ខេត្តបាត់ដំបង ៖ ជាការពិត ខ្សែជីវិតមនុស្សគ្រប់រូបតែមានលិចនិងមានអណ្តែត ជាក់ស្តែង ក្រឡេកមកមើលជីវិតអ្នកចម្រៀងម្នាក់ ដែលធ្លាប់ប្រឡងជាប់បានលេខ១ គិតទៅរយៈពេល៣៨ឆ្នាំមកនេះ គឺបានបន្សល់ទុកតែបន្ទុកនៃការលំបាកក្នុងក្រុមគ្រួសារ ប៉ុន្តែទោះបីយ៉ាងណាក៏មិនដល់ថ្នាក់ដាច់ពោះស្លាប់ដែរ ។ នេះជាពាក្យសម្តីអ្នកស្រី ឡឹម វណ្ណារី អាយុ៥៨ឆ្នាំ បច្ចុប្បន្នកំពុងរស់នៅភូមិសុភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ជាអ្នកចម្រៀងប្រឡងជាប់លេខ១ មេដាយមាសនៅក្រុងភ្នំពេញតាំងពីឆ្នាំ១៩៨១ មកម្ល៉េះ ដែលជារៀមច្បងរបស់អ្នកស្រីឆោម ឆវិន និងជាដៃគូចម្រៀង ជាមួយគ្នាតាំងពីឆ្នាំ១៩៨២ មក ដែលមានដើមកំណើតនៅខេត្តបាត់ដំបង ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជួបជាមួយកោះសន្តិភាពនៅក្នុងផ្ទះរបស់អ្នកស្រី កាលពីវេលាល្ងាចថ្ងៃទី១៩ សីហា ឡឹម វណ្ណារី បានថ្លែងថា ខ្ញុំមានចិត្តរំភើប ដែលបានមកដល់ផ្ទះរបស់ខ្ញុំ ហើយក៏មានការខ្មាស់អៀនផងដែរ ព្រោះបានមកឃើញផ្ទាល់ជាជីវិតពិត ដែលខ្ញុំកំពុងរស់នៅជាមួយចៅប្រុស២នាក់ ដែលម្តាយគេ(កូនស្រីគាត់)បានចេញទៅរកស៊ីលក់ដូរនៅខាងក្រៅបាត់ ។ ពិតមែនតែផ្ទះមិនបានសមរម្យដូចគេដូចឯង តែនេះជាកម្មផលដែលអ្នកស្រីបានជួប ហើយកំពុងផ្សែផ្សំលុយកាក់ដែលខ្លួនមានសម្រាប់តែមួយរស់ៗរៀងរាលថ្ងៃនេះ ដាច់ចិត្តលើកផ្ទះឲ្យបានផុតពីទឹកជំនន់ថ្មីៗនេះបានស្រកទៅវិញ កុំឲ្យលិចទៅថ្ងៃក្រោយទៀត តែវាជាដីទំនាប ជាប់មាត់ស្ទឹងនៅជាប់ក្បាលស្ពានថ្មថ្មី (ស្ពានឧត្តរៈ) ដែលកំពស់ថ្នល់ផុតពីទឹកមានរហូតទៅដល់២ម៉ែត្រឯណោះ។
អ្នកស្រីបន្តថា យ៉ាងហោចណាស់ កុំតែបានតួផ្ទះផុតទឹកពេលទឹកឡើង ទុកគ្រាន់បានទុកដាក់ខោអាវ ឥវ៉ាន់ និងសម្រាកពេលយប់ខ្លះដែរ ។ កោះសន្តិភាពក៏បានបង្វែរអារម្មណ៍ខ្លះៗ ដើម្បីចង់ដឹងពីមូលហេតុអ្វីបានជាអ្នកចម្រៀងដែលល្បីខ្លាំងក្នុងប្រទេសកម្ពុជា កាលពីជាង៣០ឆ្នាំមុន បានមករស់នៅរបៀបដូច្នេះទៅវិញ ?
