រាជធានីភ្នំពេញ ៖ យុវជនជាសន្តិសុខយាមម៉ូតូម្នាក់ត្រូវបានប្រទះឃើញចងកសម្លាប់ខ្លួននៅលើដំបូលផ្ទះលក់ពងមាន់អាំងមួយកន្លែងនៅម្តុំផ្សារដើមអំពិល បណ្តាលអោយស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម ខណៈបន្ទាប់ពីចប់ការងារនៅពេលយប់ ជនរងគ្រោះបានឡើងទៅអង្គុយនិយាយទូរស័ព្ទជាមួយនឹងនារីម្នាក់ជាសង្សារនៅលើដំបូលផ្ទះ ទំនងជាមានការឈ្លោះប្រកែកគ្នា លុះព្រឹកឡើងស្រាប់តែប្រទះឃើញជនរងគ្រោះចងកស្លាប់បែបនេះតែម្តង ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សករណីខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចជាន់ទី៣ ផ្ទះលក់ពងមាន់អាំងលេខ៣៧Eo ផ្លូវលេខ៣១០ កែងផ្លូវ១៦៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។
តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ឌូ សុខឃីម ភេទប្រុស អាយុ១៧ឆ្នាំ ជាអ្នករៀបចំ និងយាមម៉ូតូរបស់ភ្ញៀវនៅផ្ទះលក់ពងមានអាំងមួយកន្លែងខាងលើ និងមានស្រុកកំណើតនៅភូមិ ថ្មសំនៀង ឃុំក្រយ៉ា ស្រុកសន្ទុក ខេត្តកំពង់ធំ។
តាមប្រភពដដែលបានបន្តថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១០យប់ថ្ងៃទី២២ សីហា ក្រោយចប់ពីការងារយាមម៉ូតូរបស់ភ្ញៀវ ហើយហាងត្រូវបិទនោះ យុវជនរងគ្រោះបានឡើងទៅដំបូលផ្ទះ រួចអង្គុយ និយាយទូរស័ព្ទជាមួយនឹងនារីម្នាក់ជាសង្សាររបស់គេ ។ លុះមួយសន្ទុះក្រោយមក បងប្រុសបង្កើតរបស់ជនរងគ្រោះដែលធ្វើការជាមួយគ្នាក៏បានឡើងទៅអង្គុយលើប៉ៅអុី និងនិយាយទូរស័ព្ទនៅក្បែរគ្នាបានតែបន្តិច ស្រាប់តែយុវជនរងគ្រោះក៏បានដេញបងប្រុសអោយចុះទៅនិយាយនៅផ្ទះជាន់ខាងក្រោមវិញ និង ឱ្យបងប្រុសទៅសំរាកមុន។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា រហូតដល់វេលាម៉ោង៧និង២០នាទីព្រឹកថ្ងៃទី២៣ សីហានេះ យុវជនជាបងប្រុសភ្ញាក់ឡើងមិនឃើញប្អូនប្រុសមកដេកជាមួយដូចសព្វមួយដងនោះក៏ឡើងទៅរកមើលស្រាប់តែឃើញប្អូនប្រុសចងកស្លាប់បាត់ទៅហើយ ទើបបង្កការភ្ញាក់ផ្អើលកើតឡើងតែម្តង ។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពាក់ព័ន្ធនឹងករណីយុវជនម្នាក់ខាងលើចង.កសម្លាប់ខ្លួននេះដែរ ទំនងជាកើតឡើងដោយសារតែយុវជនរងគ្រោះមានការឈ្លោះប្រកែកគ្នាជាមួយនឹងនារីជាសង្សារ និងមានវិបត្តិស្នេហាធ្ងន់ធ្ងរ ទើបយុវជនរងគ្រោះសម្រេចចិត្តបញ្ចប់ជីវិតបែបនេះ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌបឹងកេងកង និងកម្លាំងជំនាញនគរបាលបច្ចេកទេសវេជ្ជសាស្ត្ររាជធានីភ្នំពេញ ក៏បានចុះមកដល់ផ្ទះកើតហេតុដើម្បីធ្វើការត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យសពជនរងគ្រោះ ហើយបានបញ្ជាក់ប្រាប់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារចង.កធ្វើអត្តឃាតប្រាកដមែន បន្ទាប់មកសមត្ថកិច្ចក៏បានប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕
ប្រភព៖ កោះសន្តិភាព