គ្រុនពោះវៀន គ្មាននរណាម្នាក់ដែលថាមិនធ្លាប់កើតនោះទេ មិនថាក្មេង មិនថាចាស់ សុទ្ធតែធ្លាប់កើតជំងឺនេះ ប៉ុន្តែមានគ្នាយើងភាគតិចណាស់ ស្គាល់ពីជំងឺនេះ ឬសម្គាល់ដឹងថាខ្លួនឯង ឬកូនគ្រុនពោះវៀនណាស់ ទាល់តែពេទ្យប្រាប់ ទើបដឹង។ ម៉េចបានគ្រុនពោះវៀន? មានរោគសញ្ញាម៉េចខ្លះ? គួរព្យាបាលបែបណា? សំណួរទាំងនេះ នឹងបកស្រាយក្នុងអត្ថបទ “Hello គ្រូពេទ្យ” ខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនិយមន័យ
១- អ្វីទៅជាជំងឺគ្រុនពោះវៀន?
ជំងឺគ្រុនពោះវៀន ជាភាសាបច្ចេកទេសហៅថា Typhoid Fever ជាប្រភេទជំងឺ បង្កដោយបាក់តេរី មានឈ្មោះថា សាលម៉ុនណែឡា ទីហ្វី (Salmonella Typhi) ឆ្លងតាមការញ៉ាំអាហារ ឬផឹកទឹក ដែលមានប្រឡាក់ លាមក ឬទឹកនោមគ្នាយើងមានកើតជំងឺនេះ ឬប៉ះពាល់ជាមួយមេរោគគ្រុនពោះវៀន ដែលមាននៅកន្លែងស្អាត និងក្នុងបរិយាកាសជុំវិញខ្លួនយើង។
២- ជំងឺគ្រុនពោះវៀនមានរោគសញ្ញាអ្វីខ្លះ?
ជំងឺគ្រុនពោះវៀន មានរោគសញ្ញាច្រើន នឹងវិវត្តម្ដងបន្តិចៗពី ១-៣ សប្ដាហ៍បន្ទាប់ពីឆ្លងមេរោគ។ ហើយដំណាក់កាលវិវត្តជាជំងឺគ្រុនពោះវៀនមានដូចជា៖
– ដំណាក់កាលដំបូង៖ ក្នុងដំណាក់កាលនេះ គ្នាយើង ឬក្មេងៗមានជំងឺ អាចលេចចេញរោគសញ្ញាគ្រុនក្ដៅ ចាប់ផ្ដើមពីតិចៗ និងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយអាចកើនកំដៅរហូតដល់ ៤០,៥ អង្សារសេ គួរផ្សំជាមួយអាការៈដូចជា៖ ឈឺក្បាល ខ្សោយកម្លាំង ឈឺសាច់ដុំ បែកញើស ក្អកស្ងួត មិនឃ្លានអាហារ និងស្រកទម្ងន់ ឈឺពោះ រាក ឬទល់លាមក ឡើងរមាស់ ហើមពោះខ្លាំង។
– ដំណាក់កាលបន្ទាប់៖ នៅពេលយើង ឬក្មេងកើតមានជំងឺគ្រុនពោះវៀន បើមិនបានព្យាបាលទេ អាចនឹងវិវត្តទៅជាធ្ងន់ធ្ងរ ដោយបន្ថែមរោគសញ្ញាដូចជា៖ រវើរវាយ ដេកមួយកន្លែង មិនអាចក្រោកបាន និងអស់កម្លាំងខ្លាំង ហើយភ្នែកបិទបានតែពាក់កណ្ដាល ដែលរោគសញ្ញានេះ ចហៅថាជាដំណាក់កាលគ្រុនពោះវៀនធ្ងន់ធ្ងរ (Typhoid State)។
លើសពីនេះ អាចមានផលវិបាកផ្សេងៗជាញឹកញាប់ នឹងកើតឡើងក្នុងដំណាក់កាលនេះ។ ចំពោះគ្នាយើងខ្លះមានជំងឺនេះ រោគសញ្ញាអាចនឹងកើតឡើងវិញនៅ ២សប្តាហ៍ បន្ទាប់ពីអាការៈជំងឺបានធូរស្រាល។
ចំណាត់ការ
៣- ត្រូវធ្វើដូចម្ដេចពេលកើតជំងឺគ្រុនពោះវៀន?
