រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា រថយន្តមួយគ្រឿងត្រូវជនមិនស្គាល់មុខបើកយកមកចតទុកចោលនៅខាងមុខស្ថានទូតឥណ្ឌូនេស៊ី តាំងពីប្រមាណជាជាង១១យប់ថ្ងៃទី១៧ សីហាមកម្ល៉េះ លុះដល់ព្រឹកឡើងនៅតែមិនឃើញមានអ្នកណាម្នាក់មកយកទៅវិញ ទើបបុគ្គលិកស្ថានទូតរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកមើលពិនិត្យ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ នៅចំណុចចំចតរថយន្តខាងមុខស្ថានទូត ឥណ្ឌូនេស៊ី ផ្លូវលេខ៤៦៦ (ខាងជើងរបងក្រសួងមហាផ្ទៃ) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា រថយន្តមួយគ្រឿងដែលគេបើកយកមកចតទុកចោលនេះ គឺម៉ាកព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ២AD-៥៣៩០ ត្រូវបានជនមិនស្គាល់មុខបើកយកមកចតទុកចោលនៅក្នុងចំណតរថយន្តរបស់ស្ថានទូត តាំងពីម៉ោងប្រមាណជា១១យប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩មកម្លេះ។
ប្រភពដដែលបន្តថា មុនកើតហេតុ ក្រុមសន្តិសុខយាមនៅស្ថានទូតបាននាំគ្នាដេកលក់មួយភាំង លុះដឹងខ្លួនឡើងក៏ស្រាប់តែប្រទះឃើញរថយន្តម៉ាកព្រុសមួយគ្រឿងចតទុកចោលនៅក្នុងចំណតរថយន្តមួយកន្លែងនៅខាងមុខស្ថានទូតបាត់ទៅហើយ ដោយមិនមានអ្នកណាម្នាក់បានដឹងថា ជារបស់អ្នកណាម្នាក់ឡើយ។ លុះរហូតដល់ម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៨ សីហានេះ នៅតែមិនទាន់ឃើញម្ចាស់មកបើកយករថយន្តមួយគ្រឿងនេះយកទៅវិញនោះទេ។
ប្រភពដដែលបន្តទៀតថា ក្រោយមកទើបបុគ្គលិករបស់ស្ថានទូតឥណ្ឌូនេស៊ី បានរាយការណ៍ទៅប្រាប់កម្លាំងសមត្ថកិច្ចមូលដ្ឋានឱ្យបានដឹងពីរឿងនេះ ដើម្បីចុះអន្តរាគមន៍ធ្វើការត្រួតពិនិត្យ ព្រោះក្រែងលោមានជាប់ពាក់ព័ន្ធទៅនឹងករណីល្មើសអ្វីមួយ។ ក្នុងពេលនោះដែរ កម្លាំងសមត្ថកិច្ចក៏បានធ្វើការត្រួតពិនិត្យមើលទៅខាងក្នុងរថយន្តនោះ មានដែកកេះ និងបារីជាច្រើនសុង ដោយនាំគ្នាសង្ស័យថា «រថយន្ត១គ្រឿងខាងលើនេះ ទំនងជារបស់ជនជាតិចិន» ហើយក៏មិនមានអ្នកណាម្នាក់បានដឹងថា បើកមកពីទីណា និងយកមកចតទុកចោលនៅក្នុងចំណតរថយន្តខាងមុខស្ថានទូតនេះតាំងពីពេលណាននោះដែរ?
ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋានខណ្ឌចំការមន ក៏បានចុះមកដល់ខាងមុខស្ថានទូតឥណ្ឌូនេស៊ីខាងលើ ធ្វើការត្រួតពិនិត្យទៅលើរថយន្តម៉ាកព្រុសមួយគ្រឿងនោះ ដោយឃើញមានតែដេកកេះ និងបារីជាច្រើនសុងនៅខាងក្នុងរថយន្តនោះ ក៏បានហៅរថយន្តស្ទូចមកស្ទូចយកមួយគ្រឿងនេះយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌចំការមន និងធ្វើការស្រាវជ្រាវរកម្ចាស់ ដើម្បីសួរនាំឱ្យដឹងរឿងជាបន្តទៅទៀតផងដែរ។ (កែសម្រួលដោយ ៖ បុប្ផា)
ប្រភព៖ កោះសន្តិភាព