តោះ!! មកស្គាល់កីឡាករ ៥ រូបដែល Man City ទិញចូល មានកំណត់ត្រាអាក្រក់បំផុត

//s6.kh1.co/23/23b48537d713255ef803b8802a10f347b061da4d.jpg
កីទ្បា

 ១៤-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ ក្លិបមេឃខៀវ Manchester City បានចំណាយទំហំទឹកប្រាក់អស់ប្រមាណជា ១ពាន់លានផោន ក្នុងរយៈពេលមួយទសវត្សន៍មកនេះ សម្រាប់ការទិញចូលកីឡាករថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ក៏មានកីឡាករខ្លះបង្ហាញទម្រង់លេងបានល្អ សមទៅនឹងតម្លៃខ្លួន រីឯកីឡាករមួយចំនួនទៀត ក៏មិនអាចបង្ហាញទម្រង់លេងបានល្អ ឲ្យសមទៅនឹងតម្លៃខ្លួនផងដែរ។

តោះមកស្គាល់កីឡាករ ៥រូបដែល Man City ទិញចូល ប៉ុន្តែមិនអាចបង្ហាញទម្រង់លេង ពោលគឺបានសាងកំណត់ត្រាអាក្រក់បំផុតសម្រាប់ក្លិបមានមូលដ្ឋាននៅទីក្រុង Manchester មួយនេះ៖

១. Eliaquim Mangala

កីឡាករ Eliaquim Mangala
កីឡាករ Eliaquim Mangala

កីឡាករសញ្ជាតិបារាំងរូបនេះ បានក្លាយខ្លួនជាខ្សែការពារថ្លៃជាងគេបំផុតនៅអង់គ្លេសកាលពីឆ្នាំ ២០១៤ ក្រោយផ្លាស់មកពីក្លិប FC Porto ក្នុងតម្លៃខ្លួន ៤២លានផោន។ ៥ឆ្នាំជាមួយ Man City កីឡាករវ័យ ២៨ឆ្នាំរូបនេះ ចូលលេងបានត្រឹម ៥៧ប្រកួតប៉ុណ្ណោះ និងត្រូវ Man City ដាក់ឲ្យខ្ចីជើងទៅ Valencia (2016-2017) និង Everton (2018) មុននឹងទៅចូលរួមជាផ្លូវការជាមួយ Valencia កាលពីពេលថ្មីៗនេះ។

២. Jack Rodwell

កីឡាករ Jack Rodwell
កីឡាករ Jack Rodwell

Rodwell បង្ហាញការលេងបានយ៉ាងល្អជាមួយ Everton ដោយបានទាក់ទាញក្លិប Manchester City ទិញយករូបគេមកកាន់កីឡដ្ឋាន Etihad Stadium ក្នុងឆ្នាំ ២០១២ ជាមួយតម្លៃខ្លួន ១២លានផោន។ យ៉ាងណាមិញ Rodwell មិនអាចប្រជែងកន្លែងលេងនៅ Man City បាននោះទេ ដោយសារតែពេលនោះតំបន់បម្រើកណ្ដាលរបស់មេឃខៀវមានសុទ្ធសឹងតែជាកីឡាករល្អៗដូចជា Gareth Barry, David Silva, James Milner, Yaya Toure និង Samir Nasri ជាដើម។ ជាលទ្ធផល Rodwell បានចាកចេញពី Man City ក្រោយចំណាយពេល ២ឆ្នាំ ក្នុងការបង្ហាញខ្លួនបានត្រឹម ២៥ប្រកួតប៉ុណ្ណោះ។

៣. Jerome Boateng

កីឡាករ Jerome Boateng
កីឡាករ Jerome Boateng

Boateng បានមកចូលរួមជាមួយ Man City ក្នុងឆ្នាំ ២០១០ ក្រោយចាកចេញពីក្លិបនៅអាល្លឺម៉ង់ Hamburg SV អមដោយតម្លៃខ្លួនមកចូលរួមនៅទឹកដីអង់គ្លេសគឺ ១០លានផោន។ អ្វីៗខុសពីការរំពឹងទុក វត្តមានរបស់ Boateng នៅ Man City មិនសមប្រកបនោះទេ ដោយរយៈពេលមួយរដូវកាលចូលលេងបានត្រឹម ១៦ដងប៉ុណ្ណោះ។ មួយរដូវកាលជាមួយមេឃខៀវ Boateng បានត្រឡប់ទៅទឹកដីអាល្លឺម៉ង់វិញ ដោយទៅចូលរួមជាមួយក្លិប Bayern Munich ជាទីដែលគេបានឈ្នះ UEFA Champions League ម្ដងនិង Bundesliga ៧ដង។ មិនត្រឹមតែប៉ុណ្ណោះ Boateng ក៏ជាកាតាលីករមួយដែលជួយឲ្យក្រុមជម្រើសជាតិឥន្ទ្រីដែកអាល្លឺម៉ង់ ក្លាយជាម្ចាស់ជើងឯក FIFA World Cup 2014 នៅប្រទេសប្រេស៊ីលផងដែរ។

៤. Jo

កីឡាករ JO
កីឡាករ JO

ខ្សែប្រយុទ្ធដែលកំពុងប្រកបអាជីពក្នុងប្រទេសជប៉ុន Jo បានមកចូលរួមជាមួយ Man City កាលពីឆ្នាំ ២០០៨ ក្រោយពីរូបគេបានក្លាយជាកំពូលខ្សែប្រយុទ្ធមួយរូបក្នុងលីគកំពូលរបស់ប្រទេសរុស្ស៊ី។​ យ៉ាងណាមិញ ខ្សែប្រយុទ្ធដែល Man City ចំណាយលុយ ១៩លានផោនទិញចូលរូបនេះ មិនអាចបង្ហាញទម្រង់លេងដូចកាលពីនៅរុស្ស៊ីនោះទេ នឹងត្រូវ Man City ដាក់ឲ្យ Everton និង Galatasary ខ្ចីជើង មុនពេលដែលចាកចេញជាផ្លូវការក្នុងឆ្នាំ ២០១១។

៥. Wilfried Bony

កីឡាករ Wilfried Bony
កីឡាករ Wilfried Bony

១០គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប ៤៦ប្រកួត និងតែ ៦គ្រាប់ក្នុងការប្រកួតលីគ គឺជាកំណត់ត្រាមួយដ៏អាក្រក់សម្រាប់ខ្សែប្រយុទ្ធ។ Bony ត្រូវបាន Man City ទិញពី Swansea កាលពីឆ្នាំ២០១៤ ក្នុងតម្លៃខ្លួន ២៥លានផោន។ ប៉ុន្តែក្រោយការបង្ហាញទម្រង់នៃការលេងមិនដូចអ្វីដែលចង់បាន Man City ខ្សែប្រយុទ្ធស្បែកខ្មៅរូបនេះបានត្រឡប់ទៅចូលរួមជាមួយ Swansea វិញក្នុងឆ្នាំ២០១៦៕

ប្រភព៖ The Sun

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T