បើយើង ឬកូនយើងមានគ្រុនក្ដៅខ្លាំង ហើយមានអារម្មណ៍ថាឈឺខ្លាំង សូមទៅជួបគ្រូពេទ្យជាបន្ទាន់។ ការព្យាបាលដោយថ្នាំផ្សះ ជាវិធីមានប្រសិទ្ធិភាពបំផុតចំពោះជំងឺនេះ ហើយថ្នាំផ្សះ ពេទ្យឲ្យប្រើជាញឹកញាប់រួមមាន៖
– ថ្នាំ Ciprofloxacin (Cipro)៖ នៅសហរដ្ឋអាមេរិក គ្រូពេទ្យច្រើនតែចេញវេជ្ជបញ្ជាឲ្យប្រើថ្នាំនេះ ចំពោះគ្នាយើងពេញវ័យមានជំងឺគ្រុនឈាម និងស្រីៗមិនមានផ្ទៃពោះ។
– ថ្នាំ Ceftriaxone (Rocephin)៖ ជាថ្នាំផ្សះប្រភេទចាក់នេះ ប្រើជំនួសឲ្យថ្នាំ Ciprofloxacin (Cipro) ក្នុងករណីគ្នាយើងមានជំងឺ មិនអាចប្រើថ្នាំខាងលើបាន ពិសេសក្មេងៗជាដើម។
ថ្នាំទាំងនេះ អាចបង្កជាផលរំខានខ្លះ ហើយការប្រើរយៈពេលយូរ អាចនាំឲ្យមេរោគស៊ាំជាមួយថ្នាំទៀតផង។
៤- ពេលណាត្រូវទៅជួបពេទ្យ?
បើគ្រុនក្ដៅខ្លាំង ហើយមានអារម្មណ៍ថា ឈឺចាប់ខ្លាំង សូមទៅជួបពេទ្យជាបន្ទាន់។
វិធីការពារ
៥- ត្រូវបង្ការជំងឺគ្រុនពោះវៀនដោយវិធីណា?
ដើម្បីការពារជំងឺគ្រុនពោះវៀន ត្រូវអនុវត្តតាមវិធីសាស្ត្រមួយចំនួនដូចខាងក្រោយ៖
– ចាក់វ៉ាក់សាំង៖ មានវ៉ាក់សាំងពីរប្រភេទ អាចប្រើបាន ដោយមួយប្រភេទ សម្រាប់ចាក់ក្នុងកម្រិតតែមួយដងគត់ យ៉ាងហោចណាស់ មួយអាទិត្យមុនពេលធ្វើដំណើរទៅកាន់តំបន់ងាយកើតជំងឺគ្រុនពោះវៀន ហើយវ៉ាក់សាំងមួយទៀត ត្រូវលេបថ្នាំតាមមាត់ចំនួន ៤គ្រាប់ (ខេបស៊ុល) ដោយលេប ២ ថ្ងៃមួយគ្រាប់ ។ មិនមានវ៉ាក់សាំងណា មានប្រសិទ្ធិភាព១០០% នោះទេ ហើយវ៉ាក់សាំងទាំងពីរនេះ ត្រូវការប្រើជាថ្មី ព្រោះប្រសិទ្ធិភាព នឹងសាបទៅវិញតាមពេលវេលា។
– លាងសម្អាតដៃ៖ ត្រូវលាងសម្អាតដៃនឹងទឹក មុនញ៉ាំអាហារ ឬចម្អិនអាហារ ពិសេសបន្ទាប់ពីចេញពីបន្ទប់ទឹក។ គួរតែយកទឹកសម្អាតដៃមានជាតិអាល់កុលតាមខ្លួន ក្នុងករណីគ្មានទឹកស្អាតប្រើប្រាស់។
– ចៀសវាងផឹកទឹកមិនស្អាត៖ ទឹកមិនស្អាត ជាបញ្ហាធំបំផុតនៅដំបន់ងាយចម្លងជំងឺនេះ។ ដូចនេះ បើត្រូវទៅតំបន់ទាំងនោះ យើងត្រូវតែផឹកទឹកស្អាត ដូចជាទឹកសុទ្ធ ទឹកក្រូចកំប៉ុង។ ហើយដើម្បីសុវត្ថិភាព គួរតែប្រើទឹកសុទ្ធដើម្បីដុះធ្មេញ និងមិនត្រូវលេបទឹកនៅពេលងូតឡើយ។
– ចៀសញ៉ាំបន្លែឆៅ ឬផ្លែឈើ៖ ព្រោះអាចលាងសម្អាតដោយទឹកមានបាក់តេរីទាំងនោះ។
– គួរញ៉ាំអាហារក្ដៅ៖ គួរតែញ៉ាំអាហារចម្អិតក្ដៅៗ ចៀសវាងអាហារគ្រប់ទុកយូរ នៅក្នុងសីតុណ្ហភាពធម្មតា។ គួរចៀសវាងអាហារលក់តាមចិញ្ចើមផ្លូវ ដែលយើងមើលទៅមិនមានអនាម័យ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet