សូមអោយទារកនេះមានសុខភាពល្អ

ខេត្ត​ព្រះសីហនុ​ ៖ នៅ​លើ​រថយន្ត​ក្រុង​វេលា​ម៉ោង​ប្រមាណ​១២ និង​៣០​នាទី​រសៀលថ្ងៃ​ទី​២៨ ធ្នូ ឆ្នាំ​២០១១ កន្លង​មក​ មានហេតុ​ការណ៍​នឹកស្មាន​មិ​ន​ដល់​មួយ​បាន​កើត​ឡើង​ ដោយ​មាន​ទារក​ម្នាក់​បាន​ប្រសូតដោយ​សុ​វត្ថិ​ភាព​​នៅ​លើ​រថ​យន្ត​ ខណៈ​ពេល​ធ្វើ​ដំណើរ​ពី​ភ្នំ​ពេញ​ឆ្ពោះ​ទៅ​ខេត្ត​ព្រះ​សីហ​នុ នៅ​ពេល​មក​ដល់​ចំណុច​មុខ​មណ្ឌល​សុខ​ភាព​រាម​ដែល​ស្ថិត​ក្នុង​ភូមិ​ថ្មធំ​ ឃុំ​រាម ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះសី​ហនុ ។

តាម​ការ​ឱ្យ​ដឹង​ពី​ស្ត្រី​ជា​ម្តាយ​ទារក​ឈ្មោះ​យិន​ សាមុំ អាយុ៣៥ឆ្នាំ ដែល​ជាកម្ម​ករ​សំណង់​បាន​រៀប​រាប់ថា ដោយ​សារ​ជីវភាព​ក្រីក្រ​លំបាក​រូប​គាត់​បាន​សម្រេច​ចិត្ត​ឈប់​រៀន​មក​ជួយ​ធ្វើ​ការ​ឪពុក​ម្តាយ​រហូត​មក​ដល់​ឆ្នាំ​១៩៩៨ ក៏​បាន​រៀប​ការ​ បាន​កូន​២នាក់ តែ​ក៏​បាន​ចែក​ផ្លូវ​គ្នា​ ។ ក្រោយ​​​​មក​ក៏​បាន​យក​ប្តី​ទៀត​ឈ្មោះ​ឃុន សំអឿន អាយុ​៤៥ឆ្នាំ មាន​ទី​លំនៅ​ជា​មួយ​គ្នាជា​កម្មករ​សំណង់​បាន​កូន​២​នាក់​ទៀត​ ទាំង​ទារក​ទើប​នឹង​ប្រសូត​នេះ ។ បន្ទាប់​ពី​បាន​គ្នា​ជាប្តី​ប្រពន្ធ​មក ​ពួក​គាត់​ទាំង​ពីរ​បាន​ចាប់​​ដៃ​គ្នា​​ធ្វើ​ការ​ជាកម្ម​ករ​​សំណង់​នៅ​ក្រុង​ព្រះ​សី​ហនុ ។ លុះ​មក​ដល់​ឆ្នាំ​២០១០ ពួ​ក​គាត់​ក៏​បានទៅ​រក​ការ​ងារ​ធ្វើ​នៅ​ភ្នំ​ពេញ​វិញ ។

ស្ត្រី​រូប​នេះ​បាន​រៀប​រាប់ថា តាម​ពិត​ការ​ប្រសូត​កូន​លើរថយន្ត​ក្រុង​នេះ​ គឺគាត់​នឹក​ស្មាន​មិន​ដល់​នោះ​ទេ ព្រោះ​មុន​១​ថ្ងៃ​គឺ​នៅ​វេលា​ម៉ោង​៣​ល្ងាច​ថ្ងៃ​ទី​២៧ ធ្នូ រូប​គាត់​បាន​ទៅ​ពិនិត្យ​ផ្ទៃ​ពោះ​​នៅ​មណ្ឌល​សុខ​ភាព​​ដូន​ពេញ​ គ្រូ​ពេទ្យ​បានប្រាប់​ថា ​ទារក​មានស្ថានភាព​បញ្ច្រាស់​ ហើយ​​ត្រូវ​​ប្រសូត​ក្នុង​រយៈ​ពេល​៣ទៅ​៤​ថ្ងៃ​ទៀត​ ។ ដូច​នេះ​ទើប​គាត់​រូត​រះ​​មក​ផ្ទះ​ម្តាយ​ដែលជា​ផ្ទះ​ជួល​គេ​នៅក្រុម​ទី​២៧​ ភូមិ​៤ សង្កាត់​៤ ក្រុង​ព្រះ​សីហនុ​ ដើម្បី​​សម្រាល​កូន​​ ដោយ​ជិះ​រថ​យន្ត​​របស់​ក្រុម​ហ៊ុន​ភ្នំ​ពេញ​​សូរី​យា​ដឹក​អ្នក​ដំណើរ​ ដោយ​អង្គុយ​នៅ​កៅ​អី​លេខ​១ ជួរ​មុខ​ទន្ទឹម​​អ្នក​បើក​បរ​រថយន្ត​ ។​នៅ​​ពេល​មក​ដល​់​ពេជ្រ​និល​រូប​គាត់​បាន​ឈឺ​ពោះ​​អួលៗ​ តែមិន​ជាខ្លាំង​នោះទេ ​ទើប​ទ្រាំ​ ទំ​រាំ​មក​ដល់​​ផ្ទះ​ម្តាយ​ ។ រហូត​មក​ដល់​មុខ​មណ្ឌល​សុខ​ភាព​រាម ​គាត់ក៏​​បានប្រ​សូត​កូន​តែ​ម្តង​នៅ​លើ​រថ​យន្ត ។ ខណៈ​ពេល​នោះ​ក៏​មានការជួយ​ជ្រោម​ជ្រែង​​ពី​អ្នក​រួម​ដំ​ណើរ​ស្រី​មា្នក់​ និង​អ្ន​ក​បើក​បរ​រថ​យន្ត​របស់​ក្រុម​ហ៊ុន​ ដោយ​អ្នក​បើក​បរ​រថយន្ត​បាន​ចុះរត់​​ទៅ​ហៅ​ឆ្មប​នៅ​មណ្ឌល​សុខ​ភាព​រាម​ មក​ជួយ​សម្រួល​​​​តាម​​ជំ​នាញ​ពេទ្យ​ឆ្មប ។ ​ពេល​ប្រ​​សូត​រួច​ ពេទ្យ​ឆ្មប​ក៏​ជួយ​លើក​ទាំង​ទារក​និង​ម្តាយ​នាំ​​ចុះ​ទៅសម្រាកនៅ​​មណ្ឌល​សុខ​ភាព​អស់​ចំនួន​៣​ថ្ងៃ​ទើប​មក​សម្រាក​នៅ​ផ្ទះ​ម្តាយ​ ដែល​សំ​ណាង​ល្អ​ណាស់​កើត​កូន​ប្រុស​​ចំ​ពេល​មក​ដល់​មុខ​មណ្ឌល​សុខ​ភាពឱ្យ​ជួយ​បន្ត​ ។

