រាជធានីភ្នំពេញ ៖ បុរសជាសន្តិសុខនៅភោជនីយដ្ឋានសាច់អាំងជប៉ុនម្នាក់ មិនទាន់ចេះបើករថយន្តស្ទាត់ផង បានឡើងបើករថយន្តស៊េរីទំនើបរបស់ភ្ញៀវមួយគ្រឿងដែលចូលមកញុំាអាហារនៅភោជនីយដ្ឋានដែលគាត់យាមនោះ ហើយឡើងបើករថយន្តនោះយកមកចតនៅចំណតហាង ស្រាប់តែគាត់ច្រឡំជាន់ហ្គែររថយន្ដស្មានតែជាហ្វ្រាំង ក៏ជ្រុលទៅបុករះរថយន្ដចំនួន៣គ្រឿងទៀត បណ្ដាលឲ្យរថយន្តចំនួន៣គ្រឿងរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កក៏រងការខូចខាតផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហេតុការណ៍ខាងលើនេះបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី២០ខែសីហា ឆ្នាំ២០១៩ នៅចំណុចមុខភោជនីយដ្ឋានសាច់អាំងជប៉ុន យីហោ «យូបតី» មានទីតាំងនៅតាមបណ្តោយផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។
បុរសជាសន្តិសុខម្នាក់ដែលបម្រើការងារក្នុងភោជនីយដ្ឋានសាច់អាំងជប៉ុនខាងលើនោះ មិនស្គាល់អត្តសញ្ញាណនោះទេ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាកឡង់គ្រីស្ស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AU-២២៦៨ ដែលជារថយន្តរបស់ភ្ញៀវជិះជាលក្ខណៈគ្រួសារ មកឈប់នៅចំហៀងផ្លូវម្ខាងទៀតមុខហាងកើតហេតុខាងលើ ហើយភ្ញៀវក៏បាននាំគ្នាដើរចូលទៅក្នុងហាង និងអោយសន្តិសុខដែលយាមនៅហាងនោះឡើងបើករថយន្តរបស់ខ្លួនចូលចំណត ។
តាមប្រភពដដែលបានបន្តថា ពេលនោះគេមិនដឹងថាបុរសជាសន្តិសុខនោះបើករថយន្តយ៉ាងម៉េចទេ ស្រាប់តែរថយន្តម៉ាកឡង់គ្រីស្ស័រនោះស្ទុះទៅមុខយ៉ាងលឿនជ្រុលទៅបុកផ្ទប់រថយន្តមួយគ្រឿងម៉ាកកាមរីហាយប្រ៊ីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២A-៨៩៩៧ ដែលធ្វើដំណើរតាមបណ្តោយផ្លូវ៣៦០ក្នុងទិសដៅពីកើតទៅលិចបញ្ច្រាសទិសគ្នា បណ្តាលអោយរងការខូចខាតមួយកំណាត់មុខ ។
តាមប្រភពដដែលបានបន្តថា ភ្លាមនោះរថយន្តបង្កនៅមិនទាន់អស់ល្បឿននៅឡើយទេក៏បន្តទៅបុករបងថ្មហាងដួលបាក់បែករងការខូចខាត និងបន្តទៅបុករថយន្តម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ ២AU-៨០០៥ ដែលចតនៅក្នុងចំណតមុខហាង រួចរុញទៅបុករថយន្តម៉ាកឡិចស៊ីស ពណ៌ស ខ្ទាតទៅផ្ទប់នឹងជញ្ជាំងហាង បណ្តាលអោយជញ្ជាំងហាងរងការខូចខាតបាក់បែក និងបណ្ដាលអោយរថយន្តម៉ាកកាមរីបាឡែន និងរថយន្តម៉ាកឡិចស៊ីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AW-៥៣១៨ រងការខូចខាតទាំងផ្នែកខាងមុខ នឹងផ្នែកខាងក្រោយនៃរថយន្តទាំង២គ្រឿងយ៉ាងធ្ងន់ធ្ងរ ចំណែករថយន្តបង្កម៉ាកឡង់គ្រីស្ស័រ រងការខូចខាតមួយកំណាត់ តែសំណាងល្អក្នុងហេតុការណ៍នេះដែរមិនបង្កអោយនរណាម្នាក់រងរបួសឡើយ គឺខូចខាតតែរថយន្តចំនួន៤គ្រឿងប៉ុណ្ណោះ ។
តាមប្រភពព័ត៌មានពីបុរសជាសន្តិសុខដែលបង្កគ្រោះថ្នាក់នោះបាននិយាយថា គាត់មិនសូវចេះបើករថយន្តស៊េរីទំនើបនោះទេ ស្រាប់តែភ្ញៀវអោយឡើងបើករថយន្តម្តងក៏ច្រឡំជាន់ហ្គែរថាជាហ្វ្រាំង ទើបបង្កគ្រោះថ្នាក់បែបនេះកើតឡើងតែម្តង ។
ក្រោយពេលកើតហេតុ ភាគីរថយន្តរងគ្រោះទាំង៤គ្រឿងខាងលើត្រូវបានថៅកែហាងជាជនជាតិជប៉ុនព្រមទទួលខុសត្រូវចំពោះកំហុសឆ្គងរបស់បុគ្គលិកខ្លួន និងបានធ្វើកិច្ចសន្យា ហើយយករថយន្តទាំង៤គ្រឿងនោះទៅជួសជុលសងម្ចាស់គេវិញ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
ប្រភព៖ កោះសន្តិភាព