទិញរបស់ស្រាប់ៗ។ អត្ថបទនេះ “Hello គ្រូពេទ្យ” នឹងប្រាប់ពីអាហារ ៣ ប្រភេទមិនគួរឲ្យក្មេងតូចញ៉ាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១- ទឹកក្រូចកំប៉ុង និងភេសជ្ជៈប៉ូវកម្លាំង
ផ្អែកតាមការណែនាំ ពីក្រុមវេជ្ជបណ្ឌិតជំនាញផ្នែកកុមារនៅសហរដ្ឋអាមេរិក អូនតូចអាយុក្រោម ១ឆ្នាំមិនគួរឲ្យញ៉ាំពពួកភេសជ្ជៈទាំងនេះទេ។ បើអាយុលើសពី១ឆ្នាំ អាចញ៉ាំបានពិតមែនតែត្រូវស្ថិតក្នុងកម្រិតតិចតួចប៉ុណ្ណោះ។ ការណែនាំនេះដោយសារអ្នកជំនាញរកឃើញថា ភេសជ្ជៈប៉ូវកម្លាំង អាចប៉ះពាល់ទៅលើប្រព័ន្ធប្រសាទក្មេង ស្បែក និងការចងចាំ។ យ៉ាងណាមិញម៉ាក់ប៉ាអាចឲ្យកូនជំនួសវិញនូវភេសជ្ជៈដូចជា ទឹកផ្លែឈើស្រស់ ឬក្រឡុកជាមួយទឹកដោះគោ ឬទឹកដោះគោជូរជាដើម។
២- ពោតលីង (Popcorn)
ពោតលីងចំណីញ៉ាំកំដរអារម្មណ៍ពេញនិយមបំផុតនាពេលបច្ចុប្បន្ន ដោយប៉ាម៉ាក់ជាច្រើនតែងឲ្យកូនតូចញ៉ាំអាហារប្រភេទនេះ ព្រោះចម្អិនលឿន ងាយរកទិញ និងរសជាតិផ្អែមឆ្ងាញ់។ ប៉ុន្តែត្រូវដឹងថា សារជាតិនៅក្នុងពោតលីងវេចខ្ចប់ស្រេចសម្រាប់ចម្អិនក្នុងមីក្រូវ៉េវ (Microwave) សម្បូរទៅដោយសមាសធាតុគីមីផ្សេងៗ នៅពេលត្រូវកម្តៅវានឹងបំបែកធាតុទាំងនោះចេញមកបង្កឲ្យអូនតូចឈឺបានក៏ជាមូលហេតុអាចវិវត្តទៅជាកើតមហារីកនៅថ្ងៃមុខទៀតផង។ បើមិនអាចចៀសបាន ពោតលីងញ៉ាំទៅមានសុវត្ថិភាពចំពោះកូនយើង គួរចម្អិនដោយខ្លួនឯងដោយប្រើខ្ទះដាក់ចម្អិន។
៣- ទឹកឃ្មុំ
អាចជាការភ្ញាក់ផ្អើលសម្រាប់ម៉ាក់ប៉ាមួយចំនួន ព្រោះទឹកឃ្មុំសម្បូរសារធាតុចិញ្ចឹម ប៉ុន្តែក៏មានគ្រោះថា្នក់សម្រាប់កូនតូចៗដូចគ្នា។ ទោះបីជាទឹកឃ្មុំធម្មជាតិសុទ្ធយ៉ាងណាក៏ដោយនៅតែបង្កគ្រោះថ្នាក់ដល់ក្មេងតូចៗ ព្រោះថាពពួកបាក់តេរីមាននៅក្នុងទឹកឃ្មុំអាចបង្កជំងឺផ្សេងៗ ដល់ក្មេងឲ្យឈឺបាន ពិសេសលើផ្លូវដង្ហើម និងចុះខ្សោយសាច់ដុំ។ បើតាមគ្រូពេទ្យជំនាញនៅសហរដ្ឋអាមេរិក ម៉ាក់ប៉ា អាចឲ្យជាផ្លែឈើធម្មជាតិកិនស្រស់ៗអាចធ្វើបាននៅផ្ទះ ឲ្យកូនៗញ៉ាំបានជំនួសវិញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet