(រាជធានីភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានស្នើដល់ភាគីជប៉ុនជួយអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជាបន្ថែមទៀត ពិសេសគឺតាមរយៈការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗ លើការបង្កើតតំបន់ទេសចរណ៍សម្រាប់ទេសចរចូលនិវត្ត ក៏ដូចជាការជួយកសាងផ្លូវចំនួនចូលទៅកាន់សហគមន៍ទេសចរណ៍សំខាន់ៗផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការស្នើនេះធ្វើឡើងតាមរយៈលោក Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុននៅកម្ពុជាចប់អាណត្តិ នាឱកាសដែលឯកឧត្តមអគ្គរាជទូតជួបជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន នៅទីស្ដីការក្រសួងទេសចរណ៍ កាលពីថ្ងៃ១២ ខែសីហា ឆ្នាំ២០១៩ ។
លោក ថោង ខុន បានលើកឡើងពីការរីកចម្រើនមួយចំនួនលើវិស័យទេសចរណ៍ ក្រោមកិច្ចសហប្រតិបត្តិការល្អជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជា ក៏ដូចជាជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុនផងដែរ ក្នុងនោះ នៅក្នុងឆ្នាំ២០១៨ ក្នុងចំណោម ០៦ គំរោងវិនិយោគរបស់ជប៉ុន គឺមាន ០២គំរោង វិនិយោគលើវិស័យទេសចរណ៍ ដែលមានទុនវិនិយោគដល់ជាង ៨០០លានដុល្លារអាមេរិក។ ដោយឡែកចំនួនទេសចរជប៉ុនដែលមកទស្សនាកម្ពុជាក៏នៅតែមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ ជាកស្តែងក្នុងឆ្នាំ២០១៨ មានចំនួនជាង ២១ម៉ឺននាក់ ក្នុងកំណើនជាង៣.៥% ហើយក្នុងរយៈពេល ០៦ខែ ដើមឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរជប៉ុនជាង ១០ម៉ឺននាក់ ក្នុងកំណើន ៣%។ ព្រមជាមួយនោះកាលឆ្នាំ២០១៨ កន្លងមក ក៏មានទេសចរកម្ពុជាជាង ២២.០០០នាក់ បានទៅទស្សនាប្រទេសជប៉ុនផងដែរ។ បច្ចប្បន្ននៅភ្នំពេញ មានសណ្ឋាគារដែលវិនិយោគដោយជប៉ុនចំនួន ០៩ ដែលមានសរុបជិត ១.០០០ បន្ទប់ មានភោជនីយដ្ឋានចំនួន ៥៦ ដែលមានជាង ៣.៣០០ កៅអី ផងដែរ។
លោក ថោង ខុន ក៏បានរំលឹកពីការជួយជ្រោមជ្រែងពីសំណាក់មិត្ត ជប៉ុន ក្នុងកិច្ចការអភិរក្សតំបន់បេតិកភណ្ឌអង្គរ ក្នុងនាមជាសហប្រធានគណៈកម្មាធិការអន្តរជាតិ ICC-Angkor ជាមួយបារាំង និងបច្ចប្បន្ននៅតំបន់ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំផងដែរ ដែលក្រសួងទេសចរណ៍បាននិងកំពុងបន្តកិច្ចសហការជាមួយអាជ្ញាធរ អប្សរា អាជ្ញាធរសំបូរព្រៃគុក ក្រសួងវប្បធម៌ និង ICC អង្គរ ដើម្បីនិរន្តរភាពនៃការអភិវឌ្ឍន័តំបន់បិតិកភណ្ឌទាំងពីរនេះ។
ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា និងជប៉ុនឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ឯកឧត្តមឯកអគ្គរាជទូតជប៉ុនបានបញ្ជាក់ថា រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅតែបន្តកិច្ចសហប្រតិបត្តិការលើវិស័យនេះជាមួយកម្ពុជាបន្តទៅទៀត ទោះបីថាឯកឧត្តមបានត្រូវចប់អាណត្តិបេសកកម្ម ទៅហើយក្ដី។ បន្ថែមពីលើនេះ លោក ថោង ខុន ក៏បានស្នើតាមរយៈ ឯកអគ្គរាជទូតជប៉ុនទៅកាន់រដ្ឋាភិបាល និងវិនិយោគិនជប៉ុន «សូមជួយបង្កើនការវិនិយោគបន្ថែមទៀតនៅកម្ពុជា ដូចជាការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ការវិនិយោគលើការបង្កើតតំបន់ទេសចរណ៍ថ្មីៗ ពិសេសសម្រាប់ទេសចរជប៉ុនដែលកំពុងមានការចូលនិវត្តន៍ច្រើន ហើយដែលប្រទេសមួយចំនួនក្នុងអាស៊ាន បានអនុវត្តន៍ដោយជោគជ័យកន្លងមក ដូចជានៅប្រទេសម៉ាឡេស៊ី និងថៃជាដើម និងក៏អាចលើផ្នែកមួយចំនួនទៀតដែលជប៉ុនគិតថាអាចវិនិយោគទៅបាន ហើយរាជរដ្ឋាភិបាលកម្ពុជាចាំស្វាគមន៍វិនិយោគិនជប៉ុនជានិច្ច» ។
នៅក្នុងកិច្ចប្រជុំនោះផងដែរ ភាគីកម្ពុជា ក៏បានស្នើដល់ស្ថានទូតជប៉ុនសូមបន្តជួយក្នុងការកសាងផ្លូវចូលទៅកាន់សហគមន៍ទេសចរណ៍សំខាន់ៗមួយចំនួនបន្តទៀត ដែលស្ថិតក្នុងកំរិតនៃសិទ្ធិសំរេចរបស់ស្ថានទូតផ្ទាល់ផងដែរ។
ចំពោះសំណើទាំងនេះ ត្រូវបានឯកឧត្តម ORINOUCHI ឯកអគ្គរាជទូត បានសន្យាទទួលយកទៅជម្រាបប្រាប់រដ្ឋាភិបាលរបស់លោកបន្ត។ ឯកឧត្តមឯកអគ្គរាជទូតបានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលជប៉ុននៅតែបន្តកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ក្នុងភាពជាមិត្តជិតស្និទ្ធដ៏យូរអង្វែង៕ កែសម្រួលដោយ ៖សុឃាក់