សម្រាលកូនដោយវះកាត់ ម៉ាក់ៗមិនព្រួយរឿងឈឺពោះមែន តែជួបបញ្ហាទាំងនេះ!

//s6.kh1.co/e6/e6df083eb47588f5fd383c5e524a3b1f68b1911d.jpg
នារី

 ១៤-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ការសម្រាលកូន​ដោយ​វះកាត់ លុះត្រា​តែ​ការ​សម្រាល​កូន​ដោយ​ធម្មជាតិ​ទៅ​មិន​រួច ឬសម្រាល​មាន​ឧបសគ្គ ទើប​គ្រូពេទ្យ​តម្រូវ​ឲ្យ​វះកាត់ តែ​បច្ចុប្បន្ន​មាន​ម៉ាក់ៗ​មួយ​ចំនួន​តូច​ជ្រើស​រើស​យក​វិធី​នេះ ព្រោះ​តែ​មិន​ចង់​ឈឺ​ចាប់​ពេល​ឈឺ​ពោះ​រយៈពេល​យូរ ឬ​ចង់​បាន​ថ្ងៃ​កើត​កូន​ចំ​ហុងសុ៊យ​ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុអ្វី​បាន​ជា​គ្រូពេទ្យ​លើក​ទឹក​ចិត្ត​ឲ្យ​ស្រីៗ​យើង​សម្រាល​ដោយ​ធម្មជាតិ? តើ​ការ​សម្រាល​កូន​ដោយ​វះកាត់​អាច​ជួប​ផល​វិបាក​អ្វីខ្លះ?

បើ​តាម​ការ​រៀបរាប់​របស់​លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ការ​សម្រាល​ដោយ​ធម្មជាតិ​ល្អ ព្រោះ​កាលណា​យើង​កើត​កូន​ដោយ​សុវត្ថិភាពតែ​ប៉ុន្មាន​ម៉ោង ឬ​យ៉ាង​យូរ​១​ថ្ងៃ ស្រីៗ​មួយ​ចំនួន​អាច​ដើរ​បាន ធ្វើ​សកម្មភាព​បាន មាន​ន័យថា​សុខភាព​ម៉ាក់ៗ​ឆាប់​ត្រឡប់​មក​សភាព​ដើម​វិញ។

លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ថ្វីត្បិត​តែ​ការ​សម្រាល​ដោយ​វះកាត់ ស្រីៗ​មិន​ព្រួយ​រឿង​ឈឺ​ពោះ​ពេល​សម្រាល​ក្តី តែ​ត្រូវ​ប្រឈម​នឹង​ផល​ប៉ះពាល់​ច្រើន ជាង​ការ​សម្រាល​តាម​ធម្មជាតិ ដែល​មាន​ប្រមាណ​ជា ១០-១៥% នៃ​ស្រីៗ​ដែល​សម្រាល​កូន​ដោយ​វះកាត់​នឹង​ជួប​ផល​វិបាក​ដូច​ខាង​ក្រោមនេះ៖
– ធ្លាក់ឈាមច្រើនក្រោយសម្រាល
– ឆ្លងរោគ
– ខ្សោយស្បូន
– សុកចាក់ចូលជញ្ជាំងស្បូន
– ត្រូវ​ចាក់​ថ្នាំ​សណ្តំ ដែល​អាច​ឲ្យ​ឈឺ​ក្បាល​រ៉ាំរ៉ៃ
– ត្រូវ​សម្រាល​ពេទ្យ​យូរ ទម្រាំ​មុខ​របួស​ធូរស្រាល
– ស្លេក​ស្លាំង ព្រោះ​បាត់បង់​ឈាម​ច្រើន
– អាច​វះកាត់​កូន​ក្រោយៗ​ទៀត
– មានស្នាមនៅលើពោះ។

ករណី​ណា​ខ្លះ​ត្រូវ​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​សម្រាល​កូន​ដោយ​វះកាត់?

ការ​វះកាត់​ធ្វើ​ឡើងនៅ​ពេល​ដែល​ម៉ាក់ៗ​មាន​បញ្ហា​សុខភាព និង​បញ្ហា​ប្រឈម​ណា​មួយ មិន​អាច​សម្រាល​​តាម​ធម្មជាតិ​បាន​ប៉ុណ្ណោះ។ ការ​សម្រាល​កូន​ដោយ​វះកាត់​នេះ ​គឺ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ទាំង​ម្តាយ​ទាំង​កូន ក្នុង​លក្ខខណ្ឌ​មួយ​ចំនួន​ដូច​រៀបរាប់​ខាង​ក្រោម៖
– កូនទទឹងពោះ
– កូនមិនបង្វិលក្បាលចុះក្រោម
– សុកពាំងមាត់ស្បូន
– រហែកស្បូន
– សុខភាពម្តាយ ឬកូនខ្សោយខ្លាំង
– ម្តាយមានធ្លាក់ឈាមច្រើន
– បែកទឹកភ្លោះយូរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T