អ្នកស្រីងាកមុខចេញ ព្រោះចង់ស្រក់ទឹកភ្នែក ព្រោះនេះជាលើកទីមួយហើយដែលមានគេមកសួរប្រវត្តខ្ញុំដូច្នេះ ខ្ញុំមិនចង់រំលឹករឿងអតីតកាលទេ ព្រោះវាបានចាក់ដោតដួងចិត្ត គ្រាំគ្រាធ្វើឲ្យជីវិតខ្ញុំបានជួបរឿងហេតុអាក្រក់ ទើបវិលមករកស្រុកកំណើតរបស់ខ្លួនវិញ ។ អ្នកស្រីបានបញ្ជាក់ថា ក្រោយពីពេលប្រឡងជាប់លេខ១ ទទួលពានមាសផ្នែកចំរៀងនៅភ្នំពេញក្នុងឆ្នាំ១៩៨១ ជាមួយលោកហូ ឡាវី, លោកលី រតនា និងលោកសុខ សំអុល រួចមក ដែលមានលោក ម៉ា សំកុល ជាប្រធានឃោសនាការខេត្តបាត់ដំបង លោកមុំ ក្រាត ជាអនុប្រធាន បានលើកស្ទួយវិស័យសិល្បៈបន្ថែមទៀត ដោយទទួលយកអ្នកស្រីមកច្រៀងនៅក្នុងអង្គភាពរដ្ឋ ហើយត្រូវបានបញ្ចូលក្នុងក្របខណ្ឌរដ្ឋនៅឆ្នាំ១៩៨៣ ជាមួយក្រុមតន្ត្រីករដែលមានលោកគឹម ឈន, លោកកៅ លឹមហ៊ាង, លោកខ្ចៅ ពេជ្រ, លោកមឿន ឆៃ, លោកប្រាក់ ប៊ុនថន, លោកកែវ សំអាត, លោកម៉ាង ឈួម ដែលមានដៃគូរចម្រៀងជាមួយអ្នកស្រីឆោម ឆវិន អ្នកស្រីសៀង គឹមយេង អ្នកស្រី ពេញ សុធារី លោក រ៉ម រ៉ើន លោកម៉ែន សាឌឿន លោកហូយ កុសល ។ល។
ក្រោយពេលប្រឡងជាប់ រៀបជាក្រុមតន្ត្រីឃោសនាកាដែលបានទិញគ្រឿងឧបករណ៍ភ្លេងថ្មីមួយឈុត តម្លៃ៤៨តម្លឹងមាស ដើម្បីរៀបចំតែងបទ ថតចម្រៀង និងចេញសម្តែងនៅពេលរដ្ឋមានកម្មវិធីធំៗ និងបុណ្យផ្សេងៗគ្រប់ទីកន្លែង ដោយគ្រាន់តែអ្នកស្រីម្នាក់ឯង អាចថតចម្រៀងបានជា១០០បទក្នុងពេលនោះ បទដែលល្បីជាងគេ គឺបទដើមត្នោត បទអាងទំនប់ទឹកកំពីងពួយ បទឧក្រិដ្ឋកម្មឯកភ្នំ បទលក់ស្រូវជូរដ្ឋ បទថ្ងៃរំដោះ៧មករា (ច្រើនទៀត) ដែលតែងនិពន្វ ប្រគុំតន្ត្រី និងច្រៀង ដោយក្រុមឃោសនាកាខេត្តដែលបានរៀបរាប់រឿងពិតៗកំពុងមាននៅប៉ែកបាត់ដំបង ផ្នែកទារុណកម្ម ទីកន្លែងសម្លាប់មនុស្ស អំពើពិឃាតដែលបានងើបចេញពីបនប្រល័យពូជសាសន៍រួចមកធ្វើឲ្យល្បីសុះសាយពេញប្រទេសកម្ពុជា ដោយមានការកើតសរសើរទទួលស្គាល់ពីសម្តេចទាំង៣ និងលោកជំទាវ សំខាន់ថ្នាក់ដឹកនាំសំខាន់ៗដែលបានដឹងរឿងពិត ប្រវត្តពិតដែលបានរៀបរាប់ក្នុងបទចម្រៀងនោះ គឺជារឿងពិតរបស់ប្រជាជនកម្ពុជាទាំងអស់ ។