យោង​តាម​ប្រ​ភព​​លោក ឆឹម ចំណាន​ តំ​ណាង​​ក្រុម​ហ៊ុន​​​បាន​បង្ហាញ​ថា ​​លោក​មាន​សេច​ក្តី​រី​ក​រាយ​ណាស់​​ ព្រោះ​នេះ​​ជាលើ​ក​ទី​១​ហើយ​ក្នុង​ជី​វិត​លោក​ ក៏​ដូច​ក្រុម​ហ៊ុន​របស់លោក​​ដែល​មាន​អ្នក​ដំណើរ​ឆ្លង​ទន្លេ​លើ​រថ​យន្ត​ ។ លោក​គិត​ថា នេះ​ជា​លាភ​សំ​ណាង​របស់​ក្រុម​ហ៊ុន​។​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​លាភ​សំ​ណាង​នេះ​ ក្រុម​ហ៊ុន​របស់​លោក​​ក៏​បា​ន​ផ្តល់​​អំ​ណោយ​ជា​ទឹក​ប្រាក់​ចំ​នួន​១.៦៨០.០០០រៀល​​ ដែល​ជា​លេខ​ហុង​ស៊ុយ​របស់​ក្រុម​ហ៊ុន​លោក​ប្រគល់​ដល់​ម្តាយ​ទារក​នេះ​ ហើយ​ក្រុមហ៊ុនរបស់លោក​នឹង​បន្ត​ផ្តល់​អំណោយ​​ជា​បន្ត​បន្ទាប់​ទៀត​ដល់​ទារក​នេះ​ ។ លោក​និយាយ​ថា ​ទៅ​ថ្ងៃ​​អនាគត​នៅពេល​កុមារ​នេះ​ធំដឹងក្តី​ គឺ​ក្រុម​ហ៊ុន​របស់​លោក​នឹង​បញ្ចូល​ទារក​នេះ​ជា​បុគ្គលិក​របស់ក្រុ​ម​ហ៊ុន​​លោក​ដោយ​ស្វ័យ​ប្រ​វត្តិ​ ប្រ​សិន​បើ​គេ​មាន​បំណង​​នឹង​ធ្វើការ​ក្នុង​ក្រុម​ហ៊ុន​លោក ។

ឆ្លើយ​តប​ទៅ​នឹង​ចិត្ត​មេត្តា​ធម៌​របស់​ក្រុមហ៊ុន​ ភ្នំ​ពេញ​សូរិ​យា​ដឹក​អ្នក​ដំណើរ​ ស្រី្ត​ជា​ម្តាយ​ទារក​ ឈ្មោះ​យិន សាមុំ​ បាន​ដាក់ឈ្មោះ​ទារក​នោះ​ថា ឃុន​ សំណាង​សូរិយា​ ហើយ​ក៏​បាន​លើក​ម្រាម​ដៃ​ដប់​ បួង​សួង​ដល់​វត្ថុ​ស័កិ្ត​សិទ្ធិ​ក្នុងលោក​ សូម​ឱ្យ​​តំណាង​ក្រុមហ៊ុន​ ភ្នំពេញ​សូរិយា​ដឹក​អ្នក​ដំណើរ​ប្រកប​រប​រ​អា​ជី​វកម្ម​ទទួល​បា​ន​ការ​គាំ​ទ្រ​ពី​អតិថិ​ជន​ និង​រីក​ចម្រើន​ទៅ​មុខ​ជា​លំដាប់ ៕

ដកស្រង់ពីកោះសន្តិភាព

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]