ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ដោយចង.កឈរជើងដល់ការ៉ូ បង្កឱ្យមានការភ្ញាក់ផ្អើលលើអគារការដ្ឋានសំណង់មួយកន្លែង នៅជាន់ទី1 ក្នុងទឹកដីកាស៊ីណូ ស្ថិតក្នុងភូមិក្បាលស្ពាន01 សង្កាត់និងក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃទី15 ខែសីហា ឆ្នាំ2019នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើនេះ គេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយត្រូវគេប្រទះឃើញស្លាប់ដោយចង.កនឹងអាវដៃវែង ពណ៌ក្រហមទៅនឹងជើងរន្ទា តែជើង ឈរដល់ការ៉ូ។
តាមកម្មករដែលធ្វើការនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា គ្មាននរណាដឹងពីមូលហេតុនិងដឹងពីអត្តសញ្ញាណជនរងគ្រោះឡើយ ហើយជនរងគ្រោះក៏មិនមែនជាកម្មករដែលធ្វើការជាមួយពួកគេផងដែរ។
ក្រុមកម្មករបានប្រាប់បន្តថា នៅជាន់ទី01ថ្ងៃនេះ គ្មានកម្មករធ្វើការនោះទេ ព្រោះម្នាក់ៗរវល់នាំគ្នាទៅធ្វើនៅផ្នែកខាងក្រោម ហើយជនរងគ្រោះនេះ ដែលត្រូវប្រទះឃើញ ខណៈដែលជាងកាត់ដែកម្នាក់ពេលឡើងទៅទីនោះ ក៏ប្រទះឃើញតែម្តង ទើបបង្កឱ្យមានការភ្ញាក់ផ្អើល។
ចំណែកអ្នកឃើញហេតុការណ៍ខ្លះនិយាយបែបមន្ទិលថា មិនគួរសោះ ព្រោះជនរងគ្រោះឈរជើងដល់ការ៉ូ ហេតុអ្វីក៏ជនរងគ្រោះចង.កស្លាប់បែបនេះ។
យ៉ាងណាក៏ដោយពេលនេះ ខាងកាស៊ីណូបានទាក់ទងទៅសមត្ថកិច្ចជំនាញពាក់ព័ន្ធដើម្បីចុះត្រួតពិនិត្យកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យលើសាកសពហើយ។ ដូច្នេះបើសិនជាមានបងប្អូនណាបាត់សមាជិក សូមទៅកន្លែងកើតហេតុ៕
ប្រភព៖ កោះសន្តិភាព