ដោយឡែកមួយទៀត អ្នកស្រីត្រូវបានជួបគ្នាជាប្តីប្រពន្ធជាមួយលោកប្រាក់ ប៊ុនថន នៅឆ្នាំ១៩៨២ មានកូន៤នាក់ (ប្រុស១ ស្រី៣) បានស្វែងរកកន្លែងមានអនាគត់នៅក្រុងភ្នំពេញនៅឆ្នាំ១៩៨៧ អ្នកស្រីបានទៅច្រៀងនៅកាំបូតឌីយ៉ាណាអ៊ីង និងលោកប្រាក់ ប៊ុនថន(ប្តី)ជាតន្ត្រីករ បានចេញជួយរកចំណូលចីញ្ចឹមកូនដូចគ្នា តែអកុសលចេះតែមានរឿងរកាំរកូសដោយប្តីលួចមានស្រីថ្មី តែងតែរករឿងនៅពេលមកផ្ទះវិញរហូត ដល់នៅជាមួយគ្នាលែងចុះ និងនៅឆ្នាំ១៩៨៧បង្ខំចិត្តត្រូវរៀបចំចេញទៅច្រៀងនៅប្រទេសក្រៅដែលកំពុងត្រូវការ តែប្តីតាមគំរាមរករឿងរហូត ទើបនៅឆ្នាំ១៩៩៣ ក៏សម្រេចចិត្តបែកគ្នាដោយអ្នកស្រីតស៊ូរស់នៅក្រុងភ្នំពេញមិនបានជាច្រើនឆ្នាំកន្លងមក ទើបសម្រេចចិត្តត្រឡប់មករស់នៅក្នុងស្រុកកំណើតវិញទាំងក្តីអស់សង្ឃឹមក្នុងដួងចិត្តគ្រាំគ្រាជាប់ជាប្រចាំ ។
នៅពេលមករស់នៅបាត់ដំបងវិញ ដោយចាប់ផ្តើមសារជាថ្មី ដែលកូនៗបានបែកគ្នា កូនប្រុសបងគេត្រូវរស់នៅជាមួយប្រពន្ធនៅកៀនស្វាយ កូនស្រី២នាក់នៅក្នុងបន្ទុកនៅបាត់ដំបង ចំណែកកូនប្រុសពៅបានទៅរកការងារធ្វើនៅស្រុកថៃ បន្ទុកទាំងអស់ត្រូវធ្លាក់នៅលើខ្លួនឯងជាអ្នកកាច់ចង្កូត ហើយក៏សម្រេចចិត្តថា ឈប់ប្រកបមុខរបរចម្រៀងតាំងពីឆ្នាំ២០១៦ ដោយមានមូលហេតុច្រើន ណាមួយគ្រាំគ្រាផ្លូវចិត្តដល់សព្វថ្ងៃ ណាមួយខ្លួនកាន់តែចាស់ដែលកំពុងមានរលកក្រោយបានរុញរលកមុខ ហើយពេលនេះគេមិនសូវគាំទ្របទចាស់ពីដើមទេ គឺមានតែក្មេងៗស្រករក្រោយបានមកសុំតែខ្លឹមសារ និងស៊ីឌី(ឌីស) ដែលមានសល់ខ្លះៗបទខ្លួនឯងធ្លាប់ច្រៀងនោះយកទៅច្រៀងថតសារថ្មីដោយខ្លួនឯងខុសពីលក្ខណៈដើមដោយគ្មានការទទួលខុសត្រូវឡើយ ។
អ្នកស្រីបានសំណូមពរទៅដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានបទល្បីៗជំនាន់រដ្ឋកម្ពុជាច្រើនណាស់ ដែលគេបានយកទៅក្រឡៃខុសដែលជាកម្មសិទ្ធបញ្ញាខូចគុណភាពបាត់បង់ប្រវត្តិសាស្ត្រខ្លឹមសារក្នុងបទចម្រៀងបានរៀបរាប់រឿងពិតកំពុងតែបាត់បង់ទៅស្ទើរតែទាំងស្រុងទៅហើយ ដោយគ្មានវិធានការណាមួយបានទប់ស្កាត់ និងជួយថែរក្សាសោះ ។ ចំពោះការស្នងវិស័យសិល្បៈ ចំពោះកូនៗអ្នកស្រីដូចជាគ្មាននិស្ស័យទេ មានតែក្មួយស្រីម្នាក់នៅស្រុកសំឡូត ធ្វើចំការ មានសម្លេងល្អ ចេះប្រើសម្លេង ត្រឹមត្រូវតាមចង្វាក់ភ្លេង អ្នកស្រីចង់បណ្តុះបណ្តាលបន្ថែមទៀត តែឪពុកគេមិនអនុញ្ញាតសុខចិត្តឲ្យកូនធ្វើចំការព្រោះខ្លាចកូនខូចអនាគត់ ។
សព្វថ្ងៃអ្នកស្រីឡឹម វណ្ណារី កំពុងរស់នៅជាមួយកូនស្រី ដោយមើលថែចៅឲ្យកូន ហើយកំពុងផ្សែផ្សំលុយមិនបាន១ពាន់ដុល្លាផង យកមកលើកផ្ទះឲ្យផុតពីទឹកបន្តិចនៅពេលទឹកឡើង ហើយបានទៅចងការខ្ចីធនាគារបន្ថែមចំនួន១លានកន្លះដើម្បីផ្សំឈើចាស់ៗរៀបចំទ្រនំជាមុនសិន៕
ប្រភព៖ កោះសន្តិភាព